សិល្បៈគំនូរខ្សាច់របស់វៀតណាម

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀត ណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន២៣៦ មកពី ប្រទេសនិងតំបន់ដែនដី ចំនួន៤២លើទូទាំងពិភពលោក ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបាន សំបុត្រចំនួន៧របស់មិត្តអ្នកស្ដាប់កម្ពុជា។ មិត្ត គឹម យ៉ារេត និស្សិតកម្ពុជាដែល កំពុងសិក្សានៅវិទ្យាស្ថានការទូតវៀតណាមបានសួរថា៖ “ខ្ញុំឃើញថា នាពេលមក ទស្សនាវៀតណាម មិត្តភក្តិខ្ញុំតែងតែទិញគំនូរខ្សាច់ធ្វើជាកាដូ។ តើប្រភេទគំនូរ ខ្សាច់នេះមានប្រវត្តិសាស្ត្រនិងរបៀបធ្វើយ៉ាងម៉េចដែរ?” ក្នុងនាទីប្រអប់សំបុត្រមិត្ត អ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរខាងលើរបស់មិត្ត គឹម យ៉ារេត។
សិល្បៈគំនូរខ្សាច់របស់វៀតណាម - ảnh 1សិប្បការិនី Y Lan អ្នកប្រសូត្រឡើងសិល្បៈគំនូរខ្សាច់នៅវៀតណាម (រូបថត៖ Internet) 

  លោកអ្នកនាងជាទីមេត្រី!

សិល្បៈគំនូរខ្សាច់លើពិភពលោកមានប្រវត្តិសាស្ត្រតាំងពីយូរយាណាស់មកហើយ។ តំបន់អាមេរិកខាងត្បូងត្រូវបានចាត់ទុកជាប្រភពដើមនៃគំនូរខ្សាច់ តាមនោះប្រភេទសិល្បៈនេះត្រូវបានប្រសូត្រឡើងដោយជនជាតិភាគតិចនានានៅតំបន់ដីនេះ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពជំនឿសាសនា។ ចំណែកឯនៅវៀតណាមវិញ គំនូរខ្សាច់ត្រូវបានបង្កើតឡើងក្រោយពីឆ្នាំ១៩៩៧។ តាមមធ្យោបាយសារព័ត៌មានចាត់ទុកថា សិល្បៈគំនូរខ្សាច់វៀតណាមត្រូវបានប្រសូត្រឡើងដោយសិប្បការិនី Y Lan។ ស្ដីពីការជក់ចិត្តរបស់ខ្លួនចំពោះសិល្បៈគំនូរខ្សាច់ សិប្បការិនី Y Lan ឲ្យដឹងថា៖

“ថ្ងៃមួយនាងខ្ញុំដើរលេងនៅតាមឆ្នេរសមុទ្រ Phan Thiet។ ឃើញវាលខ្សាច់ស្អាតណាស់ នាងខ្ញុំបានយកខ្សាច់បន្តិចមកផ្ទះវិញដើម្បីរៀបចំផ្កា។ ប៉ុន្តែនាពេលចាក់បញ្ចូលខ្សាច់ចូលក្នុងថូ នាងខ្ញុំឃើញថា ខ្សាច់បានបង្កើតឡើងរូបភាពស្អាតណាស់។ នាគ្រានោះ នាងខ្ញុំគិតថា ប្រសិនបើខ្លួនរកបាននូវខ្សាច់ចម្រុះពណ៌ គឺអាចបង្កើតឡើងគំនូរខ្សាច់ស្អាតអស្ចារ្យ។ រហូតដល់ចុងឆ្នាំ២០០៨ នាងខ្ញុំទទួលបានឯកទគ្គកម្ម Guinessរបស់វៀតណាមនិងអាស៊ានដែលជាអ្នកដំបូងរកបាននូវខ្សាច់ជាច្រើនពណ៌បំផុតនោះគឺ៨១ពណ៌ ហើយជាអ្នកដំបូងរបស់វៀតណាមក៏ដូចជារបស់អាស៊ានដែលប្រឌិតសិល្បៈគំនូរខ្សាច់នេះ”។

គំនូរខ្សាច់ជាសិល្បៈចាក់បញ្ចូលខ្សាច់ចម្រុះពណ៌ចូលក្នុងថូឬស៊ុមកញ្ចក់ ដើម្បីបង្កើតឡើងវណ្ណកម្មសិល្បៈមួយ។ ជំនួសឲ្យការប្រើប្រាស់ជក់គូរ វិចិត្ត្រករគំនូរខ្សាច់ប្រើប្រាស់ស្លាបព្រាតូចមួយ ដើម្បីចាក់បញ្ចូលខ្សាច់ចូលក្នុងស៊ុមកញ្ចប់ ដើម្បីបង្កើតឡើងគំនូមួយ។

សិល្បៈគំនូរខ្សាច់របស់វៀតណាម - ảnh 2គំនូរខ្សាច់ស្ដីពីសោភណភាពជនបទវៀតណាម 

ចាប់ពីពេលត្រូវបានប្រសូត្រឡើងមក សិល្បៈគំនូរខ្សាច់ដណ្ដើមបានសមិទ្ធផលជាច្រើន។ ព្រឹត្តិការណ៍លេចធ្លោបំផុតគឺ នាខែវិច្ឆិកា ឆ្នាំ២០០៦ គំនូរខ្សាច់ចំនួន២១ផ្ទាំងត្រូវបានជ្រើសរើសដើម្បីប្រគល់ជូនចំពោះប្រមុខរដ្ឋទាំង២១រូបក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) នៅវៀតណាម។

នាបច្ចុប្បន្ន គំនូរខ្សាច់ត្រូវបានភ្ញៀវទេសចរអន្តរជាតិជ្រើសរើសទិញសំរាប់ធ្វើជាកាដូនាពេលមកទស្សនាវៀតណាមម្ដងៗ ដោយប្រធានបទដ៏សម្បូរបែបដូចជា៖ សោភណភាពស្រុកស្រែវៀតណាម ស្ត្រីវៀតណាមស្លៀកពាក់អាវផាយ រមណីយដ្ឋានល្បីល្បាញ វិថីបុរាណរដ្ឋធានីហាណូយ ឬទីក្រុងបុរាណ Hoi An ជាដើម។ មូលដ្ឋានផលិតកម្មគំនូរខ្សាច់ត្រូវបានកសាងឡើងនៅទីក្រុងធំៗនៅវៀតណាម ពិសេសគឺទីក្រុងជាប់សមុទ្រដូចជា Da Nang KhanhHoaNha Trang NinhThuanPhu Yen។ មានអាណិកជនវៀតណាមជាច្រើននាក់ក៏បើកមូលដ្ឋានផលិតកម្មគំនូរខ្សាច់នៅឯបរទេសទៀតផង។ គំនូរខ្សាច់មិនត្រឹមតែសំដៅផ្សព្វផ្សាយអំពីរមណីយដ្ឋានស្អាតបំព្រងនិងលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យឃើញនូវភាពប៉ិនប្រសព ឧស្សាហ៍ព្យាយាមនិងការច្នៃប្រឌិតគ្មានទីបញ្ចប់របស់ប្រជាជនវៀតណាមទៀតផង។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ