កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ-បេតិកភណ្ឌវប្បធម៌ពិភពលោក

(VOVWORLD) - តំបន់កេរ្តិ៍ដំណែលអតីតរាជធានីហ្វេគឺស្ថិតនៅសង្ខាងទន្លេ Huong នៅទីក្រុងហ្វេ និងនៅតំបន់ជុំវិញខេត្ត Thua Thien – Hue មួយចំនួនទៀត។ នេះជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ សេដ្ឋកិច្ចរបស់ខេត្ត ជាអតីតរាជធានីរបស់វៀតណាមក្រោមរាជ្ជកាលបណ្ដាស្ដេច Nguyen ចាប់ពីឆ្នាំ១៨០២ដល់ឆ្នាំ១៩៤៥។ 
កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ-បេតិកភណ្ឌវប្បធម៌ពិភពលោក - ảnh 1 ព្រះបរមរាជវាំង Hue 

ដោយបង្កប់នូវតំលៃមានចរិតលក្ខណៈជាសកលរបស់ខ្លួន កេរ្តិ៍ដំណែលអតីតរាជធានីហ្វេបានក្លាយទៅជាបេតិកភណ្ឌវប្បធម៌ដំបូងរបស់វៀតណាម ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់នាឆ្នាំ១៩៩៣។

នាឆ្នាំ១៣០៦ ក្រោយពីពិធីរៀបអភិសេករវាងព្រះរាជបុត្រី Huyen Tran នៃរាជ្យវង្ស Tran ជាមួយព្រះមហាក្សត្រនៃព្រះរាជាណាចក្រចាម Che Man នោះ គឺតំបន់ដី Chau O និង Chau Ly (រួមមានខេត្ត Quang Tri ខេត្ត Thua Thien Hue និងតំបន់មួយភាគខាងជើងខេត្ត Quang Nam នាបច្ចុប្បន្ន) ត្រូវបានប្រសិទ្ធិនាមថា Thuan Hoa។ នាពាក់កណ្ដាលចុងសតវត្សទី១៥ក្រោមរាជ្ជកាលស្ដេច Le Thanh Tong រមណីយដ្ឋានឈ្មោះ ហ្វេ បានបង្ហាញខ្លួនជាលើកដំបូង។ នាឆ្នាំ១៦៣៦ ព្រះបរមរាជវាំងស្ដេចត្រាញ់ Nguyen ត្រូវបានដាក់នៅ Kim Long (ហ្វេ) ហើយដល់ឆ្នាំ១៦៨៧ បានប្ដូរទៅកាន់ Phu Xuan ដែលជាព្រះបរមរាជវាំងហ្វេនាបច្ចុប្បន្ន។ ចាប់ពីឆ្នាំ១៧៨៨ដល់ឆ្នាំ១៨០១ Phu Xuan ក្លាយទៅជារាជធានីនៃរាជ្ជកាល Tay Son។ ប្រវត្តិវិទូ Le Van Lan ឲ្យដឹងថា៖

“បណ្ដាព្រះមហាក្សត្រ Nguyen ពិសេសគឺព្រះមហាក្សត្រ២អង្គដំបូងគឺ Gia Long និង Minh Mang ដែលមានហេតុផល ពេលផ្លាស់ Phu Xuan ក្លាយទៅជារាជធានីហ្វេ នៃប្រទេស Dai Nam។ នាគ្រានោះ ហ្វេមានតួនាទីសំខាន់ពិសេសព្រោះថាទីនេះជាមជ្ឈមណ្ឌលនយោបាយនៃប្រទេសទាំងមូល។ រាជវង្សមួយត្រូវបានកសាងឡើងប្រកបដោយភាពប៉ិនប្រសព ហើយប្រតិបត្តិក្រោមការគ្រងរាជ្យរបស់ព្រះមហាក្សត្រ”។

ចាប់ពីឆ្នាំ១៨០២ដល់ឆ្នាំ១៩៤៥ ហ្វេជារាជធានីនៃប្រទេសវៀតណាមឯកភាព ក្រោមការគ្រងរាជ្យរបស់ព្រះមហាក្សត្រ Nguyen ចំនួន១៣ទ្រូង។ ក្នុងរយៈពេលដដែល សំណង់ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងវប្បធម៌ដែលមានតំលៃជាច្រើនកន្លែង ត្រូវបានកសាងឡើងនៅតំបន់ដីនេះផងដែរ។ ស្ថិតនៅភាគខាងជើងច្រាំងទន្លេ Huong គឺប្រព័ន្ធសំណង់ស្ថាបត្យាកម្មរួមមានព្រះបរមរាជវាំងចំនួន៣កន្លែង ដែលជានិមិត្តរូបឲ្យអំណាចរបស់រាជវង្ស Nguyen។ ប្រព័ន្ធព្រះបរមរាជវាំងនៅទីនេះ ជាគំរូដ៏ល្អឥតខ្ចោះនៃការគួបផ្សំយ៉ាងប៉ិនប្រសពរវាងសិល្បៈស្ថាបត្យាកម្មលោកខាងកើតជាមួយលោកខាងលិច ហើយស្ថិតនៅកណ្ដាលទេសភាពធម្មជាតិដ៏ស្រស់បំព្រងដែលមានព្រៃភ្នំផងនិងទន្លេទៀតផង។ ព្រះបរមរាជវាំងហ្វេ ត្រូវបានព័ទ្ធជុំវិញដោយកំពែងជញ្ជាំងថ្មតាមរូបការ៉េ ដោយមានខ្លោងទ្វារចំនួន៤ ក្នុងនោះខ្លោងទ្វារភាគខាងត្បូងដែលបានហៅថា Ngo Mon គឺជាទីស្នាក់ការរដ្ឋបាលកំពូលរបស់រាជវង្ស Nguyen។

កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ-បេតិកភណ្ឌវប្បធម៌ពិភពលោក - ảnh 2

ស្ថិតនៅភាគខាងលិចពីព្រះបរមរាជវាំង ប្រព័ន្ធប្រាង្គតម្កល់សពរបស់បណ្ដាស្ដេច Nguyen ក៏ត្រូវបានវាយតំលៃជាសមិទ្ធិផលលេចធ្លោមួយនៃខឿនស្ថាបត្យកម្មវៀតណាម។ ប្រាង្គតម្កល់សពស្ដេច Nguyen នីមួយៗ សុទ្ធតែឆ្លុះបញ្ចាំងនូវជីវិតនិងបុគ្គលិកលក្ខណៈរបស់ស្ដេចអង្គនោះ។ ក្រៅពីនោះ អាចនិយាយដល់រមណីយដ្ឋានផ្សេងៗនៅអតីតរាជធានីហ្វេដូចជា៖ ទន្លេ Huong ភ្នំ Ngu វត្ត Thien Mu សមុទ្រ Lang Co ជាដើម។ ប្រវត្តិវិទូ Le Van Lan បានឲ្យដឹងថែមទៀតថា៖

“នាដើមសតវត្សទី១៩ កវី Cao Ba Quat បាននិពន្ធកំណាព្យដ៏ល្អមួយបទស្ដីពីហ្វេ ដែលក្នុងនោះ លោកបានប្រៀបធៀបទន្លេ Huong រ៉ូម៉ង់ទិក ដូចជាដាវមួយដែលចង្អុលឡើងមេឃ។ ពិតណាស់ថា នោះជាចរិតលក្ខណៈនៃទីក្រុងនេះ ដោយសុខសាន្តត្រាណផងនិងខ្លាំងក្លាទៀតផង។ ការដែលបដិវត្តន៍ខែសីហាបានផ្ទុះឡើងនៅហ្វេ ក៏ដូចជារូបភាពដែលស្ដេច Bao Dai ប្រគល់ប្រថាប់ត្រាសំរាប់គណៈប្រតិភូរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនោះ បានសរឲ្យឃើញនូវអតីតរាជធានីហ្វេមួយដ៏រ៉ូម៉ង់ទិកផងប៉ុន្តែខ្លាំងខ្លាទៀតផង”។

នៅសម័យប្រជុំលើកទី១៧គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសកូឡុំប៊ីនាឆ្នាំ១៩៩៣ UNESCO បានទទួលស្គាល់កេរ្តិ៍ដំណែលអតីតរាជធានីហ្វេជាបេតិកភណ្ឌវប្បធម៌របស់មនុស្សលោក។ តាមនោះ អតីតរាជធានីហ្វេជាមណ្ឌលស្ថាបត្យកម្មគំរូនៃសម័យកាលប្រវត្តិសាស្ត្រសំខាន់មួយ ដោយមានការពាក់ព័ន្ធដល់ព្រឹត្តិការណ៍ធំៗ ដល់សតិអារម្មណ៍និងជំនឿសាសនាដែលមានឥទ្ធិពលយ៉ាងទូលំទូលាយ ក៏ដូចជាពាក់ព័ន្ធដល់ឥស្សរៈជនល្បីល្បាញក្នុងប្រវត្តិសាស្ត្រទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ