ខេត្ត Ha Giang អភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិលើភូមិសាស្រ្ត

(VOVWORLD) - ខេត្ត Ha Giang មានអត្រាជនជាតិភាគតិចស្រូបយកជិត៩០%នៃចំនួនប្រជាជន សរុប ក្នុងនោះភាគច្រើនគឺជនជាតិ Mong, Tay, Dao។ ជនជាតិនីមួយៗ សុទ្ធតែមាន លក្ខណៈវប្បធម៌ប្រពៃណី ទំនៀមទំលាប់ពិសេសដោយឡែករបស់ខ្លួន ដែលបង្កើតឡើងអត្ត សញ្ញាណវប្បធម៌ដ៏សម្បូរបែបនៃតំបន់ដីនេះ។ តាំងពីយូរមកហើយ ខេត្ត Ha Giang បានដាក់ឲ្យដំណើរការជាបន្តបន្ទាប់នូវផែនការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រ។

ខេត្ត Ha Giang អភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិលើភូមិសាស្រ្ត - ảnh 1ពិធីបុណ្យប្រពៃណីរបស់ជនជាតិ Mong នៅឃុំ Nam Dich ស្រុក Hoang Su Phi ខេត្ត Ha Giang។
ខេត្ត Ha Giang មានពិធីបុណ្យប្រពៃណីប្រមាណ២០ ក្នុងនោះភាគច្រើនគឺពិធី បុណ្យប្រជាប្រិយដែលនៅតែរក្សាបាននូវទំនៀមទំលាប់ដ៏ពិសេសដោយឡែករបស់បណ្ដាជនជាតិក្នុងតំបន់។ ឧទាហរណ៍ថា ជនជាតិ Mong មានពិធីបុណ្យ Gau Tao ជនជាតិ Nung ជនជាតិ Pu Peo មានពិធីសែនម្ចាស់ព្រៃព្រឹក្សា ជនជាតិ Dao មានពិធី អំណរការធំដឹងក្ដី ជនជាតិ Pa Then មានពិធីបុណ្យលោតភ្លើង ជនជាតិ Lo Lo មាន ពិធីសែនដូនតា ជនជាតិ La Chi មានពិធីអំណរបាយថ្មី។ ល។ ក្រៅពីនោះ មាមីង បងប្អូនបណ្ដាជនជាតិលើភូមិសាស្ត្រ នៅតែរក្សាបានភាសានិយាយ ភាសាសរសេរ រតនសម្បត្តិចំណេះដឹងប្រជាប្រិយ សិល្បៈសម្ដែងប្រជាប្រិយ សម្លៀកបំពាក់ ឧបករណ៍ ធ្វើពលកម្ម និងឧបករណ៍តន្ត្រីយ៉ាងសម្បូរបែបផងដែរ។ លោកស្រី Trieu Thi Tinh នាយិការងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ha Giang ឲ្យដឹងថា៖
“ខេត្ត Ha Giang ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក បានដាក់ចេញដំណោះ ស្រាយជាច្រើនដើម្បីអភិរក្សតម្លៃវប្បធម៌ បេតិកភ័ណ្ឌរបស់បងប្អូនជនជាតិភាគតិច។ ឧទាហរណ៍ថា យើងបានអភិរក្សពិធីបុណ្យលោតភ្លើង ពិធីបុណ្យធំដឹងក្ដីរបស់ជនជាតិ Dao ពិធីសែនម្ចាស់ព្រៃព្រឹក្សារបស់ជនជាតិ Bo Y និងជនជាតិ Nung ឬក៏ពិធីបុណ្យអំណរ រដូវប្រមូលផលរបស់ជនជាតិ Lo Lo ជាដើម។ យើងក៏បានអភិរក្សភូមិរបរប្រពៃណី នានាដូចជាភូមិរបរតម្បាញចរបាប់របស់ជនជាតិ Mong ជនជាតិ Dao ផងដែរ។ ក្រៅពី នោះ យើងបានធ្វើសេនាធិការជូនខេត្ត ដើម្បីចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការ អភិរក្សតម្លៃវប្បធម៌របស់បណ្ដាជនជាតិនៅតាមតំបន់ឧទ្យានភូគម្ភសាស្ត្រខ្ពង់រាបថ្ម Dong Van ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ដល់ឆ្នាំ២០២៥និងចក្ខុវិស័យដល់ ឆ្នាំ២០៣០ផងដែរ”។
បច្ចុប្បន្ននេះ ខេត្ត Ha Giang មានជនជាតិចំនួន១៩រួមរស់ជាមួយគ្នា ហើយ ប្រជាជនសុទ្ធតែមានភាពម្ចាស់ការ សកម្មក្នុងការថែរក្សានិងពង្រីកអត្តសញ្ញាណ វប្បធម៌របស់ជនជាតិខ្លួន ដើម្បីរក្សាទុកជូនជំនាន់ក្រោយៗ។ នៅស្រុក Quang Binh គណៈកម្មាធិការប្រជាជនស្រុកបានរៀបចំថ្នាក់រៀនរបរប្រពៃណីដូចជា ត្បាញ សូត្រ ត្បាញចរបាប់សម្រាប់ប្អូនៗសិស្សានុសិស្ស ហើយអញ្ជើញសិស្បករសិប្បការិនី ពូកែ មកបង្ហាត់បង្រៀនចម្រៀង ឧបករណ៍តន្ត្រីប្រជាប្រិយជូនជំនាន់វ័យក្មេង។ លោក Nguyen Trung Dung អនុប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Quang Binh ឲ្យដឹងថា៖
“ឆ្នាំកន្លងមក ស្រុកបានអនុម័តលើគម្រោងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ ប្រពៃណីរបស់ជនជាតិ Pa Then លើភូមិសាស្ត្រ; ផែនការអភិរក្ស ស្ដារ និងពង្រីកតម្លៃ វប្បធម៌ពិសេសដោយឡែករបស់ជនជាតិ Mong ប្រចាំស្រុក Quang Binh។ តាម គម្រោងអភិរក្សវប្បធម៌នៃខេត្ត Ha Giang ស្រុកបានជ្រើសរើសភូមិ Chi ឃុំ Xuan Giang ដើម្បីអនុវត្តន៍ជាសាកល្បង។ នាបច្ចុប្បន្ន យើងបានធ្វើសេនាធិការ លើក សំណើរជូនថ្នាក់ដឹកនាំស្រុកអំពីការកសាងផែនការត្រួតពិនិត្យ វាយតម្លៃស្ថានការណ៍ មុខសញ្ញាអាទិភាព ហើយព្រមព្រៀងនិងចុះហត្ថលេខាជាមួយគ្រួសារនានាដែលទទួល បានជំនួយឧបត្ថម្ភពីគម្រោង។ យើងខិតខំប្រឹងប្រែងអនុវត្តន៍គម្រោងនេះធ្វើយ៉ាងណាឲ្យ មានប្រសិទ្ធភាពបំផុត សំដៅអភិរក្ស ពង្រីកតម្លៃវប្បធម៌ដ៏ពិសេសដោយឡែករបស់ បណ្ដាជនជាតិប្រចាំតំបន់”។
ខេត្ត Ha Giang មានគោលជំហរផ្សាភ្ជាប់យ៉ាងស្អិតរមួតបណ្ដាកម្មវិធី ផែនការអភិរក្ស វប្បធម៌ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ ហេតុដូច្នេះ ការងារ អភិរក្សនិងពង្រីកតម្លៃវប្បធម៌បណ្ដាជនជាតិ សម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ជាច្រើន។ ពិធីបុណ្យប្រពៃណី តម្លៃអរូបិយ៍ ទំនៀមទំលាប់របស់បណ្ដាជនជាតិត្រូវបាន ស្ដារឡើងវិញ អភិវឌ្ឍន៍ ហើយត្រូវបានស្គាល់ដល់កាន់តែច្រើន ដោយមហាជននៅ ទាំងក្នុងនិងក្រៅប្រទេស។ ក្រៅពីនោះ ទេសចរណ៍ក៏រីកចម្រើនដែរ ជាពិសេសគឺ ទេសចរណ៍សហគមន៍ដែលបានរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងបង្កើតកម្លាំងចលករដល់ការងារអភិរក្ស ពង្រីកតម្លៃវប្បធម៌ផងដែរ។ លោកស្រី Trieu Thi Tinh នាយិការងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖
“យើងបានរៀបចំព្រឹត្តិការណ៍ជាច្រើន ហើយសហការជាមួយអង្គការ ក្រុមហ៊ុន នានាដើម្បីផ្សព្វផ្សាយពីវប្បធម៌របស់បងប្អូនបណ្ដាជនជាតិនៅខេត្ត Ha Giang តាម រយៈផ្លាតហ្វមឌីជីថល បណ្ដាញសង្គម ដើម្បីជួយភ្ញៀវទេសចរ មហាជនបានទស្សនា កម្មវិធី សកម្មភាពទេសចរណ៍ ហើយបានយល់ដឹងបន្ថែមអំពីតម្លៃវប្បធម៌នៃខេត្តHa Giang។ ក្រោយពីជម្ងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រង ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ អាចមកដល់ខេត្ត Ha Giang តាមរយៈសកម្មភាពទាំងនេះ។ យើងក៏បានធ្វើសេនាធិការ ជូនអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការទទួលភ្ញៀវទេសចរមកដល់ Ha Giang ឲ្យមាន សុវត្ថិភាព ស្និទ្ធស្នាលនិងគួរឲ្យទាក់ទាញផងដែរ”។
ដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការអភិរក្ស ពង្រីកតម្លៃវប្បធម៌របស់ បណ្ដាជនជាតិ ដោយផ្សាភ្ជាប់នឹងការធ្វើអាជីវកម្មនូវសក្ដានុពលទេសចរណ៍ក្នុងតំបន់ ខេត្ត Ha Giang បានបោះទុន ជួសជុលកែលម្អកេរ្តិ៍ដំណែល រមណីយដ្ឋាន ហេដ្ឋារចនា សម្ព័ន្ធ និងសម្ភារៈបរិក្ខារ។ ទន្ទឹមនឹងនោះ បើកថ្នាក់បំប៉ន់លើកកំពស់សមត្ថភាព សម្រាប់កម្មាភិបាល ទទួលបន្ទុកការងារអភិរក្សបេតិកភ័ណ្ឌវប្បធម៌ ដើម្បីឆ្ពោះទៅរក គោលដៅអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ