ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរ ទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ និងអ៊ីម៉ែលចំនួន ៣៩៦ របស់មិត្តអ្នកស្ដាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៣។ ក្នុងនោះកម្មវិធីជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបង្ហាញយោបល់ និងចែករំលែកពីអារម្មណ៍ល្អៗរបស់ខ្លួនអំពីរូបភាពប្រទេសនិងប្រជាជនវៀតណាម។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 កម្មវិធី «ទេសចរណ៍វៀតណាមប្រកបដោយសុវត្ថិភាព» (រូបថត៖ hanoimoi)

ជាក់ស្តែងក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ Bounthoun មកពីប្រទេស កម្ពុជាបានផ្ញើសំបុត្រមកកាន់កម្មវិធីដើម្បីបង្ហាញពីចំណាប់អារម្មណ៍នៅពេលដែលវៀតណាមបានសម្ពោធកម្មវិធី «ទេសចរណ៍វៀតណាមប្រកបដោយសុវត្ថិភាព»។ ក្នុងសំបុត្រមិត្តក៏បានសរសេរថា ៖“ ខ្ញុំបានវាយតម្លៃខ្ពស់ចំពោះកម្មវិធី «ទេសចរណ៍វៀតណាមប្រកបដោយសុវត្ថិភាព» ពីព្រោះវាមានអត្ថប្រយោជន៍ណាស់សម្រាប់ភ្ញៀវទេសចរនៅពេលដែលធ្វើដំណើរកំសាន្តទៅនិងមកដល់ប្រទេសវៀតណាមដោយជួយឲ្យភ្ញៀវទេសចរមានសន្តិភាពផ្លូវចិត្តនៅពេលធ្វើដំណើរទេសចរណ៍ ហេតុដូច្នេះគេទើបតែផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមមួយប្រកបដោយសុវត្ថិភាពនិងរួសរាយរាក់ទាក់ផងដែរ។ មិនត្រឹមតែជាកម្មវិធីមានផលប្រយោជន៍ក្នុងការណែនាំគោលដៅទេសចរណ៍មានសុវត្ថិភាពនិងផ្សព្វផ្សាយគោលដៅដល់ភ្ញៀវទេសចរកម្មតែប៉ុណ្ណោះ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងបម្រើដល់កម្មវិធីជំរុញតម្រូវការទេសចរណ៍ក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ហើយបើកឱកាសថ្មីឲ្យវិស័យទេសចរណ៍អន្តរជាតិរបស់វៀតណាមជាបណ្តើរៗផងដែរ»។

មិត្តអ្នកស្តាប់ជាទីរាប់អាន! នាពេលថ្មីៗនេះអគ្គនាយកដ្ឋានទេសចរ ណ៍វៀតណាម បានសម្ពោធជាផ្លូវការនូវកម្មវិធី“ទេសចរណ៍វៀតណាមប្រកបដោយសុវត្ថិភាព» ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ ដោយមានភាសាចំនួន២ រួមមានភាសាវៀតណាមនិងអង់គ្លេស កម្មវិធីនេះបានរួមបញ្ចូលមុខងារពិសេសយ៉ាងពេញលេញ ដើម្បីជួយឲ្យភ្ញៀវទេសចរអាចធ្វើដំណើរទេសចរណ៍ដោយសុវត្ថិភាពនៅវៀតណាម។ តាមរយៈកម្មវិធីនេះដែរ ភ្ញៀវទេសចរក៏អាចស្វែងរកនិងធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗទាក់ទងនឹងគោលដៅទេចរណ៍ កម្មវិធីប្រូម៉ូសិននិងបញ្ចុះតម្លៃផ្សេងៗទៀត ដើម្បីធ្វើការជ្រើសរើសសមស្របសម្រាប់ដំណើរកម្សាន្តរបស់ខ្ញុំផងដែរ។ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីលើកកម្ពស់បទពិសោធន៍ក្នុងការធ្វើដំណើរកំសាន្តឲ្យភ្ញៀវទេសចរណ៍ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងក្លាយជាឧបករណ៍មានប្រយោជន៍សម្រាប់ភ្ញៀវទេសចរក្នុងបរិបទដែលប្រទេសវៀតណាមកំពុងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩បានយ៉ាងល្អផងដែរ។

ទាក់ទងនឹងវិស័យទេសចរណ៍ ក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមណែនាំដល់មិត្តអ្នកស្តាប់ទាំងអស់អំពីគោលដៅទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនៅវៀតណាមដែរ។ នេះគឺជាតំបន់ «ជ្រលង់ភ្នំមាស» Bac Son ខេត្ត Lang Son។ តោះយើងរួមគ្នាស្វែងយល់អំពីគោលដៅនេះណា៎!

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 តំបន់ «ជ្រលង់ភ្នំមាស» Bac Son ខេត្ត Lang Son

ស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រពីចំកណ្តាលរដ្ឋធានីហាណូយ Bac Son ជាស្រុកមួយស្ថិតនៅភាគខាងលិចនៃខេត្ត Lang Son ។ ដោយមានផ្ទៃដីជិត ៧០០ គីឡូម៉ែត្រក្រឡា នាបច្ចុប្បន្នស្រុក Bac Son មានប្រជាជនប្រមាណ ៧២.០០០ នាក់ដែលរស់នៅទីនេះហើយពួកគេភាគច្រើនជាសហគមន៍របស់ជនរួមជាតិ Kinh, Nung និង Dao Tay ។ ពួកគេមានទំនៀមទម្លាប់ដ៏ប្លែកបំផុតដែលបង្កប់នូវលក្ខណៈវប្បធម៌ដ៏ពិសេសជាច្រើនសម្រាប់យើងដើម្បីមកស្វែងយល់ផងដែរ។ ជាពិសេសគឺសហគមន៍វប្បធម៌ទេសចរណ៍ Quynh Son  នៅឃុំ Bac Quynh ជារៀងរាល់ឆ្នាំទីនេះបានទាក់ទាញភ្ញៀវទេសចរប្រមាណ ១៥.០០០ នាក់មកទស្សនានិងទទួលបទពិសោធន៍ក្នុងការធ្វើដំណើរកំសាន្ត រួមទាំងមានភ្ញៀវទេសចរប្រមាណ ៤.០០០ នាក់មកស្នាក់នៅទីនេះជារៀងរាល់ឆ្នាំផងដែរ។ ក្នុងរយៈពេលកន្លងមកនេះ ការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍នៅស្រុក Bac Son បានរួមចំណែកលើកកំពស់ជីវភាពរស់នៅនិងសេដ្ឋកិច្ចក៏ដូចជាលើកស្ទួយការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ប្រពៃណីនិងទេសភាពធម្មជាតិរបស់ប្រជាជនក្នុងតំបន់ផងដែរ។

សូមងាកទៅវិស័យវប្បធម៌វិញ ក្នុងសប្តាហ៍កន្លងមក មិត្តអ្នកស្តាប់ Ear Peng -  និស្សិតកម្ពុជាកំពុងសិក្សានៅសកលវិទ្យាល័យ Tra Vinh បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយសំដែងបំណងចង់ស្វែងយល់អំពី « រូបសំណាកសត្វអណ្តើកមាស » ដែលជាកំណែបន្តូចពីកំណែដើមរបស់អណ្តើកបឹង Ho Guom ដែលកំពុងដាក់តាំងបង្ហាញនៅប្រាសាទ Ngoc Son ទីក្រុងហាណូយ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ពិធីសម្ពោធ « រូបសំណាកសត្វអណ្តើកមាស»  (រូបថត៖ vovdulich.vn)

លោកអ្នកនាងជាទីគោរព! « រូបសំណាកសត្វអណ្តើកមាស» ត្រូវបានរចនាឡើងពីសារធាតុទង់ដែងចាក់ពុម្ភ ដែលបានជ្រលក់ទឹកមាសប្រភេទ ២៤K។ ស្នាដៃនេះមានលក្ខណៈវិសេសវិសុទ្ធដោយរួមបញ្ចូលគ្នារវាងសិប្បករមកពីភូមិសិប្បកម្មប្រពៃណីជាមួយគ្នានិងត្រូវបានបញ្ជាក់តាមបែបវិទ្យាសាស្ត្រដោយក្រុមអ្នកជំនាញនៃសារមន្ទីរធម្មជាតិ វៀតណាមស្តីពីការតភ្ជាប់ជាមួយអណ្តើកបឹង Ho Guom។ នេះគឺជាអំណោយមានកំណត់ពិសេសមួយដែលមានឈ្មោះថា រូបសំណាកសត្វអណ្តើកមាស» ដែលបានបំផុសគំនិតចេញពីរឿងព្រេងនិទាននៃការសង់ដាវវិញរបស់ព្រះមហាក្សត្រ Le Thai To និងរូបភាពសត្វអណ្តើកបឹង Ho Guom ទីក្រុងហាណូយ ដែលជានិមិត្តរូបតំណាងឲ្យបំណងប្រាថ្នាសន្តិភាពនិងអមតៈរបស់ប្រជាជាតិវៀតណាម។ម្យ៉ាងវិញទៀត ផលិតផលនេះនឹងក្លាយជាអំណោយដ៏ពិសេសមួយពីសារមន្ទីរធម្មជាតិវៀតណាមដែលតាមរយៈនោះសាធារណជនបានយល់ដឹងកាន់តែច្បាស់អំពីសត្វ អណ្តើកបឹង Ho Guom ព្រមទាំងគោរពនិងចូលរួមចំណែកក្នុងការការពារធម្មជាតិនិងបរិស្ថានផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះព័ត៌មាន ខាងលើនេះ រាល់សំនួរនិងយោបល់របស់លោកអ្នកសូមអញ្ជើញផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់ អាស័យដ្ឋាន៖ vov5khmer @gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ