ដោយធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេហ័យ ទ្រុង បានអះអាងថា ដំណើរទស្សនកិច្ចនេះបានបង្កើត និងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍថ្មីៗ នៅក្នុងទំនាក់ទំនងនយោបាយ ព្រមទាំងបើកឱកាសកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាដៃគូអឺរ៉ុបរបស់ខ្លួន។
យោងតាមលោករដ្ឋមន្ត្រី ឡេហ័យ ទ្រុង ដំណើរទស្សនកិច្ចការងារនេះ មានអត្ថន័យសំខាន់យ៉ាងខ្លាំង ដោយបង្ហាញពីការគោរពរបស់វៀតណាមចំពោះដៃគូអឺរ៉ុប និងការគោរពដែលដៃគូរបស់ខ្លួនមានចំពោះវៀតណាម; រួមចំណែក ពង្រីកបណ្តាញដៃគូដែលអាចទុកចិត្តបាន និងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបទាំងកម្រិតទ្វេភាគី និងកម្រិតតំបន់។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមិទ្ធផលគួរឱ្យកត់សម្គាល់មួយគឺការដែលវៀតណាម និងដាណឺម៉ាកបានលើកកម្ពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយមានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាសសរស្តម្ភសំខាន់ៗ។ ជាមួយសហភាពអឺរ៉ុប ផ្នត់គំនិតសហប្រតិបត្តិការបានបើកទូលាយ ដោយមានគោលបំណងភ្ជាប់ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងអាជីវកម្មនានា ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា ចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់។ ជាមួយប្រទេស បែលហ្ស៊ិក ភាគីទាំងពីរបានឯកភាពគ្នាលើចក្ខុវិស័យ លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។
យោងតាមលោករដ្ឋមន្ត្រី ឡេ ហ័យ ទ្រុង ដំណើរទស្សនកិច្ចនេះក៏បានបង្កើតឱកាសបន្ថែមទៀតដើម្បីកៀរគរធនធានសម្រាប់ការអភិវឌ្ឍផងដែរ។ សាជីវកម្ម និងអាជីវកម្មអឺរ៉ុបជាច្រើនបានពិភាក្សាអំពីផែនការ និងគម្រោងដែលរំពឹងថានឹងត្រូវបានអនុវត្តនៅវៀត ណាម ដែលមានទំហំសរុបបឋមប្រហែល ២០ ពាន់លានអឺរ៉ូ។
លោករដ្ឋមន្ត្រីបានថ្លែងថា ភារកិច្ចសំខាន់បំផុតនៅក្នុងរយៈពេលខាងមុខគឺត្រូវប្រែក្លាយរាល់ការយោគយល់រួមគ្នា រាល់ការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ទៅជាកម្មវិធី គម្រោង និងផលិតផលជាក់ស្តែង។ ការផ្តល់អាទិភាពដល់វិស័យយុទ្ធសាស្ត្រដូចជាការផ្លាស់ប្តូរថាមពល ហេដ្ឋារចនាសម្ព័ន្ធបៃតង ភស្តុភារកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ តាមនោះ អភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម ជាមួយដាណឺម៉ាក សហភាពអឺរ៉ុប និងបែលហ្ស៊ិកឲ្យមានការអភិវឌ្ឍជាក់ស្តែងប្រកបដោយប្រសិទ្ធភាព៕
