FPT Telecom និងផលិតផលបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់

(VOVWORLD) - FPT Telecom គឺជាសហគ្រាសបច្ចេកវិទ្យាឌីជីថលមួយក្នុងចំនោមសហគ្រាសបច្ចេកវិទ្យាឌីជីថលឆ្នើមបំផុតទាំង ១០ នៅវៀតណាម។ ក្នុងខែមេសាឆ្នាំនេះ ក្នុងក្របខ័ណ្ឌនៃពានរង្វាន់ Sao Khue ឆ្នាំ ២០២៣ ផលិតផលបច្ចេកវិទ្យាចំនួន ៥ របស់ FPT Telecom ត្រូវបានបោះឆ្នោតជ្រើសរើសជា "ដំណោះស្រាយឆ្នើមនៃឧស្សាហកម្មផ្នែកទន់ និងព័ត៌មានវិទ្យាវៀតណាម" ដែលក្នុងនោះ រួមទាំង៖ ឧបករណ៍ឌិកូដ FPT Play ២០២២ តំណោះស្រាយគេហដ្ឋានឆ្លាតវៃ FPT Smart Home និង FPT Camera Play ។ ផលិតផលទាំងនេះមិនត្រឹមតែនាំមកនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីភាពច្នៃប្រឌិតរបស់ក្រុមវិស្វករព័ត៌មានវិទ្យាវៀតណាមផងដែរ។
FPT Telecom និងផលិតផលបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់ - ảnh 1ទីស្នាក់ការកណ្តាលរបស់ FPT Telecom ។ ប្រភព៖ FPT

បានបើកដំណើរការកាលពីខែកញ្ញាឆ្នាំ២០២២ ឧបករណ៍ឌិកូដ FPT Play ២០២២ របស់ FPT Telecom បានក្លាយជាផលិតផលបច្ចេកវិជ្ជាពេញនិយមនៅក្នុងប្រទេសជាបណ្តើរៗ។ នេះគឺជាឧបករណ៍ត្រួសត្រាយផ្លូវ នៅក្នុងទីផ្សារវៀតណាមដែលរួមបញ្ចូលទាំងវេទិកាបច្ចេកវិទ្យាទូរទស្សន៍ IPTV និង OTT ។ ឧបករណ៍ឌិកូដ FPT Play ២០២២ គឺជា "បេះដូង" នៃប្រព័ន្ធអេកូឡូស៊ី Smart Living ដែលរួមចំណែកដល់ការកែលម្អបទពិសោធន៍របស់អតិថិជន ការបង្កើតជីវភាពឌីជីថល និងសង្គមឌីជីថលដ៏ឆ្លាតវៃដែល FPT Telecom កំពុងសាងសង់ជាជំហានៗ។

ជាមួយនឹងជំហានលោតផ្លោះនៃមុខងារ ភាពខុសប្លែកនៃបច្ចេកវិទ្យា សមត្ថភាពរក្សាសម្ងាត់ ក៏ដូចជាសក្ដានុពលនៃការអភិវឌ្ឍនៅក្នុងទីផ្សារ ឧបករណ៍ឌិកូដ FPT Play ២០២២ បានទទួលពានរង្វាន់ Sao Khue ឆ្នាំ២០២៣  ក្នុងវិស័យ "ខ្លឹមសារឌីជីថល និងការកម្សាន្តអេឡិចត្រូនិក" ដែលរួមចំណែកបញ្ជាក់ពីឋានៈឈានមុខគេរបស់ FPT Play ក្នុងវិស័យបច្ចេកវិទ្យាទូរទស្សន៍ និងការផ្គត់ផ្គងខ្លឹមសារដែលមានកម្មសិទ្ធិបញ្ញា។ លោក Hoang Viet Anh ប្រធាន FPT Telecom បានមានប្រសាសន៍ថា៖ “ជាលើកដំបូង យើងបានបញ្ចូលឧបករណ៍ថតសំឡេង ២ ប្រភេទទៅក្នុងឧបករណ៍តែមួយ។ នេះ ជួយអតិថិជនឱ្យមានបទពិសោធន៍ប្រកបដោយភាពរលូន ជាប់លាប់ និងមានភាពសកម្មទាំងស្រុងក្នុងការជ្រើសរើសទម្រង់ណាមួយ ដែលពួកគេចង់បាន” ។

ក៏បានឈ្នះពានរង្វាន់ Sao Khue ឆ្នាំ ២០២៣ ផងដែរ ដំណោះស្រាយផ្ទះឆ្លាតវៃ FPT Smart Home ត្រូវបានផ្តល់កិត្តិយសជាដំណោះស្រាយឆ្នើមនៃឧស្សាហកម្មសូហ្វវែរ និងបច្ចេកវិទ្យាព័ត៌មានវៀតណាម។ បច្ចុប្បន្ននេះ FPT SmartHome រួមមាន៖ ឧបករណ៍បញ្ជាកណ្តាលដែលប្រើសំឡេងជាភាសាវៀតណាម FPT Play Box S ; ឧបករណ៍ចាប់សញ្ញាទ្វារ iHome; FPT camera; អំពូល ភ្លើងឆ្លាតវៃ; កុងតាក់ប៉ះ; ឧបករណ៍ចាប់សញ្ញាចលនា; សោទ្វារឆ្លាតវៃ និងឧបករណ៍ជាច្រើនទៀត។ 

ក្នុងចំណោមផលិតផលដែលធ្វើឱ្យ FPT Telecom ទទួលបានជោគជ័យនោះ FPT Camera Play ក៏ជាផលិតផលឆ្នើមរបស់ផ្នែកសូហ្វវែរ និងបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាម។ FPT Camera Play គឺជាកាមេរ៉ាសុវត្ថិភាពជំនាន់ថ្មី ដែលគាំទ្រទាំងការត្រួតពិនិត្យឆ្លាតវៃ និងបម្រើជាការតុបតែងបែបបច្ចេកវិទ្យា។ 

FPT Telecom និងផលិតផលបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់ - ảnh 2លោក Hoang Viet Anh ប្រធាន FPT Telecom។  ប្រភព៖ FPT

ផលិតផលនេះត្រូវបានបំពាក់ដោយលក្ខណៈពិសេសដូចជា៖ ការបង្វិលផ្តេក ៣៥៥ ដឺក្រេ សម្រាប់មុំមើលដ៏ទូលំទូលាយ និងការសន្ទនាពីសងខាងសម្រាប់ទំនាក់ទំនងពីចម្ងាយដ៏ងាយស្រួល និងឧបករណ៍ចាប់សញ្ញា Sony នាំមកនូវរូបភាពដែលមានគុណភាព Full HD ។ ទិន្នន័យពី Camera Play ត្រូវបានរក្សាទុកដោយសុវត្ថិភាព និងរក្សាសម្ងាត់នៅលើគ្រឹស្ថាន Cloud របស់ FPT ។ លោក Hoang Viet Anh ប្រធាន FPT Telecom បានចែករំលែកថា៖ “ការផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លា។ យើងមានគុណសម្បត្តិដែលអតិថិជនរាប់លាននាក់កំពុងប្រើប្រាស់សេវាកម្មរបស់យើង។ យើងបានយល់ដឹងពីអ្វីដែលអតិថិជនចង់បាន។ ដោយហេតុនេះ យើងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបបំផុត ដែលអាចជួយយើងបង្កើនការតភ្ជាប់ជាមួយអតិថិជន”។

ឧបករណ៍ឌិកូដ FPT Play ២០២២ ដំណោះស្រាយផ្ទះឆ្លាតវៃ FPT Smart Home និង FPT Camera Play គឺគ្រាន់តែជាផលិតផលចំនួន៣ ក្នុងចំណោមផលិតផលកម្មវិធីជាច្រើនរបស់ FPT Telecom។ ពីភាពជោគជ័យទាំងនេះ ក្នុងដំណាក់កាលបន្ទាប់ FPT Telecom នឹងជំរុញការវិនិយោគក្នុងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីពន្លឿនការអនុវត្តផលិតផលនិងសេវាកម្មឌីជីថល កែលម្អបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក និងឆ្ពោះទៅទីផ្សារបរទេស។ លោក Hoang Nam Tien អតីតប្រធាន FPT Telecom អនុប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ FPT បានមានប្រសាសន៍ថា៖ “យើងនឹងមិនត្រឹមតែនាំចេញផលិតផលដែលវៀតណាមកំពុងផលិតដូចជា៖ ទូរស័ព្ទ និងកុំព្យូទ័ររបស់ក្រុមហ៊ុនបរទេសដែលមានរោងចក្រនៅវៀតណាមប៉ុណ្ណោះទេ យើងក៏មិនត្រឹមតែនាំចេញអង្ករ បង្គា និងបន្លែបៃតងប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងធ្វើលើសពីនេះទៀត។ ខ្ញុំចង់និយាយអំពីប្រាជ្ញារបស់ប្រជាជនវៀតណាម។ យើងខ្ញុំមានក្រុមត្រួសត្រាយផ្លូវ ជាមួយអ្នកសរសេរកម្មវិធីរាប់ពាន់នាក់។ យើងនឹងយកឈ្នះលើគោលដៅវេងឆ្ងាយជាង”។

ក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើតក្រុមហ៊ុន FPT Telecom (១៩៩៧ - ២០២២ ) អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Phan Tam បានអំពាវនាវដល់ FPT Telecom និងអាជីវកម្មអ៊ីនធឺណែតផ្សេងទៀតក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ដើម្បីរួមគ្នាបង្កើតកន្លែងអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ បង្កើតឱកាសសម្រាប់ កំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាព ត្រួសត្រាយផ្លូវសម្រាប់វៀតណាមចូលក្នុងពិភពឌីជីថល។ ផលិតផលសូហ្វវែរនៃក្រុមវិស្វកម្មរបស់ FPT Telecom កំពុងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនោះ ហើយបានអះអាងពីឋានៈនៃផលិតផល MAKE IN VIET NAM នៅលើទីលានសកលបណ្តើរៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ