“នំអន្សមប៉ា” “នំអន្សមម៉ាក់” ដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅ Quang Ninh

(VOVWORLD) - បុណ្យតេតប្រពៃណីនៅតាមមូលដ្ឋាននីមួយៗ និងជនជាតិនីមួយៗ មានលក្ខណៈពិសេសដោយឡែករបស់ខ្លួន។ បុណ្យតេតរបស់ជនជាតិ Tay នៅស្រុក Binh Lieu ខេត្ត Quang Ninh ក៏មានទំនៀមទម្លាប់របស់ខ្លួនដែរ។ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកតិ្តក គ្រួសារជនជាតិ Tay តែងតែវេចនំអន្សម ប៉ុន្តែក្រៅពីនំអន្សមវែងបែបធម្មតា ពួកគេក៏វេច “នំអន្សមប៉ា” និង “នំអន្សមម៉ាក់” បន្ថែមទៀត។

 “នំអន្សមប៉ា” “នំអន្សមម៉ាក់” ដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅ Quang Ninh - ảnh 1“នំអន្សមប៉ា” (នំមូលដូចបាល់) និង“នំអន្សមម៉ាក់” (នំវែង) របស់ជនជាតិ Tay នៅ Binh Lieu។

ជនជាតិ Tay វេចនំអន្សមជាច្រើនដើម្បីញ៉ាំរយៈពេលបុណ្យតេត។ ពួកគេជឿថា ដរាបណាញ៉ាំនំអន្សមអស់ហើយ ទើបបុណ្យតេតចប់។ ក្រៅពីការវេចនំអន្សមវែង វង្សត្រកូលខ្លះ ក៏វេច “នំអន្សមប៉ា” (នំមូលដូចបាល់) និង“នំអន្សមម៉ាក់” (នំវែង)។

“នំអន្សមប៉ា” និង “នំអន្សមម៉ាក់” តែងតែមានទំហំធំជាងនំអន្សមវែងធម្មតា (បើវេចនំអន្សមធម្មតា ត្រូវការអង្ករប្រហែល ៣ ចាន “នំអន្សមប៉ា” និង “នំអន្សមម៉ាក់” ត្រូវការបរិមាណអង្ករទ្វេដង)។ ការវេច “នំអន្សមប៉ា” និង “នំអន្សមម៉ាក់”  ទាមទារបច្ចេកទេសខ្ពស់និងប៉ិនប្រសប់ជាង។ ជារឿយៗ ការងារនេះត្រូវបានធ្វើដោយអ្នកដែលមានបទពិសោធន៍វេចនំច្រើនឆ្នាំ។

លោក Luong Thiem Phu នៅភូមិ Chang Na ទីរួមស្រុក Binh Lieu ខេត្ត Quang Ninh បានឲ្យដឹងថា ស្នូល “នំអន្សមប៉ា” គឺត្រីធម្មជាតិ ចំណែកឯ “នំអន្សមម៉ាក់” មានស្នូលធ្វើពីពងមាន់មួយគ្រាប់៖

“មានតែ “នំអន្សមប៉ា” និង “នំអន្សមម៉ាក់” ប៉ុណ្ណោះដែលមានស្នូលពិសេសបែបនេះ ចំណែកនំផ្សេងទៀតត្រូវបានធ្វើបែបធម្មតា។ ពេលបុណ្យតេតមកដល់ម្ដងៗ គ្រួសារទាំងអស់គ្នា វេចនំពិសេសចំនួន ២ ប្រភេទនេះ។ ត្រីដែលប្រើសម្រាប់ធ្វើស្នូលនំត្រូវតែជាត្រីធម្មជាតិនៅជ្រោះដែលមានស្រការពណ៌ស”។

 “នំអន្សមប៉ា” “នំអន្សមម៉ាក់” ដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅ Quang Ninh - ảnh 2គ្រួសារប្រមូលផ្ដុំគ្នាវេចនំអន្សមពិសេស ២ ប្រភេទ។ 

លោកស្រី Ly Thi Hoa នៅទីប្រជុំជន Binh Cong ២ ទីរួមស្រុក Binh Lieu ខេត្ត Quang Ninh បានឲ្យដឹងថា ជនជាតិ Tay មានទស្សនៈទានថា ត្រីជានិមិត្តរូបនៃទឹក ភាពសម្បូរធូធារ និងវិបុលភាព។ ចំណែកពងមាន់ជានិមិត្តរូបនៃការរីកលូតលាស់។ ការវេច “នំអន្សមប៉ា” និង “នំអន្សមម៉ាក់” ដើម្បីថ្វាយជូនជីដូនជីតា ក៏ជាវិធីមួយដើម្បីបង្ហាញពីការគោរពរបស់កូនចៅ ហើយបួងសួងសុំឲ្យមានរដូវអំណោយផលផងដែរ៖

“ ការវេច “នំអន្សមប៉ា” “នំអន្សមម៉ាក់” នៅទីនេះ ក៏អាស្រ័យលើវង្សត្រកូលនីមួយៗដែរ មិនមែនគ្រប់គ្រួសារធ្វើនោះទេ។ ជនជាតិ Tay ជឿថា ត្រីតំណាងឱ្យកម្លាំងមាំមួនដោយការហែលទឹកនៅក្នុងទន្លេធំៗ ដូច្នេះគេប្រើដើម្បីធ្វើជាស្នូលសម្រាប់“នំអន្សមប៉ា”។ ពេលបកនំដើម្បីទទួលទានក៏ត្រូវជ្រើសរើសថ្ងៃល្អ ហើយអញ្ជើញញាតិមិត្តជិតខាងមកទទួលទានជាមួយគ្នាដែរ។ ជនជាតិ Tay នៅ Binh Lieu នៅតែរក្សាបាននូវទំនៀមទំលាប់ធ្វើនំអន្សមស្នូលត្រីក្នុងប៉ុន្មានថ្ងៃតេតអស់ រយៈពេលជាច្រើនជំនាន់មកហើយ”។

បន្ទាប់ពីវេចនំរួច នារសៀលថ្ងៃទី៣០នៃបុណ្យតេត ត្រូវបានយកទៅដាក់នៅលើអាសនៈដូនតា។ បន្ទាប់ពីបុណ្យតេត “នំអន្សមប៉ា” “នំអន្សមម៉ាក់”  ត្រូវបានយកចុះ ហើយមនុស្សគ្រប់រូបប្រមូលផ្ដុំគ្នាទទួលទាន។ បើមានភ្ញៀវមក ម្ចាស់ផ្ទះនឹងអញ្ជើញភ្ញៀវទទួលទានផងដែរ។ អ្នកណាដែលទទួលទាននំរបស់គ្រួសារចំនួន ៣ ដោយចៃដន្យ ត្រូវបានចាត់ទុកថា ជួបសំណាងល្អពេញមួយឆ្នាំ ។ លោក To Dinh Hieu នៅមជ្ឈមណ្ឌលផ្សព្វផ្សាយ និងវប្បធម៌ស្រុក Binh Lieu បានឲ្យដឹងថា៖

“កាលពីមុន នំនេះយកតែត្រីធ្វើស្នូលប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះ គេតែងតែបដាក់សាច់ជ្រូក និងស្លឹក kim poong បន្ថែមទៀត ដើម្បីឱ្យស្នូលនំមានពណ៌ក្រហមទាក់ទាញភ្នែក។ “នំអន្សមប៉ា” និង “នំអន្សមម៉ាក់” ត្រូវបានដាក់ថ្វាយលើអាសនៈដូនតា រហូតដល់ដំណាច់ថ្ងៃពេញបូណ៌មី ខែមិកសិរ ទើបស្ងោរម្តងទៀត ហើយអញ្ជើញបងប្អូន ញាតិមិត្តជិតខាង មកទទួលទានជាមួយគ្នា ដើម្បីជួបសំណាងល្អពេញមួយឆ្នាំ”។

ស្រុក Binh Lieu មានចំនួនប្រជាជនចំនួន ៩៦% ជាជនជាតិភាគតិច ក្នុងនោះជនជាតិ Tay មានចំនួនច្រើនជាងគេ ស្មើនឹងជិត ៥៥% នៃចំនួនប្រជាជនស្រុក។ វប្បធម៌ប្រពៃណីរបស់ជនជាតិ Tay មានលក្ខណៈពិសេសប្លែកៗជាច្រើន រួមទាំងទំនៀមទំលាប់ប្លែកៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ឆ្លងកាត់ដំណើរការប្រវត្តិសាស្ត្រ ជនជាតិ Tay និយាយរួម និងជនជាតិ Tay នៅ Binh Lieu និយាយដោយឡែកនៅតែរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ដ៏វិសេសវិសាលនេះ។ ក្រៅពីទំនៀមទំលាប់ដូចជាការដាំដើមឈើ ការបិតក្រដាសក្រហមនៅលើអាសនៈ ទ្វារធំ ទ្វារផ្ទះបាយ និងជង្រុក ប្រដាប់ប្រើប្រាស់ឈើ ពិធីយកទឹកនោះ ការសែនដូនតាដោយ “នំអន្សមប៉ា” និង“នំអន្សមម៉ាក់” ក៏ជាលក្ខណៈវប្បធម៌ពិសេសដោយឡែករបស់បងប្អូនជនជាតិនៅទីនេះផងដែរ។

សព្វថ្ងៃនេះ ថ្វីត្បិតតែជីវភាពបានផ្លាស់ប្តូរច្រើនក៏ដោយ ប៉ុន្តែជនជាតិ Tay នៅ Binh Lieu ខេត្ត Quang Ninh នៅតែវេច “នំអន្សមប៉ា” និង “នំអន្សមម៉ាក់”  ក្នុងប៉ុន្មានថ្ងៃបុណ្យតេត។ ការថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិខ្លួន មិនត្រឹមតែបង្ហាញពីការដឹងគុណរបស់កូនចៅចំពោះបុព្វបុរសប៉ុណ្ណោះទេ ថែមទាំងក៏ជាមោទនភាពចំពោះវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ Tay នៅ Binh Lieu ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ