ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១០ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤០០ ដែលត្រូវបានផ្ញើមកកាន់កាណាល់ VOV5។ សូមអរគុណចំពោះរាល់មនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព បរិយាកាសបុណ្យតេតប្រពៃណីកំពុងរីកសាយភាយលើទូទាំងប្រទេសវៀតណាម។ តេតតែងតែជាប្រធានបទដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងមិនត្រឹមតែពីប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងមិត្តអ្នកស្ដាប់និងមិត្តអ្នកអានបរទេសទៀតផង។ មិត្តអ្នកស្តាប់ ហេង វុទ្ធី នៅកម្ពុជាបានផ្ញើសំណួរមកកាន់កម្មវិធីថា៖ “ក្រៅពីកម្មវិធីវប្បធម៌អំណរសាទរបុណ្យតេត ខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពថែទាំកម្មករ ជនក្រីក្រដែលមានស្ថានភាពលំបាកនៅប្រទេសវៀតណាមផងដែរ។ សូមសួរអំពីសកម្មភាពមួយចំនួនក្នុងការថែទាំបុណ្យតេត សម្រាប់កម្មករ ពលករនៅឆ្នាំនេះ”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1កម្មករ កម្មការិនី ខេត្ត Soc Trang ទៅទិញទំនិញចាំបាច់សម្រាប់បុណ្យតេតនៅកម្មវិធី "ផ្សារតេតសហជីព"។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ជាប្រពៃណីតាំងពីច្រើនឆ្នាំមកហើយ នៅពេលដែលបុណ្យតេតមកដល់ម្ដងៗ សកម្មភាពថែទាំបុណ្យតេតជូនប្រជាជន ជាពិសេសមុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ ជនក្រីក្រ និងកម្មករ ពលករដែលមានស្ថានភាពលំបាក តែងតែត្រូវបានផ្តល់ការយកចិត្តទុកដាក់ជាពិសេស ក្នុងបំណងធានាឲ្យមនុស្សទាំងអស់មានបុណ្យតេតដ៏រីករាយនិងកក់ក្តៅ។ សកម្មភាពថែទាំបុណ្យតេត រួមមានការរៀបចំដំណើរសួរសុខទុក្ខ ប្រគល់អំណោយជូនប្រជាជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ក្រសួង ស្ថាប័នមជ្ឈឹម និងថ្នាក់ដឹកនាំមូលដ្ឋាន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៣ សហព័ន្ធសហករវៀតណាមគ្រោងនឹងរៀបចំកម្មវិធី “ផ្សារតេតសហជីព” នៅខេត្ត ក្រុងចំនួន ២១ កន្លែង ដើម្បីផ្គត់ផ្គង់ទំនិញចាំបាច់ក្នុងតម្លៃអនុគ្រោះ រៀបចំសកម្មភាពអំណរនិទាឃរដូវ ប្រគល់អំណោយដល់ជនក្រីក្រ កម្មករដែលមានស្ថានភាពលំបាក...កម្មវិធីដ៏លេចធ្លោនិងមានអត្ថន័យមួយទៀតគឺ "បុណ្យតេតជួបជុំគ្នា" ដោយមានសកម្មភាពរៀបចំមធ្យោបាយដឹកជញ្ជូន ឧបត្ថម្ភទាំងស្រុងឬមួយផ្នែកនៃសំបុត្ររថភ្លើង រថយន្ត សំបុត្រយន្តហោះ ដើម្បីនាំសមាជិកសហជីព កម្មករ ពលករដែល មានតម្រូវការត្រឡប់ទៅស្រុកកំណើតដើម្បីទទួលអំណរបុណ្យតេត ក៏ដូចជាវិលត្រឡប់ទៅធ្វើការវិញឲ្យមានសុវត្ថិភាព និងភាពងាយស្រួល។ ផ្នែកមួយទៀតដែលមិនអាចខ្វះបានក្នុងការងារថែទាំបុណ្យតេត សម្រាប់កម្មករ ពលករនោះគឺប្រាក់រង្វាន់តេត។ នេះមិនត្រឹមតែជារង្វាន់សម្ភារៈដ៏សក្តិសមសម្រាប់សមិទ្ធិផលការងារក្នុងអំឡុងឆ្នាំកន្លងទៅប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តខាងស្មារតីដើម្បីឲ្យកម្មករ ពលករនឹងនរចិត្តធ្វើការ បន្តមានកម្លាំងចលករដើម្បីខិតខំប្រឹងប្រែងលះបង់សម្រាប់អង្គភាព អង្គការ និងសហគ្រាស។

ក៏ទាក់ទងនឹងប្រធានបទបុណ្យតេតផងដែរ មិត្តអ្នកស្តាប់ ឡុង តុង នៅប្រទេសកម្ពុជាបានសរសេរក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធីថា៖ “បុណ្យតេតប្រពៃណីនៅប្រទេសវៀតណាមមានរយៈពេលជាងមួយសប្តាហ៍ ដូច្នេះក្នុងអំឡុងពេលនេះ ប្រជាជនវៀតណាមតែងតែធ្វើអ្វី និងទៅកន្លែងណា? សូមអរគុណ។"

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ប្រជាជនវៀតណាមមានទំនៀមទំលាប់ទៅវត្តបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព ការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ជាធម្មតាអូសបន្លាយមួយសប្តាហ៍។ តេតជាពេលវេលានៃការជួបជុំគ្នា។ អ្នកដែលទៅរៀនឬធ្វើការឆ្ងាយអាចត្រឡប់មកផ្ទះវិញជួបជុំជាមួយក្រុមគ្រួសារនិងសាច់ញាតិ។ ប៉ុន្មានថ្ងៃមុនចូលឆ្នាំថ្មី គ្រួសារទាំងមូលនឹងសម្អាតតុបតែងផ្ទះ រៀបចំម្ហូបអាហារសម្រាប់បុណ្យតេត។ ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី ក្រុមគ្រួសារទាំងមូលនឹងទៅជូនពរញាតិមិត្ត ហើយបន្ទាប់នោះទៅវត្ត ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន និងសំណាងល្អសម្រាប់ក្រុមគ្រួសារ និងខ្លួនឯងក្នុងឆ្នាំថ្មី។ វត្តជាច្រើននៅវៀតណាមមានទេសភាពស្រស់បំព្រងណាស់ ដូច្នេះការទៅវត្តក៏អាចត្រូវបានចាត់ទុកថា ជាដំណើរកំសាន្តដើមនិទាឃរដូវសម្រាប់គ្រួសារទាំងមូលនៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីផងដែរ។ លើសពីនេះ ទីកន្លែងសាធារណៈ កន្លែងតុបតែងលម្អដើម្បីស្វាគមន៍បុណ្យតេត ដូចជា វិថីផ្កា វិថីសៀវភៅ ឧទ្យាន សួនផ្កា... ក៏ទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកថតរូប និងធ្វើដំណើរកម្សាន្តផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានគ្រួសារកាន់តែច្រើនបានឆ្លៀតពេលសម្រាកបុណ្យចូលឆ្នាំថ្មី ដើម្បីធ្វើដំណើរកម្សាន្តឆ្ងាយៗទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ប្រតិកម្មទៅវិញ

ផ្សេងៗ