ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៥០០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។ សូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំង អស់។

ទោះបីជាថ្ងៃឈប់សម្រាកបុណ្យតេតប្រពៃណីជាតិបានបញ្ចប់ហើយក៏ដោយ ប៉ុន្តែមិត្តអ្នកស្តាប់ជាច្រើននៅតែសម្ដែងការយកចិត្តទុកដាក់ដល់សកម្មភាពអំណរ ឆ្នាំថ្មីរបស់ជនជាតិវៀតណាម។ មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅទីក្រុងភ្នំពេញ បានផ្ដល់អត្ថាធិប្បាយថា៖ “ខ្ញុំគិតថាសកម្មភាពទទួលអំណរបុណ្យចូលឆ្នាំប្រពៃណីជាតិ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមម៉ែនទែន ចាប់ពីការបាញ់កាំជ្រួច ការតុបតែងផ្លូវផ្កា រហូតដល់ពិធីបុណ្យទាននានា។ នាពេលអនាគត ខ្ញុំនឹងខិតខំរៀបចំដំណើរទេសចរណ៍ជាមួយក្រុមគ្រួសារទៅកាន់ប្រទេសវៀតណាមក្នុងឱកាសនេះ ដើម្បីអាចរីករាយនឹងបរិយាកាសនៃបុណ្យ “តេត”។ ក៏មានការចាប់អារម្មណ៏ដូចគ្នាចំពោះសកម្មភាពអំណរឆ្នាំថ្មីដែរ មិត្តអ្នកស្តាប់ ស៊ុន ផុល នៅទីក្រុងភ្នំពេញបានចែករំលែកថា៖ “ក្នុងឱកាសនេះមានកម្មវិធី និងព្រឹត្តិការណ៍ដ៏វិសេសវិសាលជាច្រើន ប៉ុន្តែខ្ញុំចាប់អារម្មណ៍បំផុតគឺការសម្ដែងពន្លឺសិល្បៈដោយដ្រូននៅរដ្ឋធានីហាណូយ ព្រោះនេះគឺជាឆ្នាំដំបូង ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង។ ខ្ញុំក៏មានបំណងចង់ស្តាប់អ្នកឧទ្ទេសនាមបន្ថែមអំពីកម្មវិធីសម្ដែងដ្រូននេះដែរ”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1កម្មវិធីសម្ដែងពន្លឺសិល្បៈដោយដ្រូននៅរដ្ឋធានីហាណូយ។ (រូបថត៖ nhadautu.vn)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិចុងក្រោយនេះ រួមជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈ និងទេសចរណ៍ ដែលបានប្រព្រឹត្តទៅយ៉ាងផុសផុល នៅទូទាំងប្រទេស ទីក្រុងហាណូយបានសម្របសម្រួលជាមួយអង្គភាពមួយចំនួនដើម្បីរៀបចំជាលើកដំបូងកម្មវិធីសម្ដែងពន្លឺសិល្បៈដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ២០២៤ គ្រឿង ដោយប្រធានបទ "មួយថ្ងៃនៃរាជធានី - ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ"។ ប្រព្រឹត្តទៅក្នុងរយៈពេល ២០ នាទីមុនវេលាឆ្លងចូលឆ្នាំថ្មី កម្មវិធីសិល្បៈនេះ ត្រូវបានបំផុសគំនិតពីប្រវត្តិសាស្ត្រវប្បធម៌រាប់ពាន់ឆ្នាំនៃរដ្ឋធានីហាណូយ ពោរពេញទៅដោយតម្លៃវប្បធម៌ជាតិវៀតណាម តាមរយៈរូបភាព៖ ស្តេច Ly Thai To និងព្រះរាជក្រឹត្យផ្លាស់ទីរាជធានីមក Thang Long ក្នុងឆ្នាំ ១០១០ វត្ត Mot Cot វត្ត Tran Quoc ព្រះបរមរាជវាំង Thang Long ប្រាសាទសត្វអណ្ដើក ស្ពាន Long Bien... នេះជាការសម្តែងដោយមានចំនួនដ្រូនច្រើនបំផុតតាំងពីមុនមកនៅអាស៊ីអាគ្នេយ៍ ព្រមទាំងរួមបញ្ចូលគ្នាជាមួយនឹងតន្ត្រីដែលបាននិពន្ធដោយឡែក ប្រព័ន្ធសំឡេង និងអេក្រង់ផ្សាយផ្ទាល់ដែលបានដំឡើងនៅជុំវិញតំបន់បឹង Ho Tay បង្កើតឡើងការសម្ដែងដ៏អស្ចារ្យ គួរឲ្យចាប់អារម្មណ៍បំផុត មិនធ្លាប់មានពីមុនមកសម្រាប់ប្រជាជនរដ្ឋធានី និងភ្ញៀវទេសចរក្នុងឱកាសបុណ្យតេត។

ទន្ទឹមនឹងសកម្មភាពវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ប្រពៃណីមួយទៀតក្នុងឱកាសដើមនិទាឃរដូវឆ្នាំថ្មី របស់ប្រជាជនវៀតណាមក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្ត សុភ័ក្ត្រ នៅខេត្តសៀមរាប បង្ហាញពីបំណងចង់ស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់នៃការ “បើកប៊ិច” នៅដើមឆ្នាំថ្មីរបស់ជនជាតិវៀតណាម។

អ្នកស្រី សុភ័ក្ត្រ និងមិត្តអ្នកស្តាប់ជាទីគោរព ការ "បើកប៊ិច" មានន័យថា កាន់ប៊ិចដើម្បីសរសេរឬគូរជាលើកដំបូងនៅដើមឆ្នាំថ្មី។ ក្នុងអតីតកាល មន្ត្រីក្នុងរាជវង្ស លោកគ្រូនិងសិស្ស តែងតែធ្វើពិធី “បើកប៊ិច” យ៉ាងឱឡារិក ហើយជូនអក្សរដល់មិត្តភក្តិ និងញាតិសន្ដាន មិនត្រឹមតែបង្ហាញពីបំណងប្រាថ្នាចង់មានការចាប់ផ្ដើមដ៏ល្អប្រសើរក្នុងឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជាការលើកតម្កើងចំពោះការសិក្សារៀនសូត្រទៀតផង។ ប៉ុន្មានទស្សវត្សកន្លងថ្មីៗនេះ ទំនៀមទម្លាប់ “បើកប៊ិច” ត្រូវបានអនុវត្តន៍ក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន ហើយបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ល្អប្រសើរមួយរបស់ប្រទេសវៀតណាម។ មិនត្រឹមតែមនុស្សដែលមានអាជីពភ្ជាប់នឹងប៊ិច ទើបអនុវត្តន៍ការ “បើកប៊ិច” ប៉ុណ្ណោះទេ ប៉ុន្តែនរណាម្នាក់ក៏អាចធ្វើពិធីនេះបាន ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនសម្រាប់ឆ្នាំថ្មី ឬរំលឹកខ្លួនឯងឲ្យខិតខំប្រឹងប្រែងឆ្ពោះទៅរកអ្វីៗដ៏ល្អប្រសើរទៀតផង។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2វិមាន Kien Trung ក្រោយពីត្រូវបានសាងសង់ឡើងវិញ បានបើកទ្វារទទួលភ្ញៀវមកទស្សនាក្នុងប៉ុន្មានថ្ងៃបុណ្យតេត។ 

ក្នុងផ្នែកចុងក្រោយនៃកម្មវិធី យើងខ្ញុំសូមឧទ្ទេសនាមអំពីវិមាន Kien Trung ដែលទើបតែត្រូវបានកសាងឡើងវិញនៅក្នុងព្រះបរមរាជវាំង Hue តាមសំណើររបស់មិត្ត ចន្ថាវី ជានិស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្តថៃប៊ិញ។

វិមាន Kien Trung ស្ថិតនៅលើអ័ក្សស្នូល ខាងក្នុងព្រះបរមរាជវាំង Hue ត្រូវបានសាងសង់ឡើងក្រោមរាជកាលស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១ ដើម្បីធ្វើជាកន្លែងស្នាក់នៅ សម្រាក និងធ្វើការប្រចាំថ្ងៃរបស់ស្តេច។ សំណង់នេះត្រូវបានសម្រេចនៅឆ្នាំ ១៩២៧ ប៉ុន្តែនៅឆ្នាំ ១៩៤៧ ដោយសារតែសង្រ្គាម សំណង់នេះទទួលរងការបំផ្លិចបំផ្លាញទាំងស្រុង ដោយសល់តែគ្រឹះប៉ុណ្ណោះ។ ដោយផ្អែកលើរូបភាព និងឯកសារប្រវត្តិសាស្ត្រ ក្នុងឆ្នាំ 2019 គម្រោងជួសជុល និងកសាងវិមាន Kien Trung ឡើងវិញ ត្រូវបានចាប់ផ្តើមជាផ្លូវការដោយចំណាយថវិកាជាង ១២០ ពាន់លានដុង សម្រេចនៅចុងឆ្នាំ ២០២៣ ហើយបានបើកទ្វារទទួលភ្ញៀវមកទស្សនាក្នុងឱកាសបុណ្យតេតកន្លងទៅ។ យោងតាម មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានី Hue ក្រៅពីតម្លៃប្រវត្តិសាស្ត្រ វិមាន Kien Trung ក៏មានតម្លៃស្ថាបត្យកម្មនិងវិចិត្រសិល្បៈដ៏ធំធេងផងដែរ។ វិមានត្រូវបានសាងសង់ឡើងដោយការលាយឡំនៃសិល្បៈស្ថាបត្យកម្មបារាំង ស្ថាបត្យកម្ម Renaissance អ៊ីតាលី និងសិល្បៈស្ថាបត្យកម្មប្រពៃណីវៀតណាម។ ផ្នែកខាងមុខត្រូវបានតុបតែងដោយសេរ៉ាមិចចម្រុះពណ៌ ដែលជាទម្រង់សិល្បៈរាជវង្សដែលធ្លាប់ឈានដល់កម្រិតកំពូលក្នុងរជ្ជកាលស្តេច Khai Dinh។ នេះជាកន្លែងដែលស្តេច Khai Dinh សោយទិវង្គតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ