លោក Priyo Oktaviano - អ្នកនិទានរឿងម៉ូដអន្តរជាតិដោយវប្បធម៌ឥណ្ឌូនេស៊ី

(VOVWORLD) - សប្តាហ៍ម៉ូដអន្តរជាតិវៀតណាមសរទរដូវ-រដូវរងាឆ្នាំ ២០២២ – (AVIFW) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកានៅមជ្ឈមណ្ឌលកីឡា Quan Ngua រដ្ឋធានីហាណូយ ដោយមានការចូលរួមពីអ្នករចនាម៉ូដចំនួន ១៨ នាក់ ក៏ដូចជាម៉ាកម៉ូដល្បីល្បាញក្នុងស្រុកនិងអន្តរជាតិនានាផងដែរ។ ដោយចូលរួមក្នុងព្រឹត្តិការណ៍ម៉ូដដ៏មានកិត្យានុភាពនិងធំជាងគេប្រចាំឆ្នាំរបស់វៀត ណាមនោះ លោក Priyo Oktaviano - អ្នករចនាម៉ូដជនជាតិឥណ្ឌូនេស៊ីបាននាំមកនូវលក្ខណៈថ្មីថ្មោងជាមួយនឹងការសម្រាំងម៉ាកម៉ូដផ្ទាល់ខ្លួនគឺ "SPOUS"។

លោក Priyo Oktaviano - អ្នកនិទានរឿងម៉ូដអន្តរជាតិដោយវប្បធម៌ឥណ្ឌូនេស៊ី - ảnh 1អ្នករចនាម៉ូដជនជាតិឥណ្ឌូនេស៊ី លោក Priyo Oktaviano (កាន់ផ្កា) នៅពេលបញ្ចប់ការសម្ដែង។ (រូបថត៖ គណៈកម្មការរៀបចំកម្មវិធី)

ក្នុងនាមជាអ្នករចនាម៉ូដម្នាក់ក្នុងចំណោមអ្នករចនាម៉ូដបរទេសពីរនាក់ដែលបង្ហាញខ្លួននៅយប់ទីបីនៃសប្ដាហ៍ម៉ូដអន្តរជាតិវៀតណាម AVIFW នោះ លោក Priyo Oktaviano បានឧទ្ទេសនាមពីការសម្រាំងដោយមានឈ្មោះថា “រំលឹកដល់កុមារភាព” (Childhood Reminiscence) ដែលពោរពេញទៅដោយបុគ្គលិកលក្ខណៈជាមួយនឹងរចនាប័ទម៉ូដតាមផ្លូវ។ សម្លៀកបំពាក់ចំនួន ២៨ ឈុត ដែលត្រូវបាននាំយកមកចូលរួមសប្ដាហ៍ម៉ូដវៀតណាមលើកនេះ គឺជាការច្នៃប្រឌិតដោយផ្អែកលើការអភិរក្សតម្លៃប្រពៃណី ជាពិសេសក្បូរក្បាច់រចនានៅលើក្រណាត់តម្បាញប្រពៃណីឥណ្ឌូណេស៊ី របស់អ្នករចនាម៉ូដរូបនេះ។ ចែករំលែកអំពីការសម្រាំងរបស់ខ្លួន អ្នករចនាម៉ូដជនជាតិឥណ្ឌូនេស៊ី លោក Priyo Oktaviano បានឲ្យដឹងថា៖

“ការសម្រាំងនេះ គឺម៉ូដតាមដងផ្លូវដែលពោរពេញទៅដោយបុគ្គលិកលក្ខណៈនិងរចនាប័ទដោយឡែក។ ខ្ញុំប្រើប្រាស់ពណ៌ជាច្រើន ចាប់ពីពណ៌ទឹកក្រូច ពណ៌លឿង ពណ៌ខៀវអំបុក និងពណ៌ផ្កាឈូក។ ត្រូវចំណាយពេល ៣ ខែដើម្បីលាយពណ៌ធម្មជាតិនិងពណ៌គីមី។ លម្អិតដែលបិទនៅលើសម្លៀកបំពាក់ គឺធ្វើដោយដៃទាំងស្រុង។ ក្រៅពីនេះ ខ្ញុំក៏គួបផ្សំលំនាំប្រពៃណីឥណ្ឌូណេស៊ីជាមួយនឹងសម្ភារៈដោយមានលក្ខណៈជីវចលនា និងរចនាប័ទទំនើប។ សម្លៀកបំពាក់ចំនួន ២៨ ឈុត ភាគច្រើនជាសម្លៀកបំពាក់បុរស ដែលត្រូវបានណែនាំលើកនេះ ជាកាដូដែលខ្ញុំផ្ដល់ជូនជំនាន់វ័យក្មេង”។

លោក Priyo Oktaviano - អ្នកនិទានរឿងម៉ូដអន្តរជាតិដោយវប្បធម៌ឥណ្ឌូនេស៊ី - ảnh 2សម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍ក្នុងការសម្រាំងម៉ូដ "រំលឹកដល់កុមារភាព"។ (រូបថត៖ KBRI)

នេះមិនមែនជាលើកដំបូងទេ ដែលអ្នករចនាម៉ូដជនជាតិឥណ្ឌូនេស៊ីរូបនេះចូលរួមសប្តាហ៍ម៉ូដអន្តរជាតិវៀតណាមសរទរដូវ-រដូវរងា។ នៅក្នុងព្រឹត្តិការណ៍ម៉ូដនេះកាលពីឆ្នាំ ២០១៦ លោកក៏បានឧទ្ទេសនាមដល់ពិភពម៉ូដវៀតណាម អំពីការសម្រាំង “Potpuirri” ដែលត្រូវបានបំផុសគំនិតពីស្លឹកផ្កាស្ងួត។ នៅឆ្នាំនេះ ក្នុងនាមជាអ្នករចនាម៉ូដតែម្នាក់គត់ របស់ប្រទេសឥណ្ឌូណេស៊ីដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ លោកតែងតែងឿងឆ្ងល់ធ្វើយ៉ាងណាដើម្បីឧទ្ទេសនាមពីលក្ខណៈពិសេសដោយឡែកនៃលំនាំក្បូរក្បាច់រចនាប្រពៃណីឥណ្ឌូណេស៊ីខណៈដែលនៅមានលក្ខណៈអន្តរជាតិ និងអាចអនុវត្តន៍បានខ្ពស់នៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសត្រូវបានយុវជនជំនាន់ "Gen Z" ទទួលយក។

“ការសម្រាំងរបស់ខ្ញុំលើកនេះ គឺកើតចេញពីការចងចាំអនុស្សាវរីយ៍កាលពីកុមារភាព។ លំនាំនៃការសម្រាំង គឺជាលំនាំប្រចាំតំបន់ដែលខ្ញុំរស់នៅ - ដែលជា Jawa ខាងកើតនិងក្រណាត់បាលី។ ខ្ញុំមានបំណងចង់ឧទ្ទេសនាមពីតម្លៃប្រពៃណីរបស់ឥណ្ឌូនេស៊ី ប្រកបដោយលក្ខណៈពិសេសដោយឡែករបស់ឥណ្ឌូណេស៊ីជាមួយវៀតណាម ហើយស្របតាមប្រធានបទនៃសប្តាហ៍ម៉ូដអន្តរជាតិ Aquafina លើកនេះគឺ “Taste of Heritage” (រសជាតិនៃបេតិកភណ្ឌ)។ ការសម្រាំងរបស់ខ្ញុំមានរចនាប័ទសប្បាយនិងចម្រុះពណ៌សម្រាប់យុវវ័យ ព្រោះគេជាមនុស្សដ៏ស្វាហាប់ និងពោរពេញដោយថាមពល”។

“បន្ទាប់ពីបានឃើញការសម្រាំងរបស់អ្នករចនាម៉ូដ Priyo Oktaviano មកពីប្រទេសឥណ្ឌូនេស៊ី ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាចូលក្នុងពិភពលោក ១០០១ ពណ៌។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលេងពណ៌របស់គាត់។ វាមានលក្ខណៈអនុវត្តជាក់ស្ដែងខ្ពស់ ដោយអាចស្លៀកពាក់នៅពេលដើរលេងតាមផ្លូវ ឬក្នុងកម្មវិធីជប់លៀងក៏បានដែរ”។

“ការសម្រាំងរបស់អ្នករចនាម៉ូដជនជាតិឥណ្ឌូនេស៊ី ពិតជាត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំ។ ខ្ញុំចង់ទិញនិងពាក់សម្លៀកបំពាក់មួយឈុតនៅក្នុង

ការសម្រាំងនោះ។ គាត់គួបផ្សំបានយ៉ាងប៉ិនប្រសពនិងសមហេតុផល រវាងកត្តាប្រពៃណីជាមួយនឹងជំនាន់ Gen Z សព្វថ្ងៃ។ ខ្ញុំមានអារម្មណ៍ថា ការសម្រាំងនេះនឹងមានប្រជាប្រិយភាពនិងកម្លាំងទាក់ទាញសម្រាប់សំណាក់យុវជន”។

ការសម្រាំង “រំលឹកដល់កុមារភាព” មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងទទួលបានការវាយតម្លៃខ្ពស់ពីអ្នករចនាម៉ូដវៀតណាមទៀតផង។ អ្នករចនាម៉ូដវៀតណាម លោក Nguyen Duc Hung បានឲ្យដឹងថា៖

“រូបខ្ញុំផ្ទាល់ ចូលចិត្តការសម្រាំងនេះណាស់។ ទីមួយ គឺរបៀបដែលគាត់និទានរឿង វាជារឿងអន្តរជាតិ ហើយមានភាសាម៉ូដអន្តរជាតិ។ ខ្ញុំអាចមើលឃើញការតម្រង់ទិសសោភ័ណភាពក្នុងការសម្រាំងនេះ ដែលជាភារកិច្ចរបស់អ្នករចនាម៉ូដឥណ្ឌូនេស៊ី ក៏ដូចជារូបខ្ញុំផ្ទាល់ផងដែរ។ ខ្ញុំគិតថា ការសម្រាំងនេះនឹងទទួលបានការនិយមចូលចិត្តពីយុវជនវៀតណាម”។

ការប្រើប្រាស់ក្រណាត់ "ត្បាញដោយដៃ" ក្នុងគ្រប់ស្នាដៃរចនាទាំងអស់របស់ខ្លួន - គឺជាវិធីដែល លោក Priyo Oktaviano ក្រើនរំលឹកខ្លួនឯងឲ្យត្រូវតែរក្សាបាននូវលក្ខណៈប្រពៃណីនៃក្រណាត់ត្បាញដោយដៃ របស់ឥណ្ឌូនេស៊ីនៅក្នុងការច្នៃប្រឌិតសិល្បៈ។ វត្តមាននៅក្នុងសប្តាហ៍ម៉ូដអន្តរជាតិវៀតណាមលើកនេះ នាំមកឲ្យលោក Priyo Oktaviano នូវគំនិតស្ដីពីការគួបផ្សំសម្ភារៈក្រណាត់ប្រពៃណីវៀតណាមនៅក្នុងការសម្រាំងបន្ទាប់របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ