នៅទីក្រុងហាណូយ មានកន្លែងមួយសម្រាប់ទទួលបានបទពិសោធន៍អំពីសិល្បៈច្នៃគ្រឿងសំរិទ្ធស្រោបកាចា ដែលតម្លៃបុរាណត្រូវបានមរតកតាមរយៈរបៀបបង្ហាញថ្មី ទំនើប និងគួរឱ្យចាប់អារម្មណ៍។ ដោយហេតុនេះរួមចំណែកដល់ការអភិរក្ស និងផ្សព្វផ្សាយទម្រង់សិល្បៈនេះ។
ក្រោមរាជវង្ស ង្វៀន (ចាប់ពីដើមសតវត្សរ៍ទី ១៩ ដល់ពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី ២០) phap lam ត្រូវបានគេស្គាល់ថា ជាទម្រង់សិល្បៈដែលផ្សាភ្ជាប់នឹងលំហរាជវាំង ដែលតម្រូវឱ្យមានបច្ចេកទេសច្នៃដ៏ស្មុគស្មាញ រួមបញ្ចូលគ្នានូវសិប្បកម្មលោហៈ ស្រោបកាចា ដោយពណ៌ចម្រុះ និងលំនាំក្បូរក្បាច់រចនាដ៏ប្រណិត។ សព្វថ្ងៃនេះ សិល្បៈ phap lam បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនដើម្បីឱ្យសមស្របទៅនឹងជីវភាពសម័យទំនើប។ នៅ Mặc Space ដែលជាហាងលក់គំនូរ phap lam ដែលផលិតដោយដៃ នៅលើវិថី Nguyen Khoai ក្នុងទីក្រុងហាណូយ សិល្បៈ phap lam ត្រូវបានបង្កើតឡើងវិញនៅក្នុងស្នាដៃសិប្បកម្មសហសម័យ ដែលទាំងជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃផង និងរួមចំណែកដល់ការអភិរក្សប្រពៃណីផង។ លោកស្រី Dao Anh Thu ម្ចាស់ហាង Mặc Space បានឲ្យដឹងថា៖
«បច្ចេកទេស phap lam បែបប្រពៃណីប្រើប្រាស់កាចាដុត និងពុម្ភសំរិទ្ធដើម្បីបង្កើតវត្ថុដូចជាថូ និងចាន។ កាលពីអតីតកាល ផលិតផលទាំងនេះត្រូវបានប្រើប្រាស់តែនៅក្នុងរាជវាំងប៉ុណ្ណោះ ដោយសារតែថ្លៃដើមផលិតកម្មខ្ពស់។ នៅ Mac Space យើងធ្វើ phap lam តាមរបៀបទំនើបជាង។ យើងមិនប្រើប្រាស់កាចាដុតទេ គឺយើងប្រើខ្សាច់ពណ៌វិញ។ ដំណើរការនេះអាចខិតជិតមនុស្សវ័យក្មេងបានច្រើនជាង ហើយអាចត្រូវបានអនុវត្តន៍ទៅលើវត្ថុផ្សេងៗ ដោយមិនចាំបាច់ប្រើពុម្ភលោហៈធាតុដូចជា phap lam បែបប្រពៃណីទេ»។
ដើម្បីបង្កើតស្នាដៃ phap lam ពេញលេញ ដំណើរការនេះទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ តាមរយៈដំណាក់កាលជាច្រើន។ ចាប់ពីការពត់ខ្សែសំរិទ្ធនីមួយៗ ការបង្កើតរូបរាង រហូតដល់ការលាបពណ៌ និងការសុក្រិតផ្ទៃ... ទាំងអស់តម្រូវឱ្យមានភាពហ្មត់ចត់ និងការអត់ធ្មត់។ មានលម្អិតមួយចំនួនហាក់ដូចជាតូចតាចណាស់ ប៉ុន្តែវាត្រូវការពេលវេលាច្រើនដើម្បីសម្រេច។
«ដំណើរការនេះរួមមានការជ្រើសរើសពុម្ភ ការពត់ខ្សែសំរិទ្ធ ការគូសរូបរាង ការពត់ខ្សែសំរិទ្ធតាមគំនូរលើពុម្ភ ការជ្រើសរើស និងចាក់ ពណ៌ចូលក្នុងចន្លោះប្រហោងដែលបង្កើតឡើងពីខ្សែសំរិទ្ធ បន្ទាប់មកលាបជ័រ ដើម្បីបង្កើតស្នាដៃសិល្បៈ phap lam ដ៏ល្អឥតខ្ចោះ។ យើងអនុវត្តន៍បច្ចេកទេសនេះទៅលើផលិតផលជាច្រើន ដូចជា ទ្រនាប់កែវ វត្ថុអនុស្សាវរីយ៍ គំនូរ ការរចនាលើពែង ទំពក់ ចង្កៀងក្បែរគ្រែ... ផលិតផលជាច្រើនអាចប្រើប្រាស់បាន»។
មិនត្រឹមតែជាគ្រឿងតុបតែងប៉ុណ្ណោះទេ ទំពក់ phap lam នៅ Mặc Space ត្រូវបានបង្កើតឡើងដើម្បីឱ្យមនុស្សម្នាក់ៗ អាចរកឃើញការរចនាដ៏សមស្របនឹងពួកគេ។ ចាប់ពីរាងផ្លិត សត្វក្រៀល ផ្កាឈូក ពពក ព្រះច័ន្ទ... រហូតដល់ការរួមផ្សំពណ៌ និងគ្រឿងបន្ថែមផ្សេងៗគ្នា... ក៏ត្រូវបានសាកល្បង ដើម្បីបង្កើតការសម្រាំងដ៏សម្បូរបែប ខណៈពេលដែលនៅតែរក្សាបាននូវលក្ខណៈតែមួយគត់នៃសិល្បៈ phap lam។
“Mac Space ផ្តោតសំខាន់លើបទពិសោធន៍របស់យុវវ័យ។ គំនូរព្រាងសម្រាប់បង្កើតស្នាដៃសិល្បៈនឹងមានលក្ខណៈសម្បូរបែប និងដង្ហើមសម័យកាលដូចជាវប្បធម៌ហាណូយ កេរ្តិ៍ដំណែល និងរមណីយដ្ឋានដ៏ស្រស់ស្អាតនៅវៀតណាម និងគំនូរប្រជាប្រិយផងដែរ”។
ស្នាដៃ phap lam មានសម្រស់បែបបុរាណ ប៉ុន្តែក៏ទំនើបមិនតិចទេ។ ស្នាដៃនីមួយៗ បង្កប់នូវការជក់ចិត្តរបស់អ្នកធ្វើ ដែលជាការរួមបញ្ចូលគ្នានៃភាពល្អិតល្អន់ក្នុងសិប្បកម្ម និងស្មារតី ច្នៃប្រឌិតដោយឥតឈប់ឈរ។
"មុខវិជ្ជានេះពិតជាថ្មី ហើយទាមទារការអត់ធ្មត់ និងភាពល្អិតល្អន់ពីអ្នកធ្វើ។ មើលពីដំបូង វាហាក់បីដូចជាមានជំហានជាច្រើនណាស់ ប៉ុន្តែពេលអ្នកធ្វើ សូមអត់ធ្មត់។ ខ្ញុំពិតជាចូលចិត្តផលិតផលដែលខ្ញុំធ្វើបានដោយខ្លួនឯង។ ផលិតផលចុងក្រោយស្រស់ស្អាតខ្លាំងណាស់ ប្រឡាក់ដោយពណ៌ខ្សាច់ និងខ្សែសំរិទ្ធ នៅពេលដែលពន្លឺព្រះអាទិត្យចែងចាំងមកលើ វាមានភាពស្រស់ស្អាតពិសេស"។
"ទោះបីជានេះជាលើកទីមួយ ដែលខ្ញុំមក Mac Space ក៏ដោយ ប៉ុន្តែមនុស្សគ្រប់គ្នានៅទីនេះបានចែករំលែកព័ត៌មានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹង Phap Lam។ នេះគឺជាទម្រង់មួយនៃបទពិសោធន៍វប្បធម៌ដ៏គួរឱ្យទាក់ទាញ។ ខ្ញុំមានកន្លែង និងពេលវេលាដើម្បីបង្កើតកាដូអនុស្សាវរីយ៍សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្ញុំ ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់"។
ពីព្រះរាជបេតិកភណ្ឌរហូតដល់ជីវភាពសហសម័យ សិល្បៈ phap lam កំពុងត្រូវបាន ជំនាន់យុវវ័យមរតកដោយក្តីស្រឡាញ់ចំពោះសិប្បកម្ម និងស្មារតីច្នៃប្រឌិត។ អាស្រ័យហេតុនេះ រួមចំណែកថែរក្សានិងផ្សព្វផ្សាយតម្លៃនៃសិល្បៈប្រពៃណីវៀតណាមនៅក្នុងចរន្តទំនើប៕
