ប្រព័ន្ធត្រួតពិនិត្យសត្វល្អិត​ឆ្លាតវៃផ្តាច់មុខរបស់វៀតណាមឈាន​ចូលទីផ្សារជប៉ុន

(VOVWORLD) - ប្រព័ន្ធត្រួតពិនិត្យសត្វល្អិតឆ្លាតវៃ (IMS - insect monitoring system) គឺជាផលិតផលដែលត្រូវបានក្រុមហ៊ុនភាគហ៊ុន RYNAN Technologies Vietnam រចនានិងផលិតផ្តាច់មុខក្នុងប្រទេសវៀតណាម ដើម្បីដោះស្រាយការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម។ ផលិតផលនេះបានឈ្នះពានរង្វាន់ប្រាក់ Make in Vietnam ក្នុងប្រភេទផលិតផលឌីជីថលឆ្នើមក្នុងឆ្នាំ ២០២១ ហើយត្រូវបានដាក់ពង្រាយនៅក្នុងខេត្ត ក្រុង និងតំបន់ចំនួន ១៣ ទូទាំងប្រទេសវៀតណាម។

ឆ្នាំនេះ ក្រសួងកសិកម្មជប៉ុនបានអនុញ្ញាតឱ្យនាំចូលប្រព័ន្ធត្រួតពិនិត្យសត្វល្អិត របស់ RYNAN Technologies ដើម្បីតាមដាន និងព្យាករណ៍ស្ថានភាពនៃជំងឺរុក្ខជាតិលើដំណាំដាំដុះនៅក្នុងប្រទេសនេះ។

ប្រព័ន្ធត្រួតពិនិត្យសត្វល្អិត​ឆ្លាតវៃផ្តាច់មុខរបស់វៀតណាមឈាន​ចូលទីផ្សារជប៉ុន - ảnh 1វិស្វករនៃក្រុមហ៊ុន RYNAN Technologies Vietnam ពិនិត្យនិងជួសជុលស្ថានីយ៍ត្រួតពិនិត្យសត្វល្អិតនិងសត្រូវធម្មជាតិ។

នៅឆ្នាំនេះ RYNAN Technologies នឹងនាំចេញប្រព័ន្ធត្រួតពិនិត្យសត្វល្អិតឆ្លាតវៃចំនួន ៥០ ទៅកាន់ប្រទេសជប៉ុន ដែលចំនួននេះនឹងកើនឡើងនៅឆ្នាំ ២០២៤។ ជាដំណោះស្រាយបច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ផលិតផលរបស់ RYNAN Technologies Vietnam បានអនុវត្តន៍បញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់អត្តសញ្ញាណនិងស្ថិតិដោយស្វ័យប្រវត្តិអំពី ចំនួន ដង់ស៊ីតេ និងប្រភេទសត្វល្អិតដែលមានប្រយោជន៍ ឬបង្កគ្រោះថ្នាក់ ហើយបានបង្ហាញលទ្ធផលតាមគំនូសតាង។

លោក Thai Nguyen Hoai Thien អ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វេទិកាកសិកម្មឌីជីថល VDAPES នៃក្រុមហ៊ុន RYNAN Technologies Vietnam បានមានប្រសាសន៍ថា៖ ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យសត្វល្អិតឆ្លាតវៃនេះ កសិករនឹងអាចត្រួតពិនិត្យព័ត៌មាន និងទិន្នន័យតាមរយៈស្មាតហ្វូន ដោយមិនចាំបាច់ទៅទីវាលដើម្បីស្វែងរកជំងឺ ឬដាក់អន្ទាក់ និងរាប់ចំនួនសត្វល្អិតតាមវិធីប្រពៃណីទៀតឡើយ។ ប្រព័ន្ធនេះក៏ជួយភ្នាក់ងារគ្រប់គ្រងរដ្ឋក្នុងការគ្រប់គ្រង សំយោគទិន្នន័យ រាយការណ៍ ព្រមាននិងព្យាករណ៍សត្វល្អិតជាមួយនឹងភាពត្រឹមត្រូវខ្ពស់ តាមរយៈកម្មវិធីគ្រប់គ្រងកណ្តាល។ លោក Thai Nguyen Hoai Thien មានប្រសាសន៍ថា៖ “IMS ឧបករណ៍មួយដើម្បីជួយកសិករត្រួតពិនិត្យសត្វល្អិត និងសត្រូវធម្មជាតិ (សត្វល្អិតមានប្រយោជន៍) នៅក្នុងវាលស្រែ។ បញ្ញាសិប្បនិម្មិតបានធ្វើការស្ថិតិ និងជួយអ្នកគ្រប់គ្រងក៏ដូចជាកសិករ ដើម្បីគ្រប់គ្រងយ៉ាងសកម្មនូវស្ថានភាពសត្វល្អិត និងមានផែនការឆ្លើយតបទាន់ពេលវេលា ដើម្បីសម្រេចបានគោលដៅចុងក្រោយគឺផលិតកម្មនិងផលិតភាពល្អបំផុត កាត់បន្ថយការខាតបង់ បង្កើនតម្លៃសេដ្ឋកិច្ចសម្រាប់កសិផល។ ទន្ទឹមនឹងនេះ នៅពេលដែលប្រព័ន្ធនេះត្រូវបានគ្របដណ្តប់លើទ្រង់ទ្រាយធំ វានឹងផ្តល់មូលដ្ឋានទិន្នន័យដើម្បីជួយគ្រប់គ្រង បង្កើតគោលនយោបាយ និងបង្កើតផែនទីសត្វល្អិត”។

ប្រព័ន្ធត្រួតពិនិត្យសត្វល្អិត​ឆ្លាតវៃផ្តាច់មុខរបស់វៀតណាមឈាន​ចូលទីផ្សារជប៉ុន - ảnh 2ប្រជាកសិករអាចតាមដានសត្វល្អិតយ៉ាងងាយស្រួលនៅលើស្មាតហ្វូនតាមរយៈកម្មវិធីរបស់ Rynan Mekong

ជាមួយនឹងប្រៀបខ្លាំងនៃបច្ចេកវិទ្យា ក្រុមស្រាវជ្រាវនៅក្រុមហ៊ុន Rynan បានរួមបញ្ចូលគ្នានូវ បញ្ញាសិប្បនិម្មិត(AI) ការសិក្សាម៉ាស៊ីន (MachineLearning) និងអ៊ីនធឺណែតនៃវត្ថុ (IoT) ដើម្បីកំណត់ និងវិភាគទិន្នន័យសម្រាប់ផលិតផលនេះ។ ប្រព័ន្ធត្រួតពិនិត្យសត្វល្អិតឆ្លាតវៃដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ធានាសុវត្ថិភាពអគ្គិសនីនៅពេលដំណើរការ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ អាចតំឡើងយ៉ាងងាយស្រួលនៅកន្លែងដាច់ស្រយាលដែលមិនមានបណ្តាញអគ្គិសនី។ អន្ទាក់ក៏មានឧបករណ៍ការពាររន្ទះ ដើម្បីការពារឧបករណ៍នៅពេលមានព្យុះភ្លៀងផងដែរ។ លោក Thai Nguyen Hoai Thien បានបន្ថែមថា៖ “ប្រព័ន្ធ IMS បានប្រើប្រាស់ AI ដើម្បីកំណត់អត្តសញ្ញាណនិងស្ថិតិដោយស្វ័យប្រវត្តិនូវសត្វល្អិតចំនួនជាង ១៥០ប្រភេទ រួមទាំងសត្វល្អិតដែលបង្កគ្រោះថ្នាក់ គ្មានគ្រោះថ្នាក់ និងសត្រូវធម្មជាតិលើដំណាំជាច្រើនដូចជាស្រូវ និងដើមឈើហូបផ្លែ។ បន្ទាប់ពីទិន្នន័យត្រូវបានប្រមូល ពិនិត្យ និងវិភាគ លទ្ធផលនឹងត្រូវបានបង្ហាញតាមគំនូសតាង និងផែនទីជាក់លាក់ ដែលបង្ហាញយ៉ាងច្បាស់ពីអត្រាសត្វល្អិតដែលបង្កគ្រោះថ្នាក់ និងសត្រូវធម្មជាតិដែលមានប្រយោជន៍។ ទន្ទឹមនឹងនោះ រូបភាពត្រូវបានប្រមូលនិងវិភាគនៅស្ថានីយ៍នីមួយៗ ដោយផ្អែកលើដង់ស៊ីតេសត្វល្អិតនៅតាមស្ថានីយនោះដើម្បីនាំចេញលទ្ធផលដ៏ល្អបំផុត”។

ប្រព័ន្ធត្រួតពិនិត្យនឹងផ្តល់ការព្រមាននិងព្យាករណ៍អំពីស្ថានភាពសត្វល្អិតនៅក្នុងវាលស្រែ សម្រាប់កសិករជ្រើសរើសវិធីសាស្រ្តព្យាបាលឲ្យបានទាន់ពេលវេលាតាមរយៈកម្មវិធីគ្រប់គ្រងកណ្តាល SaaS ។

ប្រព័ន្ធត្រួតពិនិត្យសត្វល្អិត​ឆ្លាតវៃផ្តាច់មុខរបស់វៀតណាមឈាន​ចូលទីផ្សារជប៉ុន - ảnh 3ស្ថានីយ៍ត្រួតពិនិត្យសត្វល្អិតឆ្លាតវៃ។

ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងធុងអាគុយ ប្រព័ន្ធត្រួតពិនិត្យសត្វល្អិតរបស់ Rynan អាចធានាប្រតិបត្តិការជាបន្តបន្ទាប់លើផ្ទៃដីដ៏ធំមួយ ដូចជាវាលស្រែ បន្លែ កន្លែងដាំដុះ និងតំបន់ធ្វើស្រែចំការ ដែលមានទំហំធំនិងមិនពឹងផ្អែកលើបណ្តាញអគ្គីសនីជាតិ។ ជាមួយនឹងគុណសម្បត្តិលេចធ្លោ ប្រព័ន្ធនេះត្រូវបានវាយតម្លៃខ្ពស់ដោយខេត្ត ក្រុងជាច្រើន ហើយបច្ចុប្បន្នមានស្ថានីយ៍ត្រួតពិនិត្យចំនួន ៦០ នៅ ខេត្ត Bac Lieu, Can Tho, Dong Thap, Kien Giang, Lam Dong, Nghe An, Tra Vinh… ក្រោយរយៈពេលប្រើប្រាស់ស្ថានីយ៍ត្រួតពិនិត្យសត្វល្អិតឆ្លាតវៃ លោក Ly Duc មកពីឃុំ Minh Hoa ស្រុក Chau Thanh ខេត្ត An Giang បានឲ្យដឹងថា៖ “ស្ថានីយ៍មានអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់កសិករ។ ទី ១ គឺជាស្ថានីយ៍ទាក់ទាញសត្វល្អិតដោយអំពូលភ្លើង និងរលកសមរម្យ ហើយបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដើម្បីរាប់សត្វល្អិតដោយស្វ័យប្រវត្តិ ដូច្នេះវាពិតជាត្រឹមត្រូវណាស់។ ទីពីរ ទិន្នន័យត្រូវបានផ្ញើទៅកម្មវិធីនៅលើទូរស័ព្ទ ដូច្នេះអ្នកគ្រប់គ្នាអាចមើលឃើញនិងវាយតម្លៃពីចំនួនសត្វល្អិតដែលមានប្រយោជន៍ ឬមានគ្រោះថ្នាក់ តាមនោះអាចសម្រេចថាតើត្រូវការបាញ់ថ្នាំការពាររុក្ខជាតិឬអត់។ ជាឧទាហរណ៍ បើគ្មានស្ថានីយ៍ត្រួតពិនិត្យសត្វល្អិតឆ្លាតវៃទេ នៅពេលកសិករឃើញមមាចនឹងបាញ់ថ្នាំ។ ធ្វើដូច្នេះនឹងសម្លាប់សត្វល្អិតដែលមានប្រយោជន៍ដោយចៃដន្យ។ នៅពេលមានស្ថានីយ៍ហើយ យើងដឹងពីអត្រារវាងសត្វល្អិតនិងសត្រូវធម្មជាតិ ប្រសិនបើចំនួនសត្រូវធម្មជាតិមានច្រើនគឺមិនចាំបាច់បាញ់ថ្នាំទេ”។

បច្ចុប្បន្ននេះ ប្រព័ន្ធត្រួតពិនិត្យសត្វល្អិតឆ្លាតវៃរបស់ Rynan គឺជាដំណោះស្រាយបច្ចេកវិទ្យាខ្ពស់ផ្តាច់មុខនៅលើទីផ្សារ។ ផលិតផលឈានទៅដល់ទីផ្សារជប៉ុនដែលជាទីផ្សារមានស្តង់ដារដ៏តឹងរឹងបំផុតមួយ បានបង្ហាញថា ផលិតផលបច្ចេកវិទ្យាខ្ពស់របស់វៀតណាមបានឈានដល់កម្រិតពិភពលោកហើយ។

លោកបណ្ឌិត Nguyen Thanh My នាយកប្រតិបត្តិនៃក្រុមហ៊ុន Rynan Technologies បានបញ្ជាក់ថា ប្រព័ន្ធនេះក៏ដូចជាផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀតរបស់ក្រុមហ៊ុន ក៏ឆ្ពោះទៅរកគោលដៅធំជាងនេះដែរ គឺរួមចំណែកក្នុងការកសាងប្រព័ន្ធអេកូផ្លាស់ប្តូរឌីជីថលសម្រាប់កសិកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ