ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវឱ្យឡើងដល់២ពាន់លានដុល្លារអាមេរិកនារយៈពេលខាងមុខ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យដោយមានការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម និងក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មឡាវ រួមជាមួយគណៈកម្មាធិការនិងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរដើម្បីជំនះពុះពារការលំបាក  ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងឡាវ កាន់តែរីកចម្រើនយ៉ាងខ្លាំងក្លា។ ដោយមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង ទំហំពាណិជ្ជកម្មវៀតណាម-ឡាវមិនត្រឹមតែកើនឡើងក្នុងកម្រិតពី ១០ ដល់ ១៥% ក្នុងមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងចីរភាពទៀតផង។
ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវឱ្យឡើងដល់២ពាន់លានដុល្លារអាមេរិកនារយៈពេលខាងមុខ - ảnh 1ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវឆ្នាំ២០២៣។ (រូបថត៖ VOV)
ក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់បន្តប្រឈមមុខនឹងការលំបាក ហើយតម្រូវការអ្នកប្រើប្រាស់ធ្លាក់ចុះនោះ ទំហំនាំចូល-នាំចេញរបស់វៀតណាមជាមួយនឹងទីផ្សារ និងតំបន់ភាគច្រើនក៏ទទួលរងការថយចុះដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឡាវក្នុងឆ្នាំ ២០២៣ ក៏មាននិន្នាកាថយចុះបន្តិច។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបានប្រមាណ ១,៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២,១% បើធៀបនឹងឆ្នាំ ២០២២។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មឡាវ លោក Malaythong Komasith បានឲ្យដឹងថា៖ បក្សទាំងពីរ រដ្ឋទាំងពីរជានិច្ចកាលយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងបុព្វហេតុការពារ និងកសាង ប្រទេសជាតិ នាំប្រទេសជាតិឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព សេដ្ឋកិច្ចរឹងមាំ ប្រជាជនសម្បូរធូធារនិងជឿនលឿន៖

“មិនថានាគ្រាណាក៏ដោយ ទាំងឡាវនិងវៀតណាមសុទ្ធតែយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតលើកម្រិតជាច្រើន។ បច្ចុប្បន្ននេះ វៀតណាមជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទីបីក្នុងចំណោមប្រទេសដែលមានការវិនិយោគនៅឡាវ”។

ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវឱ្យឡើងដល់២ពាន់លានដុល្លារអាមេរិកនារយៈពេលខាងមុខ - ảnh 2រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មឡាវ លោក Malaythong Komasith។

ពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានផលពីការកាត់បន្ថយពន្ធមកត្រឹម 0% សម្រាប់មុខទំនិញភាគច្រើននៃប្រទេសទាំងពីរ យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឡាវ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនវៀតណាម-ឡាវ។ លើសពីនេះ ទីផ្សារឡាវមិនមានតម្រូវការតឹងរ៉ឹងពេក ចំពោះគុណភាពផលិតផលនោះទេ អ្នកប្រើប្រាស់មាន សមានចិត្តចំពោះទំនិញពីប្រទេសវៀតណាម ជាពិសេសទីផ្សារឡាវតែងតែត្រូវបានវាយតម្លៃថា ជាច្រកទ្វារដ៏សំខាន់ដើម្បីឲ្យសហគ្រាសវៀតណាមពង្រីកទីផ្សារចូលទៅក្នុងបណ្តាប្រទេសអាស៊ាន។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មឡាវ លោក Malaythong Komasith បានឲ្យដឹងបន្ថែមទៀតថា៖

“ក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានគោលដៅជំរុញកំណើនពាណិជ្ជកម្មពី ១០ ទៅ ១៥% ក្នុងមួយឆ្នាំ ហើយដើម្បីសម្រេចបាននូវគោលដៅខាងលើ ភាគីទាំងពីរបានសម្របសម្រួលគ្នាដាក់ពង្រាយសកម្មភាពពន្លឿនពាណិជ្ជកម្មជាច្រើន ដើម្បីលើកទឹកចិត្តវិនិយោគិន និងសហគ្រាសវៀតណាម - ឡាវជួបប្រាស្រ័យគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងរកដៃគូ និងរួមគ្នាបង្កើតគំនិតផ្តួចផ្តើមលើគំរូអាជីវកម្មថ្មីៗ”។

ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវឱ្យឡើងដល់២ពាន់លានដុល្លារអាមេរិកនារយៈពេលខាងមុខ - ảnh 3លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវប្រចាំនៅវៀតណាម។

បច្ចុប្បន្ននេះ ឡាវជាប់ចំណាត់ថ្នាក់ទី ៣៣ ក្នុងចំណោមទីផ្សារនាំចេញប្រហែល ២០០ របស់វៀតណាម។ រដ្ឋាភិបាលវៀតណាម និងឡាវ មានបំណងចង់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លាអាមេរិកនាពេលខាងមុខ ដោយការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានអតិបរមា។ ចែករំលែកអំពីវិស័យដែលនឹងត្រូវបានជំរុញខ្លាំងនាពេលខាងមុខ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវប្រចាំនៅវៀតណាមបានសម្ដែងបំណងថា៖

“ទាក់ទងនឹងសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ខ្ញុំមើលឃើញថា ចំណុចស្នូល
នាបច្ចុប្បន្ន គឺកិច្ចសហប្រតិបត្តិការថាមពល និងកសិកម្ម។ ប្រទេសទាំងពីរមានសក្ដានុពលជំរុញសេដ្ឋកិច្ចឡាវ និងវៀតណាមឱ្យកាន់តែរឹងមាំ។ ដូចដែលយើងដឹងស្រាប់ហើយ ប្រទេសឡាវមានសក្តានុពលដ៏ធំធេងក្នុងវិស័យអភិវឌ្ឍន៍ថាមពល រួមទាំងថាមពលពន្លឺព្រះអាទិត្យ វាយោអគ្គីសនី និងវារីអគ្គិសនី ជាដើម។ បច្ចុប្បន្ននេះ ឡាវក៏ជាប្រទេសនាំចេញថាមពលអគ្គិសនីផងដែរ ដូច្នេះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលពិតជាមានសក្ដានុពលធំធេងណាស់"។

ទោះបីជានៅតែរក្សាបាននូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធិក៏ដោយ ប៉ុន្តែវិស័យនាំចូល-នាំចេញរបស់វៀតណាម និងឡាវមិនទាន់ទទួលបានប្រសិទ្ធភាពដូចការរំពឹងទុកនៅឡើយ ហើយរចនាសម្ព័ន្ធនៃទំនិញនាំចូល-នាំចេញរវាងប្រទេសទាំងពីរនៅតែខ្វះភាពសម្បូរបែបដែរ។ សកម្មភាពពាណិជ្ជកម្មតាមព្រំដែនវៀតណាម-ឡាវ នៅតែមានការលំបាកជាច្រើន ហើយមិនទាន់រួមចំណែកក្នុងការសម្រេចគោលដៅនៃការដោះប្តូរពាណិជ្ជកម្មទ្វេភាគី... ទាំងនេះគឺជាការជំពាក់ជំពិនដែលនៅសេសសល់ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ចាំបាច់ត្រូវមានការរួមដៃពីក្រសួង គណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាពិសេសក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្ម និងគណៈកម្មាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ