Truong Son ខាងលិច - ផ្លូវនិមិត្តរូបនៃសម្ព័ន្ធភាពតស៊ូប្រយុទ្ធវៀតណាម-ឡាវ

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ឆ្លងកាត់ព្រៃឈើដ៏ធំល្វឹងល្វើយនៅតាមខេត្តភាគកណ្ដាលនិងភាគខាងត្បូងប្រទេសឡាវដើម្បីបើកផ្លូវដឹកជញ្ជូនជំនួយទៅកាន់សមរភូមិភាគខាងត្បូងវៀតណាម ខ្សែផ្លូវ Truong Son - ផ្លូវហូជីមិញនៅលើដែនដីឡាវ បានក្លាយជានិមិត្តរូបនៃសម្ព័ន្ធភាពតស៊ូប្រយុទ្ធវៀតណាម-ឡាវ នៃចំណងមិត្តភាពដ៏ពិសេសរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ ចំពោះសាក្សីជនជាតិឡាវ ដែលធ្លាប់បានផ្សាភ្ជាប់នឹងផ្លូវនេះ ពួកគេមិនអាចបំភ្លេចរយៈពេលពោរពេញទៅដោយការលំបាកវេទនា តែអង់អាចក្លាហាននោះបានឡើយ។

Truong Son ខាងលិច - ផ្លូវនិមិត្តរូបនៃសម្ព័ន្ធភាពតស៊ូប្រយុទ្ធវៀតណាម-ឡាវ - ảnh 1ដឹកជញ្ជូនទំនិញទៅកាន់សមរភូមិភាគខាងត្បូងវៀតណាមតាមផ្លូវ Truong Son ខាងលិច។

លោក Keola Chanxina អាយុជាង៨០ឆ្នាំ ជាជនជាតិឡាវម្នាក់ដែលធ្លាប់បានប្រកៀកស្មាជាមួយកងទ័ពវៀតណាម តស៊ូប្រយុទ្ធនៅភូមិ Ban Dong Sepon Muong Phin ដើម្បីការពារសុវត្ថិភាពសម្រាប់ខ្សែផ្លូវ Truong Son ខាងលិចឆ្លងកាត់តាមបណ្ដាខេត្តភាគកណ្ដាលនិងភាគខាងត្បូងឡាវ ហើយកសាងរដ្ឋអំណាចតំបន់រំដោះនោះ។ រហូតមកដល់ពេលនេះ លោកនៅតែមិនអាចបំភ្លេចរាល់ថ្ងៃខែដ៏លំបាកលំបិន តែពោរពេញទៅដោយស្មារតីសាមគ្គីភាពទាំងនោះរបស់សម្ព័ន្ធភាពតស៊ូប្រយុទ្ធវៀតណាម-ឡាវបានឡើយ។

“ផ្លូវហូជីមិញមានអត្ថន័យដ៏ធំធេងចំពោះការតស៊ូរំដោះភាគខាងត្បូងវៀតណាម។ វាបម្រើយ៉ាងជាក់ស្ដែងសម្រាប់សមរភូមិភាគខាងត្បូង។ តាមនោះរឹតបន្តឹងទំនាក់ទំនងសម្ព័ន្ធភាពតស៊ូប្រយុទ្ធរវាងកងទ័ពនិងបដិវត្តន៍នៃប្រទេសយើងទាំងពីរឡាវនិងវៀតណាម។ ប្រសិនបើគ្មានប្រព័ន្ធផ្លូវដឹកជញ្ជូនជំនួយពីភាគខាងជើងទៅភាគខាងត្បូងបែបនេះទេ ការរំដោះតំបន់ភាគខាងត្បូង នឹងជួបការលំបាកខ្លាំងណាស់ ហើយទំនងជាមិនអាចដណ្ដើមបានជ័យជំនះដ៏ធំធេងយ៉ាងឆាប់រហ័សបានឡើយ”។

រំលឹកដល់រយៈពេលដែលធ្វើដំណើរតាមផ្លូវលំឆ្លងព្រៃ លោក Vilayvan Phomkhe អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម-រុក្ខកម្មឡាវ អតីតលេខានិងអភិបាលខេត្ត Savanakhet មានការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីអង់អាចក្លាហាន ភាពឆ្លាតវៃច្នៃប្រឌិតរបស់អង្គទ័ពដឹកជញ្ជូនជំនួយពីភាគខាងជើងដល់សមរភូមិភាគខាងត្បូង។ នោះអាចជាផ្លូវរថយន្ត ផ្លូវឆ្លងភូមិ ផ្លូវទឹក ប្រសិនបើយន្តហោះសត្រូវវាយប្រហារលើផ្លូវមួយ គឺយើងប្ដូរទៅផ្លូវផ្សេងទៀត។ មិនថាក្រោមរូបភាពណាក៏ដោយ ក៏សុទ្ធតែស្ថិតនៅក្នុងប្រព័ន្ធផ្លូវ Truong Son ខាងលិចដែរ។ បើកផ្លូវទៅដល់ទីណា គឺនៅទីនោះប្រជាជនឡាវមានជីវភាពថ្មី។ កងទ័ពវៀតណាមជួយប្រជាជនឡាវបង្កបង្កើនផល ជួយបដិវត្តន៍ឡាវចាត់តាំងរដ្ឋអំណាច បណ្ដុះបណ្ដាលកម្មាភិបាលមូលដ្ឋាន។ លោក Vilayvan Phomkhe បានចែករំលែកថា៖

“ផ្លូវហូជីមិញមានអត្ថន័យដ៏សំខាន់ណាស់។ ទីមួយ វាជួយរំដោះភាគខាងត្បូងវៀតណាមទាំងស្រុង។ ទីពីរ ក្រោមឥទ្ធិពលនៃជ័យជំនះថ្ងៃទី៣០ ខែមេសា នោះ ប្រទេសឡាវក៏ត្រូវបានរំដោះយ៉ាងឆាប់រហ័សផងដែរ។ ប្រសិនបើគ្មានការជួយឧបត្ថម្ភរបស់បដិវត្តន៍វៀតណាម បដិវត្តន៍ឡាវនឹងជួបការលំបាកយ៉ាងខ្លាំង។ នៅពេលដែលយើងទទួលកាន់កាប់រដ្ឋអំណាចនៅឆ្នាំ១៩៧៥ ក៏អាស្រ័យលើកម្លាំងកម្មាភិបាលពីតំបន់រំដោះចាស់ មកជួយកសាងរដ្ឋអំណាចសម្រាប់តំបន់រំដោះថ្មីដែរ”។

ដោយសារមានផ្លូវ Truong Son វៀតណាមបានបង្កើតឡើងជ័យជំនះដ៏មហិមារនៅនិទាឃរដូវឆ្នាំ១៩៧៥ ឯកភាពប្រទេសជាតិ ហើយបដិវត្តន៍ឡាវក៏ដណ្ដើមបានរដ្ឋអំណាចមកជូនប្រជាជន ដោយមិនទទួលរងការខូចខាតធ្ងន់ធ្ងរទេ។ ប្រជាជនវៀតណាមតែងតែចងចាំជានិច្ចនូវគុណូបការៈនិងមនោសញ្ចេតនារបស់ប្រជាជនឡាវសម្រាប់វៀតណាម ជាមួយនឹងផ្លូវហូជីមិញភាគខាងលិចភ្នំ Truong Son ឆ្លងកាត់ទឹកដីប្រទេសឡាវ ដែលបានជួយដឹកជញ្ជូនជំនួយរាប់លានតោនពីភាគខាងជើងទៅភាគខាងត្បូងសម្រាប់បម្រើនៅសមរភូមិ ជួយវៀតណាមឯកភាពប្រទេសជាតិ ហើយរួមចំណែកពូនជ្រុំឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

Truong Son ខាងលិច - ផ្លូវនិមិត្តរូបនៃសម្ព័ន្ធភាពតស៊ូប្រយុទ្ធវៀតណាម-ឡាវ - ảnh 2ស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅតាមផ្លូវលេខ៩។

សព្វថ្ងៃនេះ កងទ័ពនៃប្រទេសទាំងពីរនៅតែបន្តចែករំលែក ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ក៏ដូចជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍនៃប្រទេសនីមួយៗផងដែរ។ លោក Sengphet Hungbunnhuong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឡាវប្រចាំវៀតណាមបានឲ្យដឹងថា៖

“ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ-១៩កំពុងរីករាលដាលនៅឡាវ វៀតណាមគឺជាប្រទេសដំបូងគេដែលបាជួយឧបត្ថម្ភឡាវនូវសម្ភារៈបរិក្ខារពេទ្យហើយថែមទាំងបញ្ជូនអ្នកជំនាញទៀតផង ទោះបីជាវៀតណាមក៏កំពុងប្រឈមមុខនឹងការរីករាលដាលនៃជម្ងឺរាតត្បាតក៏ដោយ; ក្នុងនោះ កងទ័ពប្រជាជនវៀតណាមបានជួយឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើម ឆាប់រហ័ស និងទាន់ពេលវេលា។ ការជួយឧបត្ថម្ភនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩នៅ
ឡាវ។ ទាំងអស់នេះបានបញ្ជាក់ពីសេចក្តីស្រឡាញ់ដោយស្មោះអស់ពីដួងចិត្ត កម្រមានលើពិភពលោករវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ”។

ផ្លូវលេខ៩សព្វថ្ងៃនេះបានក្លាយទៅជាផ្លូវដ៏សំខាន់នៅលើច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដែលតភ្ជាប់បណ្ដាខេត្តភាគឦសានថៃ ភាគកណ្ដាលនិងខាងត្បូងឡាវជាមួយនឹងច្រកទ្វារចូលភាគកណ្ដាលវៀតណាម ដើម្បីពង្រីកសក្ដានុពល ប្រៀបខ្លាំងនៅតំបន់ដែនដីនៃការឈឺចាប់និងប្រកបដោយវីរភាពក្នុងអតីតកាលនេះ ឲ្យជំនះពុះពារលើលំបាកបោះជំហានឈានទៅអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ