សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh​ រំលឹកឡើងវិញ​ការចងចាំ​នៃ​ការ​តស៊ូទាំងពីរលើក

(VOVWORLD) - សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh ស្ថិតនៅផ្ទះលេខ៨១ វិថី Tan Nhue ខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ ហើយបានបើកទ្វារទទួលភ្ញៀវមកទស្សនា ចាប់ពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣។ រូបថត វត្ថុតាង និងឯកសារតាំងបង្ហាញនៅសារមន្ទីរបានបង្ហាញឡើងវិញនូវការចង់ចាំដ៏អង់អាចក្លាហាននៃការតស៊ូប្រយុទ្ធប្រឆាំងអាណានិគមន៍បារាំង និងចក្រពត្តិអាមេរិករបស់កងទ័ព និងប្រជាជនវៀតណាម។
សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh​ រំលឹកឡើងវិញ​ការចងចាំ​នៃ​ការ​តស៊ូទាំងពីរលើក - ảnh 1សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh

សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh នៅទីក្រុងហាណូយ គឺជាសារមន្ទីរទីពីរអំពីនាយឧត្តមសេនីយ៍ Nguyen Chi Thanh បន្ទាប់សារមន្ទីរនៅទីក្រុង Hue ។ លើសពីនេះ នៅស្រុកកំណើតរបស់លោកនាយឧត្តមសេនីយ៍ គឺភូមិ Niem Pho ឃុំ Quang Tho ស្រុក Quang Dien ខេត្ត Thua Thien Hue ក៏មានផ្ទះតាំងបង្ហាញអំពីលោកនាយឧត្តមសេនីយ។ អញ្ជើញទស្សនាសារមន្ទីរ លោក Nguyen Hong Linh សមាជិកសមាគមអតីតយុទ្ធជនសង្កាត់ Thuy Phuong ខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ បានសម្តែងថា៖

“យើងខ្ញុំមានកិត្តិយសជាយុទ្ធមិត្តរបស់លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanhនៅពេលទស្សនាសារមន្ទីរលោកនាយឧត្តមសេនីយ៍ ទើបយើងខ្ញុំយល់ដឹងយ៉ាងច្បាស់លាស់អំពីជីវិតធ្វើសកម្មភាពបដិវត្តន៍របស់លោកនាយឧត្តមសេនីយ៍ក្នុងអំឡុងការតស៊ូប្រឆាំងអាណានិគមន៍បារាំង និងចក្រពត្តិអាមេរិករបស់ប្រជាជនវៀតណាម។ គុណបំណាច់របស់លោកនាយឧត្តមសេនីយ៍គឺមហិមាណាស់”។

លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh មានឈ្មោះពិតគឺ Nguyen Vinh។ លោកកើតនាថ្ងៃទី ១ ខែមករា ឆ្នាំ ១៩១៤ នៅភូមិ Niem Pho ឃុំ Quang Tho ស្រុក Quang Dien ខេត្ត Thua Thien Hue ។ ដោយត្រូវបានដំឡើងឋានៈជានាយឧត្តមសេនីយ៍កងទ័ពប្រជាជនវៀតណាមក្នុងឆ្នាំ ១៩៥៩ លោកគឺជានាយឧត្តមសេនីយ៍មួយរូប ក្នុងចំណោមនាយឧត្តមសេនីយ៍ ទាំងពីរូបដើមដំបូងរបស់កងទ័ពប្រជាជនវៀតណាម បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ។ ក្នុងឆ្នាំ ១៩៦៧  នៅពេលត្រៀមទៅកាន់វៀតណាមខាងត្បូង ដើម្បីត្រៀមរៀបចំការប្រយុទ្ធសរុបឆ្នាំ ១៩៦៨ លោកនាយឧត្តមសេនីយ៍បានទទួលមរណភាព។ លោកវរសេនីយ៍ឯក Nguyen Van Oanh អនុប្រធានស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានមានប្រសាសន៍ថា៖

“លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh គឺជាយុទ្ធជនកុម្មុយនិស្តដ៏អង់អាចក្លាហាន ជាមេបញ្ជាការឈ្លាសវៃ ហើយមានចក្ខុវិស័យយុទ្ធសាស្ត្រម្នាក់។ ក្នុងជីវិតបដិវត្តន៍ ទោះស្ថិតក្នុងឋានៈណាក៏ដោយ ក្នុងសមរភូមិដ៏លំបាកបំផុតក៏ដោយ លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh សុទ្ធតែសម្រេចភារកិច្ចដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។ លោកនាយឧត្តមសេនីយ៍គឺជាគំរូភ្លឺស្វាងដូចពេជន៍ផងដែរ”។

សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh នៅទីក្រុងហាណូយត្រូវបានសាងសង់ចាប់ពីខែតុលា ឆ្នាំ ២០២១ ហើយសម្រេចរួចរាល់ការសាងសង់នាខែមិថុនា ឆ្នាំ ២០២២។ សំណង់នេះមាន ៣ ជាន់ និងជាន់ក្រោមដីមួយទៀត រួមមាន៖ បន្ទប់តាំងបង្ហាញ បន្ទប់សិក្ខាសាលា បន្ទប់មើលកុន បន្ទប់អានសៀវភៅ ការិយាល័យ ឃ្លាំងវត្ថុតាំង និងសំណង់នានា។ សំណង់នេះត្រូបានសាងសង់តាមបែបស្ថាបត្យកម្មផ្ទះលេខ ៣៤ វិថី Ly Nam De ទីក្រុងហាណូយ ជាកន្លែងដែលលោកនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារបានរស់នៅចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៨៩៦។ លោកវរសេនីយ៍ឯក Pham Van Phi នាយកសារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh បានឲ្យដឹងថា៖

“ផ្ទះលេខ ៣៤ វិថី Ly Nam De ទីក្រុងហាណូយ ធ្លាប់ទទួលស្វាគមន៍លោកប្រធានហូជីមិញ អញ្ជើញមកសួរសុខទុក្ខគ្រួសារលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh។ ទីកន្លែងនេះក៏បានប្រព្រឹត្តិទៅកិច្ចប្រជុំការិយាល័យនយោបាយដើម្បីសម្រេចគោលមាគ៌ានៃបដិវត្តន៍ភាគខាងត្បូងក្រោយពីព្រឹត្តិការឈូងសមុទ្រ Bắc Bộ (តុងកឹង) នាខែសីហាឆ្នាំ ១៩៦៤ ដើម្បីពិភាក្សាអំពីបុព្វហេតុតស៊ូរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ សារមន្ទីរបានតាំងបង្ហាញតាមប្រធានបទដូចជា៖ ស្រុកកំណើត បដិវត្តន៍វៀតណាមប៉ែកកណ្តាល Việt Bắc បដិវត្តន៍ភាគខាងត្បូង ថ្ងៃទី ៦ កក្កដា (ថ្ងៃមរណភាពរបស់លោកនាយឧត្តមសេនីយ៍) ដួងចិត្តរបស់មនុស្ស គ្រួសារ ដំណើរបន្ត។ ប្រព័ន្ធតាំងបង្ហាញឧទ្ទេសនាមរូបថត ឯកសារនិងវត្ថុតាងចំនួន ៦៧០ សៀវភៅជាង ១០០ ក្បាលត្រូវបានលោកនាយឧត្តមសេនីយ៍និពន្ធ និងអ្នកនិពន្ធសរសេរអំពីលោកនាយឧត្តមសេនីយ៍ រូបសំណាកសំរិទ្ធចំនួន ២៣ ដែល ផ្សារភ្ជាប់ជាមួយនឹងតួអង្គ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលេចធ្លោនៃបដិវត្តន៍វៀតណាម លំហរពីរដែលបង្ហាញឡើងវិញអំពីការិយាល័យរបស់លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh នៅផ្ទះលេខ ៣៤ វិថី Lý Nam Đế និងកន្លែងធ្វើការនៅមជ្ឈឹមស្នងការភាគខាងត្បូងផងដែរ”។

សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh​ រំលឹកឡើងវិញ​ការចងចាំ​នៃ​ការ​តស៊ូទាំងពីរលើក - ảnh 2សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh

ការសាងសង់សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh នៅរដ្ឋធានីហាណូយ គឺជាការងារដ៏មានអត្ថន័យ សំដៅតបស្នងសងគុណដល់គុណបំណាច់ ការលះបង់របស់លោកនាយឧត្តមសេនីយ៍ ចំពោះបដិវត្តន៍វៀតណាម។ លោក Vu Ha លេខាគណៈកម្មាធិការបក្សខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ បានឲ្យដឹងថា៖

“សារមន្ទីរគឺជាទីកន្លែងរក្សាទុក និងប្រមូលផ្ដុំឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន ជាមួយសញ្ញាសម្គាល់ដ៏សំខាន់ក្នុងដំណើរការធ្វើសកម្មភាពបដិវត្តន៍របស់
លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh។ ឯកសារ វត្ថុតាង រូបថតបានបង្ហាញយ៉ាងជាក់ស្ដែង រស់វរើក ហើយមានតម្លៃជាប្រវត្តិសាស្ត្រ និងអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ។ សារមន្ទីរគឺជាអាសយដ្ឋានក្រកមបដិវត្ត ហើយជាគោលដៅដ៏ទាក់ទាញចំពោះភ្ញៀវទាំងជាតិ និងអន្តរជាតិ។ ខ័ណ្ឌនឹងកសាងកម្មវិធីទស្សនាសារមន្ទីរ ផ្សារភ្ជាប់ជាមួយមេរៀនប្រវត្តិសាស្ត្រ និងសកម្មភាពក្រៅកម្មវិធីសិក្សាយុវជនវ័យក្មេងផងដែរ”។

សារមន្ទីរលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh បើកទ្វារទទួលភ្ញៀវទេសចរមកទស្សនាសាកល្បងដល់ដំណាច់ឆ្នាំនេះ។ សារមន្ទីរនឹងបន្តបំពេញខ្លឹមសាតាងបង្ហាញ មុនពេលបើកសម្ពោធនាថ្ងៃតី ១ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាសខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh (១ មករា ឆ្នាំ ១៩១៤  -១ មករា ឆ្នាំ ២០២៤)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ