ទំនៀមទម្លាប់ដាំដើម Neu (នេវ) ក្នុងថ្ងៃតេតរបស់ជនជាតិ Muong នៅ Thanh Hoa

(VOVWORLD) - ជារៀងរាល់ឆ្នាំ នៅពេលដែលផ្កាម៉ាកខៃប្រែពណ៌ផ្កាឈូក ហើយផ្កាផ្លាំពណ៌ សក្បុស គ្របដណ្តប់លើព្រៃភ្នំភាគខាងជើង  គឺជាសញ្ញាដែលបង្ហាញថា និទាឃរដូវថ្មី កំពុងមកដល់ហើយ។ នៅពេលនេះ បងប្អូនជនជាតិ Muong នៅខេត្ត Thanh Hoa បាន បញ្ចប់ការប្រមូលផលដំណាំរួចរាល់ ហើយកំពុងសម្រាករង់ចាំរដូវសាបព្រួសគ្រាប់ថ្មី... នេះក៏ជាពេលវេលាដែលប្រជាជនទុកការងារមួយអន្លើ ដើម្បីត្រៀមទទួលអំណរបុណ្យ តេត ហើយការដាំដើម Neu (នេវ) គឺជាការងារសំខាន់ដំបូងបង្អស់សម្រាប់ជនជាតិ Muong។

ទំនៀមទម្លាប់ដាំដើម Neu (នេវ) ក្នុងថ្ងៃតេតរបស់ជនជាតិ Muong នៅ Thanh Hoa - ảnh 1យុវជន Muong ដាំដើម Neu ស្វាគមន៍ឆ្នាំថ្មី។ (រូបថត៖ suckhoedoisong.vn)

បងប្អូនជនជាតិ Muong នៅខេត្ត Thanh Hoa បានបន្សល់ទុកដល់កូនចៅជំនាន់ ក្រោយថា កាលពីបុរាណកាល បុព្វបុរសជនជាតិ Muong ចេះពឹងពាក់លើធម្មជាតិ រស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងធម្មជាតិ ដើម្បីរកដីដាំដំណាំ សាប ព្រួសគ្រាប់ពូជ ធ្វើម្ហូប និងសម្លៀកបំពាក់; ចេះរកភ្លើងធ្វើចង្ក្រាន រកសសរឈើដើម្បី សង់ផ្ទះ រកស្រាអញ្ជើញមិត្តភក្តិ; រកពាក្យល្អធ្វើជាទំនុកច្រៀងដើម្បីក្លាយជាប្ដីប្រពន្ធ ជាដើម។ ច្រណែននឹងមនុស្ស ខ្មោចព្រាយបិសាចបានមកបំផ្លាញដំណាំ បង្កគ្រោះទឹក ជំនន់ និងគ្រោះរាំងស្ងួត។ ដោយអាណិតអាសូរប្រជាជនដែលរងទុក្ខវេទនា ព្រះមាតារបស់ ស្តេច ដែលជនជាតិ Muong គោរពហៅថា ព្រះពុទ្ធរបស់ជនជាតិ Muong បានប្រមូលផ្តុំ អ្នកភូមិ ដើម្បីស្វែងរកវិធីវាយបណ្តេញពួកខ្មោចព្រាយបិសាចដ៏អាក្រក់ចង្រៃចេញទៅ។ អាស្រ័យ ដោយមានវេទមន្ត របស់ព្រះមាតារបស់ស្តេច ជនជាតិ Muong បានដាំដើម Neu ដើម្បីគូសសញ្ញាសម្គាល់និងការពារទឹកដី Muong។ នៅលើកំពូលដើម Neu និមួយៗ គេព្យួរ ចីវរ របស់ព្រះពុទ្ធ ហើយស្រមោលចីវរ គ្របដណ្ដប់ដល់ប៉ុណ្ណា គឺទឹកដីរបស់ព្រះពុទ្ធ សម្រាប់មនុស្សរស់នៅមានដល់ប៉ុណ្ណឹង។ ចាប់តាំងពីពេលនោះមក នៅថ្ងៃទី ២៩ ខែ កតិ្តក តាមច័ន្ទគតិ ជនជាតិ Muong តែងតែរៀបចំពិធីដាំដើម Neu ដើម្បីរំលឹកគុណ បំណាច់ព្រះមាតារបស់ស្តេច ហើយដើម្បីបណ្ដេញរឿងអាក្រក់ចង្រៃនៃឆ្នាំចាស់និងស្វាគមន៍ រឿងល្អក្នុងឆ្នាំថ្មីផងដែរ។ លោក Bui Hong Nhi នៅឃុំ Ngoc Son ស្រុក Ngoc Lac ខេត្ត Thanh Hoa បាននិយាយថា៖

“តាំងពីការកកើតនៃទឹកដី Muong មក ជនជាតិ Muong មានដើម Neu ដើម្បី អះអាងអធិបតេយ្យភាពហើយ ពោលគឺបញ្ជាក់ថានេះជាទឹកដីរបស់ពួកគេ។ ចាប់ពី ពេលនោះមក នៅពេលដែលបុណ្យតេតនិងរដូវផ្ការីកមកដល់ម្ដងៗ ជនជាតិ Muong តែងតែដាំដើម Neu ដើម្បីបណ្ដេញពួកខ្មោចព្រាយបិសាច ហើយអញ្ជើញវិញ្ញាណក្ខ័ន្ធ ជីដូនជីតាត្រឡប់មកអំណរបុណ្យតេតជាមួយកូនចៅ”។
ទំនៀមទម្លាប់ដាំដើម Neu (នេវ) ក្នុងថ្ងៃតេតរបស់ជនជាតិ Muong នៅ Thanh Hoa - ảnh 2ពិធីដាំដើម Neu មានការចូលរួមពីសហគមន៍ជនជាតិ Muong ទាំងមូល។ (រូបថត៖ suckhoedoisong.vn)
សម្រាប់ជនជាតិ Muong ប្រសិនបើមានដើម Neu គឺមានតេត ដែលជាការ អញ្ជើញបងប្អូនទាំងជិតនិងឆ្ងាយ ឱ្យមកទទួលអំណរបុណ្យតេតជាមួយក្រុមគ្រួសារ។ នាថ្ងៃទី២៥ ខែកត្តិក បងប្អូនជនជាតិ Muong តែងតែចាត់មនុស្សឲ្យចូលព្រៃដើម្បីជ្រើស រើសដើមឫស្សីដ៏ស្រស់ស្អាត ហើយកាប់យកមកធ្វើដើម Neu។ លោកស្រី Pham Thi Bao ជនជាតិ Muong នៅឃុំ Cao Ngoc ស្រុក Ngoc Lac ខេត្ត Thanh Hoa បាន និយាយថា៖
“មុនពេលធ្វើ អ្នកភូមិត្រូវតែចាត់បុរសដែលរកស៊ីមានបាន មានកូនគ្រប់គ្រាន់ និងមាន ទេពកោសល្យ… ដើម្បីទៅរកដើមឈើមកធ្វើដើម Neu សម្រាប់ភូមិ។ ជ្រើសរើសបែបនេះដើម្បីឱ្យអ្នកភូមិរកស៊ីមានបាននិងមានភ័ព្វសំណាងពេញមួយឆ្នាំ។ ដើម Neu មាន កំពស់ពី ៧ ដល់ ៩ ម៉ែត្រ។ បន្ទាប់ពីដាំដើមរួចហើយ ធ្វើពិធីសែនដើម្បីបួងសួងសុំព្រះ អាទិទេពប្រទានពរឲ្យអាកាសធាតុអំណោយផល អ្នកភូមិមានសុខភាពល្អដើម្បីរកស៊ី មានបាន ចម្រុងចម្រើន។ កំពូលដើម Neu ត្រូវដុះស្លឹក មែកត្រសុំត្រសាយ និងចងដោយខ្សែក្រណាត់ជានិមិត្តរូបនៃការរីកចម្រើននៅក្នុងរដូវទាំងបួន”។
លោក Bui Van Tho កម្មាភិបាលមជ្ឈមណ្ឌលវប្បធម៌ភាពយន្តខេត្ត Thanh Hoa បានឲ្យដឹងថា ក្នុងពិធីដាំដើម Neu យុវជន យុវនារី នឹងរួមគ្នាស្រោចទឹកដើមឈើ និងអញ្ជើញស្ត្រីម្នាក់ដែលមានកិត្យានុភាពបំផុតក្នុងភូមិមកធ្វើពិធីសែនដើម Neu៖
“បន្ទាប់ពីដាំដើម Neu រួចរាល់ ប្រជាជននឹងធ្វើពិធីសែន។ បន្ទាប់មក ស្នូរសំឡេង គងឃ្មោះលាន់លឺឡើង មនុស្សគ្រប់ៗគ្នាចូលរួមច្រៀងរាំ ដើម្បីស្វាគមន៍ឆ្នាំថ្មី បួងសួង សុំឱ្យមានសុខភាពល្អ បណ្តេញខ្មោចព្រាយបិសាច និងនាំមកនូវសេចក្តីសុខក្នុងឆ្នាំថ្មី”។
នៅពេលដែលជនជាតិ Muong ប្រារព្ធពិធីដាំដើម Neu គឺតែងតែមានការចូលរួម ពីសហគមន៍ទាំងមូលផងដែរ។ ប្រជាជនដាំដើមឈើនៅផ្ទះវប្បធម៌ ដើម្បីឲ្យអ្នកភូមិ ទាំងចាស់ ក្មេង ប្រុស ស្រី ជួបជុំរីករាយជាមួយគ្នា។ លោកស្រី Pham Thi Bao បានឲ្យ ដឹងបន្ថែមទៀតថា៖
“ភូមិខ្ញុំ នៅតែរក្សាបាននូវទំនៀមទំលាប់នេះតាំងពីមុនមក។ ក្រៅពីបុណ្យតេត ជារៀងរាល់ឆ្នាំ ក្នុងខែទី ១ ទី ៣ ទី ៧ និងពិធីបុណ្យផ្សេងៗ យើងខ្ញុំតែងតែដាំដើម Neu នៅក្លោងទ្វារភូមិ ឬកណ្តាលភូមិ។ ជនជាតិ Muong មានជំនឿជាក់យ៉ាងខ្លាំង ប្រសិនបើ ដាំដើម Neu នៅកន្លែងណា គឺមានន័យថា ពួកខ្មោចព្រាយបិសាចត្រូវបានបណ្ដេញ ចេញរួចហើយ”។
បុណ្យតេតរបស់ជនជាតិ Muong ចាប់ផ្តើមនៅពេលដែលដើម Neu ត្រូវបាន ដាំរួចរាល់ ហើយចាប់តាំងពីពេលនោះតទៅ ភូមិពោរពេញទៅដោយសំឡេងគងឃ្មោះ និងស្គរស្វាគមន៍ពណ៌និទាឃរដូវថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ