សាលារៀនបៃតងដែលបង្រៀនសិស្សអំពីការការពារបរិស្ថាននៅប្រទេសឥណ្ឌូនេស៊ី

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្រៅពីវិបត្តិអតិផរណា ស្ថានភាពបំពុល បរិស្ថាននិងការប្រែប្រួលអាកាសធាតុក៏ជាកង្វល់របស់ពិភពលោកទាំងមូលនិយាយរួមនិងបណ្តាប្រទេសអាស៊ាននិយាយដោយឡែក។ ជាពិសេសនៅប្រទេសឥណ្ឌូនេស៊ី កោះបាលីដ៏ស្រស់ស្អាតតែងតែមានចំនួនភ្ញៀវទេសចរកើនឡើង ប៉ុន្តែក្តីបារម្ភអំពីកាកសំណល់ និងការគ្រប់គ្រងប្រភពទឹកក៏កើនឡើងដោយឥតឈប់ឈរផងដែរ។ នៅចំពោះមុខបញ្ហាទាំងនេះ ប្រជាជនឥណ្ឌូនេស៊ីបានអនុវត្តន៍ចក្ខុវិស័យរបស់ខ្លួន តាមរយៈសាលារៀនបៃតងពិសេសមួយនៅកោះ បាលី។ នោះគឺជាសាលារៀនផ្លូវការដោយមានកម្មវិធីបណ្តុះបណ្តាលផ្តោតលើការបង្រៀនសិស្សពីរបៀបរស់នៅប្រកបដោយសុខដុមរមនាជាមួយធម្មជាតិ ហើយផ្តល់ចំណេះដឹងអំពីតម្លៃនៃធម្មជាតិ។

សាលារៀនបៃតងដែលបង្រៀនសិស្សអំពីការការពារបរិស្ថាននៅប្រទេសឥណ្ឌូនេស៊ី - ảnh 1ទិដ្ឋភាពនៅសាលារៀនបៃតង។ (រូបថត៖ Green School)

សំងំលាក់ខ្លួននៅក្រោមម្លប់ព្រៃឈើខៀវស្រងាត់នៅលើកោះបាលីដ៏ស្រស់ស្អាតនៅប្រទេស ឥណ្ឌូនេស៊ី គឺជាសាលារៀនពិសេសមួយ ដែលកុមារត្រូវបានរៀននៅក្នុងថ្នាក់ពិសេស ដែល សាងសង់ឡើងពីឫស្សីនិងវត្ថុធាតុដើមកែច្នៃឡើងវិញទាំងស្រុង។ Green School - សាលារៀនបៃតង ស្ថិតនៅតាមមាត់ទន្លេ Ayung ដែលជាទន្លេវែងជាងគេបំផុតនៅលើកោះបាលី មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីតំបន់ទេសចរណ៍ដ៏ល្បីល្បាញ Ubud។ ថ្នាក់រៀននៅទីនេះត្រូវបានរចនាឡើងដោយគ្មានជញ្ជាំងដើម្បីជួយសិស្សឲ្យមានអារម្មណ៍ជិតស្និទ្ធជាមួយធម្មជាតិ។ ទីនេះត្រូវបានគេសរសើរថាជា "សាលារៀនបៃតងបំផុតនៅលើផែនដី"។ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon ក្នុងដំណើរបំពេញទស្សនកិច្ចនៅសាលារៀននេះ បានចែករំលែកថា៖

“ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ខ្ញុំបានទៅកាន់កន្លែងជាច្រើន ប៉ុន្តែនេះគឺជាសាលារៀនដ៏វិសេសវិសាល និងគួរឲ្យចាប់អារម្មណ៍បំផុត ដែលខ្ញុំធ្លាប់បានទៅទស្សនា។ អ្នកទាំងអស់បានអនុត្តន៍យ៉ាងល្អនូវការសន្យាដ៏ខ្លាំងក្លាចំពោះចក្ខុវិស័យនៃពិភពលោកបៃតង”។

“សាលារៀនបៃតង” ត្រូវបានបង្កើតឡើងដោយប្ដីប្រពន្ធមហាសេដ្ឋីជនជាតិអាមេរិកមួយគូគឺលោក John និងលោកស្រី Cynthia Hardy កាលពីឆ្នាំ២០០៦ ហើយបានបើកទ្វារទទួលសិស្សតាំងពីឆ្នាំ ២០០៩។ ចាប់តាំងពីការបង្កើតមក សាលាទទួលបានការកោតសរសើរជាច្រើន អំពីវិធីអភិក្រមប្រកបដោយភាពច្នៃប្រឌិតចំពោះការអប់រំ។ នៅទីនេះ សិស្សានុសិស្សក៏រៀនមុខវិជ្ជាមូលដ្ឋានដូចជា៖ ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ ជាដើម។ ក្រៅពីនោះ ក៏មានវគ្គសិក្សាជំនាញពិសេសគួរឲ្យទាក់ទាញ ត្រឹមតែសម្រាប់សិស្សនៅសាលាប៉ុណ្ណោះ ដូចជា៖ ជិះស្គីលើទឹករលក លុយទឹកភក់ ការអភិវឌ្ឍជាសកល ការគ្រប់គ្រងបរិស្ថាន ជាដើម។ សិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា សុទ្ធតែរៀនពីការការពារធម្មជាតិ មិនប្រើប្រាស់ថង់ប្លាស្ទិក កាត់បន្ថយជាអតិបរមាកាកសំណល់ដល់បរិស្ថាន។ លោក Putu Witsen គ្រូបង្រៀនម្នាក់នៅសាលាបានចែករំលែកថា៖

“កុមារនឹងមានថាមពលច្រើនជាង ជាពិសេសនៅពេលដែលគេសម្របខ្លួនទៅក្នុងធម្មជាតិ លេងជាមួយសត្វ និងរុក្ខជាតិ។ យើងខ្ញុំបានបង្កើតកម្មវិធីនានាដើម្បីជួយប្អូនៗឲ្យយល់ពីភាពក្លាហាន តុល្យភាពក្នុងជីវិត និងការជឿជាក់លើខ្លួនឯង។ យើងខ្ញុំឆ្ពោះទៅរកគោលដៅជួយប្អូនៗនៅពេលបញ្ចប់ការសិក្សាត្រូវជំនះពុះពារលើរាល់បញ្ហាប្រឈមទាំងនោះ”។

សាលារៀនបៃតងដែលបង្រៀនសិស្សអំពីការការពារបរិស្ថាននៅប្រទេសឥណ្ឌូនេស៊ី - ảnh 2ទិដ្ឋភាពនៅក្នុងថ្នាក់រៀន។

ក្រៅពីនោះ សិស្សានុសិស្សនៅទីនេះក៏មានឱកាសស្គាល់ដល់គំនិតច្នៃប្រឌិតទំនើប រួមចំណែកធ្វើឲ្យពិភពលោកកាន់តែបៃតងនិងស្រស់ស្អាតផងដែរ។ ជាពិសេស ប្រព័ន្ធរថយន្តសាលា ប្រើប្រាស់ឥន្ធនៈដែលផលិតពីប្រេងឆាដែលបានឆ្លងកាត់ការប្រើប្រាស់រួច។ ជាមធ្យមក្នុងមួយសប្ដាហ៍ សមាជិកសាលាប្រមូលប្រេងឆាប្រហែល ៣០០ លីត្រ ពីភោជនីយដ្ឋាននៅមូលដ្ឋាន។ ក្រៅពីនោះ កម្មវិធី “សូមលាថង់ផ្លាស្ទិក” របស់សាលា ក៏ទទួលបានការជួយជ្រោមជ្រែងជាច្រើនពីអ្នកស្រុកផងដែរ។ បរិវេណសាលា ត្រូវបានរចនាដូចនឹងតំបន់វប្បកម្មកសិកម្មអេកូឡូស៊ី ដោយមានសួនច្បារតូចៗជាច្រើន ក្នុងគោលបំណងបង្កើតឡើងបរិយាកាសធម្មជាតិទាំងស្រុង ហើយកែលម្អធនធានដី។ នេះក៏ជាកន្លែងសម្រាប់សិស្សានុសិស្សដាំដំណាំទៀតផង។ អ្នកស្រី Sri Darwiati អ្នកម្ដាយម្នាក់របស់សិស្សនៅសាលា បានចែករំលែកថា៖

“នេះពិតជាជាសាលាបង្ហាត់បង្រៀនបៃតងមែន។ សាលាបានជួយកុមារឲ្យយល់ពីរបៀបរស់នៅប្រកបដោយនិរន្តរភាព របៀបការពារធនធានដីធ្លី។ ជាលើកដំបូងដែលខ្ញុំបានលឺអំពីសាលានេះ ខ្ញុំសោមនស្សរីករាយយ៉ាងក្រែលែង ហើយខ្ញុំបានគិតធ្វើយ៉ាងណាដើម្បីឲ្យកូនខ្ញុំអាចសិក្សានៅសាលារៀនបៃតងបែបនេះ”។

គំរូបណ្តុះបណ្តាលនៃ "សាលារៀនបៃតង" ដោយផ្តោតលើការបង្រៀនសិស្សពីរបៀបរស់នៅប្រកបដោយនិរន្តរភាពជាមួយធម្មជាតិ កំពុងទាក់ទាញសិស្សមកពីប្រទេសជាច្រើន ហើយបច្ចុប្បន្ននេះជាបរិយាកាសអប់រំដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ ឪពុកម្តាយជាច្រើនមកពីប្រទេសផ្សេងៗគ្នា ពេលមករស់នៅកោះបាលី បានបញ្ជូនកូនៗរបស់គេចូល "សាលារៀនបៃតង"។ “សាលារៀនបៃតង” បានក្លាយជាអាស័យដ្ឋានមួយក្នុងចំណោមអាស័យដ្ឋានបណ្តុះបណ្តាលសិស្សានុសិស្សឲ្យមានភាពស្ទាត់ជំនាញអំពីឥន្ធនៈជំនួស និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ