និទាឃរដូវដំបូងដែលចេះអក្សរ

(VOVWORLD) - បុណ្យតេតឆ្នាំនេះពិតជាពិសេសណាស់សម្រាប់ប្រជាជនបណ្ដាជនជាតិនៅស្រុក Song Ma ខេត្ត Son La ព្រោះនេះជានិទាឃរដូវដំបូងដែលពួកគេចេះអាន ចេះសរសេរ ហើយចេះគណនា... ពន្លឺរស្មីចែងចាំងពីថ្នាក់អក្ខរកម្មបានបំភ្លឺជំនឿជាក់និងក្តីសុបិន្តរបស់ជនរួមជាតិ អំពីជីវភាពថ្មីនៅលើតំបន់ដីព្រំដែនដ៏លំបាកនេះ។

និទាឃរដូវដំបូងដែលចេះអក្សរ - ảnh 1 អ្នកស្រី Song Thi Chu និងកូនស្រីកំពុងរៀនអក្សរ។ (រូបថត៖ VOV)

តាំងពីព្រឹកព្រលឹម អ្នកស្រី Song Thi Chu និងកូន នៅឃុំ Na Nghiu ស្រុក Song Ma (Son La) បានត្រៀមរៀបចំសៀវភៅ សម្ភារៈសិក្សាយ៉ាងប្រញាប់ប្រញាល់ ដើម្បីទៅសាលារៀនជាមួយគ្នា។ ជាទៀងទាត់ រយៈពេល ៥ លើកក្នុងមួយសប្តាហ៍ នៅពេលដែលកូនស្រីទៅសាលាបឋមសិក្សា Na Nghiu ក៏ជាពេលដែលអ្នកស្រី Chu ទៅថ្នាក់អក្ខរកម្មនៅទីនេះផងដែរ។ ការទៅសាលារៀន ហាក់ជាសាមញ្ញមែន ប៉ុន្តែវាជាក្តីសុបិនរបស់ស្ត្រីជនជាតិ Mong រូបនេះអស់រយៈពេល៣០ឆ្នាំមកហើយ។

“ខ្ញុំមានវ័យចាស់ ប៉ុន្តែប្រសិនមិនចេះអក្សរ មិនចេះគណនា គឺពិបាកណាស់ លក់ពោតមិនដឹងប៉ុន្មានគីឡូក្រាម។ ឆ្នាំនេះបានទៅរៀន ពេលខ្ញុំទៅលក់មាន់ លក់ពោត លក់ដំឡូងមី ខ្ញុំនឹងចេះគណនា ការងារនឹងងាយស្រួលជាង និទាឃរដូវឆ្នាំនេះនឹងរីករាយជាងឆ្នាំមុន។ ខ្ញុំនឹងខិតខំព្យាយាមរៀនដើម្បីឲ្យម្តាយនិងកូនទាំង៤នាក់ចេះអក្សរ”។ 

ដូចអ្នកស្រី Song Thi Chu ដែរ សម្រាប់អ្នកស្រី Lo Thi Thoa នៅភូមិ Phong Sai ឃុំ Na Nghiu វិញ គឺការកាន់ប៊ិច សរសេរអក្សរ ពិបាកជាងច្រើនបើធៀបនឹងការកាន់ចបកាប់ ទៅធ្វើស្រែចម្ការ ឬការដេរប៉ាក់ ត្បាញក្រណាត់។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមក ហើយអ្នកស្រី Thoa ជានិច្ចកាលប្រាថ្នាថា ថ្ងៃណាមួយនាងអាចសរសេរឈ្មោះដោយខ្លួនឯងបាន។ សេចក្ដីប្រាថ្នាចង់ចេះអក្សរ រួមជាមួយនឹងភាពខ្លៀវក្លារបស់លោកគ្រូអ្នកគ្រូ នៅថ្នាក់អក្ខរកម្ម បានជួយអ្នកស្រី Thoa សម្រេចបានក្តីសុបិន។

“បើមិនចេះអក្សរ ទៅណាក៏ត្រូវសុំគេឲ្យគេជួយសរសេរឈ្មោះដែរ។ ឥឡូវនេះ ខ្ញុំចេះអក្សរហើយ ខ្ញុំមិនបាច់សួរអ្នកណា ពឹងអ្នកណាទៀតទេ។ អ្នកគ្រូយកចិត្តទុកដាក់ច្រើនណាស់ បង្រៀនយ៉ាងល្អិតល្អន់ ហើយបង្រៀនច្រើនដងឲ្យខ្ញុំចាំ។ ខ្ញុំទើបតែរៀនបាន២សប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានប្រសើរឡើង ខ្ញុំចេះសរសេរឈ្មោះខ្លួន ឈ្មោះកូនរួចហើយ”។

និទាឃរដូវដំបូងដែលចេះអក្សរ - ảnh 2ថ្នាក់អក្ខរកម្មនៅឃុំ Na Nghiu ស្រុក Song Ma (Son La) មានសិស្សជិត ៨០ នាក់មកពីជនជាតិផ្សេងៗគ្នា។

សិស្សចំនួនជិត ៨០ នាក់ មានទាំងក្រមុំរហូតដល់មីងៗបងៗ បានអង្គុយនៅក្នុងថ្នាក់ដូចគ្នា។ ក្នុងចំណោមនោះ មានមនុស្សជាច្រើនមិនធ្លាប់ស្គាល់អក្សរ និងលេខនោះឡើយ។ ក៏មានអ្នកខ្លះដែលធ្លាប់បានរៀន ប៉ុន្តែអក្ខរភាពឡើងវិញ ក្នុងរយៈពេល៣ខែ ចាប់តាំងពីថ្ងៃបើកមក អ្នកគ្រូ Lo Thi Phuoc សាលាបឋមសិក្សា Na Nghiu ស្រុក Song Ma បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំនះលើឧបសគ្គខាងភាសា និងរាល់ការលំបាកសាកល្បង ដើម្បីបង្រៀនឲ្យសិស្សពិសេស៖

“ថ្នាក់រៀនមានជនជាតិជាច្រើនដូចជា Mong Thai Sinh Mun Kho Mu សិស្សជាច្រើនមិនចេះនិយាយភាសាទូទៅឡើយ ដូច្នេះពេលបង្រៀន គ្រូបង្រៀនត្រូវប្រើភាសាជនជាតិ ដើម្បីពន្យល់។ សិស្សភាគច្រើនមានស្ថានភាពលំបាក គ្មានប៊ិច សៀវភៅទេ ដូច្នេះយើងក៏បានជួយឧបត្ថម្ភពួកគេផងដែរ។ សមត្ថភាពគឺស្ទើរតែមិនចេះអ្វីសោះ មិនចេះអក្សរ ឬសរសេរ ដូចសិស្សថ្នាក់ទីមួយអញ្ចឹង”។

រឿងថ្នាក់អក្ខរកម្មនៅឃុំ Na Nghiu ក៏ស្រដៀងនឹងថ្នាក់អក្ខរកម្មទាំង ៤ នៅស្រុកព្រំដែន Song Ma ក្នុងឆ្នាំសិក្សានេះ។ ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ Song Ma នឹងមានថ្នាក់អក្ខរកម្មចំនួន ១៨ សម្រាប់ជនរួមជាតិបណ្ដាជនជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រៃភ្នំ និងព្រំដែន។ លោក Nguyen Cong Vien ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុក Song Ma ខេត្ត Son La បានឲ្យដឹងថា៖

“ការងារលុបបំបាត់អនក្ខរភាពគឺជាកិច្ចការដ៏លំបាកមួយ។ ប្រជាជនភាគច្រើនស្ថិតនៅក្នុងវ័យធ្មើពលកម្ម។ ការិយាល័យបានសម្របសម្រួលជាមួយអង្គការសង្គមនយោបាយ ដើម្បីចលនាឲ្យសិស្សទៅថ្នាក់រៀន ហើយរៀបចំកាលវិភាគថ្នាក់ប្រកបដោយភាពបត់បែន ក្នុងម៉ោងដែលសិស្សទំនេរពីធ្វើពលកម្ម។ គ្រូបង្រៀនដែលបានជ្រើសរើស ដើម្បីបង្រៀនថ្នាក់អក្ខរកម្មនេះ ក៏ជាមនុស្សដែលមានការយល់ដឹងអំពីភាសាមូលដ្ឋាន និងភាពខ្លៀវក្លាផងដែរ ព្រោះវិធីសាស្រ្តបង្រៀន គឺខុសគ្នាច្រើនពីសិស្សធម្មតា”។

ដំណើររៀនអក្សររបស់ប្រជាជនបណ្ដាជនជាតិភាគតិចនៅតំបន់ព្រំដែន Son La ពិតជាលំបាកណាស់។ ទោះជាយ៉ាងនេះក្ដី នៅក្នុងថ្នាក់រៀននីមួយៗ ពោរពេញទៅដោយស្នាមញញឹមសប្បាយរីករាយ នៅពេលដែលការសរសេរដោយដៃត្រូវបានកែលម្អបន្តិចម្តងៗ រួមជាមួយនឹងស្នូរសំឡេងនៃការហាត់អានលាន់លឺរំពង គឺជាសញ្ញាវិជ្ជមាន។ នេះជានិទាឃរដូវដំបូងដែលជនរួមជាតិចេះអក្សរ ហើយក៏ជាចាប់ផ្តើមនៃក្តីសុបិនអំពីជីវភាពថ្មីដ៏ភ្លឺស្វាងនៅតាមតំបន់ព្រំដែននៃមាតុប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ