ល្ខោនអាយ៉ងឡាវ បញ្ជូនសារអំពីកិច្ចការពារបរិស្ថាន

(VOVWORLD) -“សម្លេងរបស់ភូមិខ្ញុំ”គឺជា រឿងរ៉ាវដំណាលអំពីការដែលមនុស្សចោលសម្រាម ថង់ប្លាស្ទិចពាសវាលបាសកាលកាប់បំផ្លាញព្រៃឈើ ដែលបណ្ដាលឲ្យមានគ្រោះមហន្តរាយបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។ នេះគឺជាឈុតសម្ដែងរបស់ក្រុមសិល្បៈឡាវ ក្នុងមហាស្រពល្ខោនអាយ៉ងអន្តរជាតិលើកទី ៥ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។ ឈុតសម្ដែងនេះបានបញ្ជូនសារថា មនុស្សជាអ្នកបំផ្លាញបរិស្ថាន ហើយមានតែមនុស្សប៉ុណ្ណោះទើបអាចបោសសម្អាតបរិស្ថានឲ្យល្អស្អាតឡើងវិញបាន។
ល្ខោនអាយ៉ងឡាវ បញ្ជូនសារអំពីកិច្ចការពារបរិស្ថាន - ảnh 1 ក្រុមឡាវទទួលបានពាន់រង្វាន់មាស

នាវេលាម៉ោង ៨ និង ១៥ នាទី នៅពេលដែលវាំងននឆាកត្រូវបានបើកនោះ ទេសភាពព្រៃព្រឹក្សាបានលេចឡើងជារូបរាងចំពោះមុខទស្សនិកជន ដោយមានដើមឈើបៃតង ធ្វើដោយដៃរបស់សិល្បករ សិល្បការិនី។ លាយឡំជាមួយសម្លេងចាបស្រែកយំ ស្វាលោតស្រែកកញ្ជ្រៀវលេង និងសម្លែងខែនឡាវ ដែលធ្វើឲ្យបរិយាកាសនៅទីនេះពោរពេញទៅដោយភាពសុខសាន្តត្រាណ។សត្វចាបធ្វើពីក្រណាត់ពណ៌ស មួយគូ នភ្ជាប់ជាមួយកំណាត់ឈើ ត្រូវបានសិល្បករ សិល្បការីនីបញ្ជាយ៉ាង ប៉ិនប្រសប់។ សត្វស្វាមួយក្បាល បានសម្ដែងដោយតួអង្គពាក់របាំងមុខកំពុងផ្ដោតអារម្មណ៍ ស៊ីស្លឹកឈើមិនខ្វល់ពីនរណាទាំងអស់។ ទន្ទឹមនឹងនេះមានសត្វកុកធ្វើពីអង្កត់ឧស និងបំពង់ទឹក កំពុងស្វែងរកចំណីនៅក្បែរទឹកជ្រោះ។ នេះគឺជាទេសភាព នាគ្រាមិនទាន់មានវត្តមានមនុស្ស និងម៉ាស៊ីនទំនើបៗឡើយ។

ល្ខោនអាយ៉ងឡាវ បញ្ជូនសារអំពីកិច្ចការពារបរិស្ថាន - ảnh 2ឈុតសម្ដែងល្ខោនអាយ៉ាងមួយ 

ទេសភាពហាកដូចជានៅតែដដែល ប៉ុន្តែស្រាប់តែមាន សម្លេងដាប់ និងម៉ូទ័រស្វានឈើ លាយឡំជាមួយសម្លេងរថយន្តធ្វើដំណើរទៅមក បានបន្លឺឡើងនូវបរិយាកាសដ៏អ៊ូអរ។ តួអង្គពាក់របាំងស្រទបស្លា ដែលស្លៀកពាក់ឈុតអាវសឺមីដ៏សមរម្យ កំពុងជិះឡានដោយបញ្ចេញសូរអឺងអាប់ ធ្វើឲ្យមនុស្សធ្វើដំណើរនៅជុំរិញបានខឹងសម្បា ហើយបោះសម្រាម និងថង់ប្លាស្ទិចផ្ដេសផ្ដាសតែម្ដង។ លោក Vannanet Vetdavong អ្នកដឹកនាំឈុតសម្ដែង សម្លេងរបស់ភូមិខ្ញុំ នៃក្រុមសិល្បៈល្ខោនអាយ៉ងជាតិឡាវ ចំណុះនាយកដ្ឋានសិល្បៈសម្ដែង នៃក្រសួងវប្បធម៌ ព័ត៌មាន និងទេសចរណ៍ឡាវបានឲ្យដឹងថា៖

“យើងខ្ញុំបានរៀបចំ និងហាត់សមឈុតសម្ដែងនេះរយៈពេល ៣ សប្ដាហ៍។ យើងខ្ញុំចង់បញ្ជូននូវខ្លឹមសារអំពីព្រៃព្រឹក្សា បរិស្ថាន សត្ថលោក និងកិច្ចការពារពិភពលោករបស់យើងសម្រាប់កូនចៅជំនាន់ក្រោយផងដែរ”។

ស្ដីពីលក្ខណៈវិសេសវិសាលរបស់ល្ខោនអាយ៉ងឡាវនោះ លោក Vetdavong បានបន្តនិយាយថា៖

“លក្ខណៈវិសេសវិសាលរបស់ល្ខោនអាយ៉ងឡាវគឺ យើងខ្ញុំសុទ្ធតែប្រើប្រាស់តួអាយ៉ង ដែលបានធ្វើពីវត្ថុធាតិដែលត្រូវបានគេបោះបង់ចោល ឬពីឧបករណ៍ផ្តៅនិងឫស្សី។ តួអាយ៉ាងទាំងនេះគឺសុទ្ធតែត្រូវបានក្រុមសិល្បៈយើងខ្ញុំកែច្នែឡើងផងដែរ“។

ឥឡូវនេះ លើឆាកមានសត្វកុកមួយគូកំពុងស្វែងរកចំណី ប៉ុន្តែគ្មានចំណីនោះទេ ទើបវាត្រូវស៊ីទាំងថងប្លាស្ទិចផង ព្រមទាំងត្រូវដណ្ដើមចំណីជាមួយសត្វដទៃទៀតផង។ ក្នុងទេសភាពដណ្ដើមចំណីនោះ លិល្បករ សិល្បការិនីបានដាក់បញ្ចូលទាំងការផ្សព្វផ្សាយរបាំប្រពៃណីនៃប្រទេសខ្លួន ដោយទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។ លោកស្រី Hoai ទស្សនិកជនមួយរូបបានចែករំលែកថា៖

“ចាប់ពីតួអាយ៉ង សំលៀកបំពាក់ រហូតដល់តូរតន្ត្រីគឺសុទ្ធតែមានអត្តសញ្ញាណរបស់ឡាវ។ សិល្បៈករសិល្បការិនីគ្រប់រូបបានប្រើប្រាស់ទាំងសម្លេង និងកាយរិការរបស់តួអាយ៉ង ហើយកត្តាទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍របស់កុមារ។ ឈុតសម្ដែងនេះចង់បញ្ជូនសារថា យើងគប្បីរួមដៃគ្នា ដើម្បីការពារបរិស្ថាន“។

 រូបភាពតួអាយ៉ាងមួយគូកំពុងថ្នាក់ថ្នមកូនឈើ ដែលធ្វើពីក្រណាត់ បានធ្វើឲ្យទស្សនិកជនបន្ធូរអារម្មណ៍។ ដើមឈរបៃតងទាំងនេះបានក្លាយទៅជាព្រៃព្រឹក្សា ហើយទាក់ទាញសត្វគ្រប់ប្រភេទមករស់នៅ។

ឈុតសម្ដែងនេះបានបិទបញ្ចប់នាវេលាម៉ោង ៨ នឹង ៤៥ នាទី ដោយពោរពេញទៅដោយសម្លេងទះដៃពីសំណាក់ទស្សនិកជនរាប់រយនាក់។ បញ្ចប់មហោស្រពល្ខោនអាយ៉ងឆ្នាំ២០១៨នោះ ក្រុមឡាវទទួលបានពាន់រង្វាន់មាស។ ក្រៅពីនេះ គេក៏ទទួលបានរង្វានលើកទឹកចិត្តសម្រាប់តួអង្គបញ្ជាតួអាយ៉ាងឆ្នើម និងកែច្នៃរូបអាយ៉ាងឆ្នើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ