ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។


ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា មិត កែវ ឧត្តមបានផ្ញើសំបុត្រដោយបង្ហាញនូវចំណាប់អារម្មណ៍ជាពិសេសចំពោះនាទី "រូបថត" ថា៖ "ពិតជាអស្ចារ្យណាស់។ ខ្ញុំតែងតែស្ដាប់មិត្តភក្តិនិយាយអំពីសោភ័ណភាពនៃប្រទេស និងមនុស្សវៀតណាម។ ខ្ញុំធ្លាប់មានក្ដីមន្ទិលសង្ស័យអំពីសោភ័ណភាពទាំងនេះ ប៉ុន្តែតាមរយៈនាទីបទយកការជារូបភាពនោះ ខ្ញុំពិតជាជឿជាក់ទាំងស្រុង។ ខ្ញុំមានគោលបំណងចង់មកទស្សនាប្រទេសវៀតណាម។ នេះមិនត្រឹមតែជាគោលបំណងរបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងជាគោលបំណងរបស់មនុស្សជាច្រើនទៀតផង។ តាមរយៈរូបថតនីមួយៗ ខ្ញុំបានឃើញនូវការខិតខំប្រឹងប្រែងរស់រានមានជីវិតឡើងវិញរបស់មនុស្សគ្រប់រូប ដែលបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ។ ខ្ញុំពិតជាចូលចិត្តនាទីនេះខ្លាំងណាស់ ហើយក៏មានបំណងថា រូបថតស្អាត និងពោរពេញទៅដោយអត្ថន័យទាំងនេះ និងត្រូវបានមិត្តភក្តិជាច្រើននៅលើពិភពលោកស្គាល់ដល់ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 Dao Ngoc (កោះ ពេជ្រ) (zing.vn)

ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា មិតនួន ស៊ីនា មានគោលបំណងចង់ស្ដាប់ការឧទ្ទេសនាម អំពីសេវាកម្មទេសចរណ៍នៅ Phu Quoc។ លោកអ្នកនាងជាទីមេត្រី! កាលពីយូរមកហើយ Phu Quoc មានរហស្សនាមថា "ឋានសួគ៌នៃកោះសមុទ្រ" ដោយមានឆ្នេរសមុទ្រស្រស់ស្អាត ដូចជា  Bai Chay  និង Bai Dai ជាដើម។ ក្រៅពីនេះ Phu Quoc មាន ឈ្មោះល្បីល្បាញ ដោយមានចំការម្រេចខៀវស្រងាត់ ភូមិនេសាទត្រីដ៏អ៊ូអរ ផ្សាររាត្រី រួមទាំងភាពរួសរាយរាក់ទាក់របស់ប្រជាជននៅទីនេះទៀតផង។ ដើម្បីឆ្លើយតបនឹងតម្រូវការទៅទស្សនាទីមកដល់ដ៏ល្បីល្បាញទាំងនេះ Phu Quoc បានដាក់ឲ្យដំណើរការសេវាកម្មទេសចរណ៍ថ្មី នៅ Dao Ngoc (កោះ ពេជ្រ)។ នៅទីនេះ ភ្ញៀវទេសចរអាចទិញសំបុត្រ ដែលមានតម្លៃត្រឹមតែ ២២ ហ្មឺនដុងតែប៉ុណ្ណោះ គឺអាចទៅទស្សនាទីកន្លែងចំនួន ១៥ នៅ Phu Quoc ខាងត្បូងតាមរយៈ រថយន្តទួរ ៤៥ កៅអី។ លើសពីនេះទៅទៀត រថយន្តនេះក៏បានបំពាក់នូវប្រព័ន្ធវ៉ាយហ្វាយ។ជាពិសេសគឺមានម៉ាស៊ីនបកប្រែដោយស្វ័យប្រវត្តិជាច្រើនភាសា នឹងជំនួសឲ្យមគ្គុទ្ទេសក៍ទេសចរណ៍។ មគ្គុទ្ទេសក៍និម្មិតនេះ នឹងផ្តល់ព័ត៌មាននៅគ្រប់ទីកន្លែងចំណត ហើយជួយឲ្យភ្ញៀវទេសចរយល់ដឹងបន្ថែមអំពីវប្បធម៌ មនុស្ស ប្រវត្តិសាស្ត្រ និងទេសភាពដ៏ស្រស់បំព្រងនៅ Phu Quoc ផងដែរ។ ភ្ញៀវទេសចរជាច្រើនមានចំណាប់អារម្មណ៍ចំពោះសេវាកម្មនេះ ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ទង់ជាតិវៀតណាម 

ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធីជាភាសារអង់គ្លេសនោះ មិត្តអ្នកស្ដាប់ជាច្រើននាក់បានសួរអំពីប្រវត្តិនៃទង់ជាតិវៀតណាម។ លោកអ្នកនាងជាទីមេត្រី។ ក្នុងការធ្វើកុប្បម្ម Nam Ky ប្រឆាំងអាណានិគមនិយមបារាំងនាចុងឆ្នាំ ១៩៤០ នោះ ទង់ក្រហម ផ្ដាយមាសបានបករវិកជាលើកដំបូងនៅមូលដ្ឋានជាច្រើន ហើយក្រោយមកបានក្លាយទៅជាទង់របស់ Viet Minh។ លោក Nguyen Huu Tien គឺជាបុគ្គលមួយរូប ដែលមានគុណបំណាច់គូទង់ក្រហម ផ្កាយមាសជាលើកដំបូង។ នាខែឧសភា ឆ្នាំ ១៩៤១ រណសិរ្ស Viet Minh ត្រូវបានបង្កើត  ដោយចែងច្បាស់អំពីកម្មវិធីរបស់ Viet Minh ថា ក្រោយពីការវាយបណ្ដេញចក្រភពបារាំង និងជប៉ុន នោះ នឹងបង្កើតរដ្ឋាភិបាលប្រជាជនរបស់វៀតណាមសារធារណរដ្ឋ ហើយយកទង់ក្រហម ផ្កាយមាសទាំង ៥ ធ្វើជាទង់ជាតិ។ នេះគឺជាឯកសារដំបូងអំពីទង់ជាតិវៀតណាម។ នាឆ្នាំ ១៩៤៦ ក្រោយពីពេលវៀតណាមទទួលបានឯករាជ្យភាពនោះ រដ្ឋសភាវៀតណាមនីតិកាលទី ៦ បានយកទង់ក្រហម ដែលជាទង់ជាតិរបស់វៀតណាមសាធារណរដ្ឋធ្វើជាទង់ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ