វៀតណាម-ថៃឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៤

(VOVWORLD) - វៀតណាម-ថៃទើបតែប្រារព្ធខួប១០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣) ហើយនៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ នឹងប្រារព្ធខួប៥០ឆ្នាំនៃទំនាក់ទំនងការទូត (១៩៧៦ - ២០២៦)។ ដូច្នេះ ឆ្នាំ ២០២៤ នឹងជារបត់ដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតខ្ពស់បំផុត។ នេះគឺជាខ្លឹមសារសំខាន់មួយក្នុងកិច្ចសម្ភាសន៍រវាងវិទ្យុសំឡេងវៀតណាមជាមួយលោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម អំពីចំណុចលេចធ្លោនានាក្នុងរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣) និងមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ។

“ខ្ញុំវាយតម្លៃថាទំនាក់ទំនងវៀតណាម-ថៃស្ថិតក្នុងដំណាក់កាលល្អប្រសើរបំផុតទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងការទូតរវាងប្រជាជននិងប្រជាជន។ បន្ទាប់ពីប្រទេសថៃបានបង្កើតរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រី Srettha Thavisin នៅខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Parnpree Bahiddha-Nukara បានជ្រើសរើសប្រទេសវៀតណាមជាគោលដៅដំបូងគេសម្រាប់ដំណើរទស្សនកិច្ចនៅបរទេស។ ប្រការនេះបង្ហាញពីការគោរពរបស់រដ្ឋាភិបាលថៃចំពោះអាស៊ាន និងវៀតណាម។ ដំណើរទស្សនកិច្ចនេះក៏សំដៅ ប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃមកវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃលើកទី៤ នៅខែឧសភា ឆ្នាំ២០២៤ ផងដែរ។ ក្នុងនោះ ខ្លឹមសារសំខាន់បំផុតនោះគឺរដ្ឋាភិបាលទាំងពីរនឹងលើកកំពស់ទំនាក់ទំនងឡើងកម្រិតខ្ពស់បំផុតគឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

វៀតណាម-ថៃឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៤ - ảnh 1លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាម។ (រូបថត៖ VOV5)

លើវិស័យសេដ្ឋកិច្ច វៀតណាម និងថៃ គឺជាដៃគូពាណិជ្ជកម្មលេខ ១ ក្នុងអាស៊ាន។ គោលដៅនៃទំហំពាណិជ្ជកម្ម ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ នឹងត្រូវបានសម្រេចយ៉ាងឆាប់រហ័ស។ ទាក់ទិននឹងការវិនិយោគ គម្រោងវិនិយោគរបស់ថៃចូលមកវៀតណាមលាតសន្ធឹងលើវិស័យកសិកម្ម ផលិតកម្មឧស្សាហកម្ម ការកែច្នៃ ជាពិសេសថាមពលកកើតឡើងវិញ។ ប្រការនេះគឺសមស្របទាំងស្រុងជាមួយនឹងរបៀបវារៈរបស់ប្រទេសទាំងពីរស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០ នវានុវត្តន៍ ការអភិវឌ្ឍបៃតង និងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ប្រទេសថៃអាចឡើងចំណាត់ថ្នាក់ពីក្រុមប្រទេសទាំង៩ ទៅក្រុមប្រទេសទាំង៥ដែលវិនិយោគច្រើនបំផុតនៅវៀតណាម។

ក្នុងរយៈពេល២ឆ្នាំកន្លងមក ចំនួនភ្ញៀវទេសចរវៀតណាមនិងថៃបានកើនឡើង១៤០%។ ក្នុងនោះមានភ្ញៀវទេសចរថៃប្រមាណ៥០ម៉ឺននាក់ធ្វើដំណើរមកវៀតណាម និងភ្ញៀវទេសចរវៀតណាមប្រមាណ១លាននាក់ធ្វើដំណើរទៅប្រទេសថៃ។ ដូច្នេះគោលដៅភ្ញៀវថៃមកវៀតណាម១លាននាក់ និងភ្ញៀវវៀតណាទៅថៃ ២ លាននាក់ មិនសូវឆ្ងាយពេកទេ ។ ចំពោះប្រសិទ្ធភាពនៃការអនុវត្តគំនិតផ្តួចផ្តើម "ការតភ្ជាប់ទាំងបី" ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការផ្លាស់ប្តូរឌីជីថល និងថាមពលបៃតង ដើម្បីរួមចំណែកដល់ភាពរឹងមាំនៃសេដ្ឋកិច្ចសង្គមរវាងប្រទេសទាំងពីរ លោកឯកអគ្គរាជទូត Nikorndej Balankura បានវាយតម្លៃថា៖

"ខ្ញុំគិតថាការអនុវត្តគំនិតផ្តួចផ្តើម "ការតភ្ជាប់ទាំងបី" គឺមានប្រសិទ្ធភាពខ្លាំងណាស់។ ក្នុងអាណត្តិជាឯកអគ្គរាជទូតថៃប្រចាំប្រទេសវៀតណាម ខ្ញុំផ្តោតលើការតភ្ជាប់គ្រប់កម្រិតជាមួយបណ្ដាខេត្តភាគកណ្តាល និងភាគខាងជើង។ នៅភាគខាងត្បូងវិញ ការតភ្ជាប់ជាមួយប្រទេសថៃមានពីមុនមកហើយ។ យើងខ្ញុំបានរៀបចំសកម្មភាព "ជំនួបប្រាស្រ័យថៃ" លើកទី ១ នៅខេត្ត Quang Tri ចាប់ពីថ្ងៃទី ៣-៤ ខែសីហា ឆ្នាំ ២០២៣ដោយទាក់ទាញអ្នកចូលរួមជាង ៥០០ នាក់។ ក្នុងនោះមានមន្ត្រីរដ្ឋ ឯកជន និងថ្នាក់ដឹកនាំមូលដ្ឋាន។ យើងខ្ញុំក៏តភ្ជាប់គូសហគ្រាសចំនួន ៨៦ និងផ្សព្វផ្សាយឱកាសវិនិយោគនៅក្នុងតំបន់ភាគកណ្តាលទៅកាន់វិនិយោគិន និងសហគ្រាសថៃផងដែរ។ ជាពិសេស បន្ទាប់ពីជំនួបសន្ទនាជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Quang Tri អំពីថាមពលកកើតឡើងវិញ ខ្ញុំសង្ឃឹមថានឹងមានគម្រោងវិនិយោគរបស់ថៃលើវិស័យនេះនៅខេត្ត Quang Tri។ ខ្ញុំជឿជាក់ថា គម្រោងវិនិយោគថាមពលកកើតឡើងវិញរបស់ប្រទេសថៃនឹងរួមចំណែកជួយវៀតណាមសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០”។

មុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃលើកទី៤ ក្នុងឆ្នាំ២០២៤ លោកឯកអគ្គរាជទូត Nikorndej Balankura បានធ្វើអត្ថាធិប្បាយថា៖

“ដូចដែលខ្ញុំបាននិយាយថា ចំណុចសំខាន់បំផុតក្នុងដំណើរទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ លើកទី៤ របស់លោកនាយករដ្ឋមន្រ្តី Srettha Thavisin គឺការលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ តាមនោះ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើគ្រប់វិស័យ។ ឧទាហរណ៍លើវិស័យនយោបាយ យើងត្រូវពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលថៃ។ លើសពីនេះ យើងគួរតែសហការកាន់តែជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសន្តិសុខក្រៅប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ជាដើម”។

ជាមួយនឹងអត្ថន័យ "ពិសេស" នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកនេះ ក្រៅពីតំណាងក្នុងវិស័យដូចជា សន្តិសុខ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម នឹងមានតំណាងមកពីក្រសួងជាច្រើនទៀតដូចជា គមនាគមន៍ ថាមពល សុខាភិបាល និង ការអប់រំ ចូលរួមផងដែរ។ ជាពិសេសនឹងមានវត្តមានរបស់អ្នកជំនាញលើបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ លើសពីនេះ ចាប់ពីឆ្នាំពេលនេះរហូតដល់ឆ្នាំ២០២៦ ប្រទេសទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពជាច្រើន សំដៅឆ្ពោះទៅការអបអរសាទរខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ថៃ (១៩៧៦-២០២៦)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ