ពិធីសែនក្លោងទ្វារភូមិស្រុករបស់ជនជាតិ M’nong

(VOVWORLD) -  ជនជាតិភាគតិច M’nong បានសាងជីវភាពរស់នៅ នៅខេត្ត Dak Nong ជាយូរណាស់មកហើយ ដោយមានការច្នៃប្រឌិតវប្បធម៌ដែលត្រូវបានពូនជ្រុំ ជាច្រើនជំនាន់មក។ កេរ្តិ៍ដំណែលវប្បធម៌របស់ជនជាតិ M’nong  ក្នុងនោះមានពិធីបុណ្យប្រពៃណីជាច្រើននៅតែរក្សាបាននូវតម្លៃវប្បធម៌ដដែល រហូតដល់បច្ចុប្បន្ននេះ។ ហើយបំណងប្រាថ្នារបស់អ្នកភូមិ សុទ្ធតែបានបង្ហាញតាម រយៈពិធីបុណ្យទាំងនេះផងដែរ។ ក្នុងនោះ មានពិធីសែនក្លោងទ្វារភូមិស្រុក (Bu brah mper bon) ជាមួយនឹងបំណង់ប្រាថ្នាបួងសួងសុំឲ្យអាកាសធាតុអំណោយផល ស្រែចំការ លូតលាស់ត្រកាល អ្នកភូមិបានរស់នៅក្នុងភាពសម្បូរធូធារ និងសុភមង្គល។

ពិធីសែនក្លោងទ្វារភូមិស្រុករបស់ជនជាតិ M’nong - ảnh 1 ពិធីសែនដ៏សំខាន់ត្រូវបានរៀបចំនៅមុខក្លោងទ្វារភូមិ (រូបថតៈ Baotintuc)

នៅខេត្ត Dak Nong កន្លែងដែលប្រមូលផ្តុំសហគមន៍ជនជាតិ M’nong រស់នៅច្រើននោះ ពួកគេបានរស់នៅតាមភូមិ ហើយភូមិនីមួយៗមានគ្រួសារពី១០ទៅដល់ ៣០- ៤០ គ្រួសារ និងមានទំនាក់ទំនងភូមិផងរបងជាមួយគ្នា។ នៅភូមិនីមួយៗរបស់ជនជាតិ M’nong នៅតែរក្សាបានលក្ខណៈប្រពៃណីចាស់ដដែល នោះគឺមានក្លោងទ្វារ។ ថ្វីត្បិតតែ ក្លោងទ្វារនីមួយៗ មានលក្ខណៈវប្បធម៌ដោយឡែករបស់ជនជាតិ M’nong ក៏ដោយ ប៉ុន្តែនៅខាងក្រោយក្លោងទ្វារភូមិ ជនជាតិ M’nong គឺជាការតភ្ជាប់សហគមន៍ តភ្ជាប់ត្រកូល និងលក្ខណៈទូទៅនៃទំនៀមទម្លាប់និងវប្បធម៌ប្រពៃណីងផងដែរ។ ហេតុដូច្នេះ ជនជាតិ M’nong មានរបៀបប្រាស្រ័យមានលក្ខណៈមនុស្សសាស្ត្រសម្រាប់ក្លោងទ្វារ តាមរយៈការរៀបចំពិធីសែនក្លោងទ្វារភូមិ។ លោក Phan Cong Viet នាយករង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dak Lak បានឲ្យដឹងថា៖ “ក្លោងទ្វារភូមិមានសារៈសំខាន់ណាស់។ សមាជិកទាំងអស់រស់នៅក្នុងសហ គមន៍ជនជាតិ M’nong ពេលទៅធ្វើស្រែចំការ តែងតែឆ្លងកាត់ក្លោងទ្វារភូមិ។ ខណៈដែលបានជួបគ្នា គេបានសម្តែងការគួរសមដើម្បីបង្កើតឡើងភាពស្និទ្ធិស្នាល ការតភ្ជាប់ក្នុងសហគមន៍និងនាំមកនូវសាមគ្គីភាពក្នុងភូមិស្រុក។ គោលបំណងសែនក្លោងទ្វារភូមិស្រុក គឺដើម្បីបួងសួងសុំទទួលបានរដូវអំណោយផល ជីវភាពរបស់ប្រជាជនកាន់តែសម្បូរធូធារនិងសុភមង្គល”។

ពិធីសែនក្លោងទ្វារភូមិស្រុករបស់ជនជាតិ M’nong - ảnh 2 ព្រឹទ្ធចារ្យភូមិផ្លុំស្នែងជាសញ្ជាប្រាប់ថា ពិធីបុណ្យបានចាប់ផ្តើម (រូបថតៈ Baotintuc)

ពិធីសែនក្លោងទ្វារភូមិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ខណៈដែលតំបន់ Tay Nguyen ចាប់ផ្តើមរដូវវស្សា ពោលគឺចុងខែទី៣និងទី៤តាមច័ន្ទគតិ។ មុននឹងពិធីសែន ចាស់ទុំក្នុងភូមិនឹងហៅអ្នកភូមិទាំងអស់ ដើម្បីពិភាក្សានូវពេលវេលាក៏ដូចជាត្រៀមគ្រឿងតង្វាយសម្រាប់ប្រគេនទេវតា។

អ្នកស្រី Nguyen Thi Nga កម្មាភិបាលការិយាល័យសិល្បៈមហាជននៃមជ្ឈមណ្ឌលវប្បធម៌ខេត្ត Dak Nong ដែលបានយល់ច្បាស់អំពីពិធីសែនក្លោងទ្វារបានឲ្យដឹងថា គ្រឿងតង្វាយរួមមាន ធ្យូង១ដុំដែលរើសមកពីផ្ទះបាយដោយដៃឆ្វេងហើយរុំដោយក្រណាត់ដែលគេហៅថា Sà ôn  ដែលត្រូវបានគេចាត់ទុកថាជាព្រះ នាំសាររវាងមនុស្សជាមួយទេវតា។ នាំយកតង្វាយរបស់មនុស្សទៅថ្វាយព្រះទាំងនោះហើយទូលអង្វរសូមព្រះអម្ចាស់ប្រទានទ្រព្យសម្បត្តិហូរហៀដល់ក្រុមគ្រួសារនិងភូមិស្រុកទាំងមូល។

ពិធីសែនក្លោងទ្វារភូមិស្រុករបស់ជនជាតិ M’nong - ảnh 3ទិដ្ឋភាពនៃពិធីសែន (រូបថតៈ Baotintuc)

គ្រឿងតង្វាយទាំងនេះ នឹងត្រូវបានដាក់នៅមុខដើមនេវ ដែលតំណាងឲ្យភាពសុខ ដុមរវាងដីនិងមេឃ។ ការថ្វាយគ្រឿងតង្វាយដល់ពពួកទេវតា ដើម្បីធ្វើជាសាក្សីសម្រាប់ភាពស្មោះត្រង់របស់ប្រជាជនក្នុងភូមិ។ ជាពិសេសនៅពេលយកគ្រឿងតង្វាយទាំងនេះដាក់ពីមុខដើមនេវ អ្នកភូមិជនជាតិ M’nong ត្រូវដើរអោនលំតោន សំដៅសម្តែងឡើងវិញដំណើការធ្វើពលកម្មលើស្រែចំការផងដែរ។ ក្នុងពិធីសែន មិនអាចខ្វះបាននិមិត្តរូបសត្វរមាស ដំរីនិងសត្វខ្លាធ្វើពីឈើឡើយ។ លោកស្រី Nguyen Thi Nga បានសំណេះសំណាលថា៖ “ជនរួមជាតិ M'Nong ចង់ប្រើនិមិត្តរូបពោលខាងលើដាក់នៅមុខក្លោងទ្វារ ដើម្បីខ្មោចបីសាចនិងរោគរាតត្បាតបានឃើញរូបចម្លាក់សត្វខ្លាឬស្នែងរមាស, ភ្លុកដំរីដែលជានិមិត្តសញ្ញាកម្លាំងនោះ វានឹងភ័យខ្លាចចាកចេញទៅ មិនហ៊ានចូលក្នុងច្រកទ្វារភូមិដើម្បីរំខានដល់អ្នកភូមិឡើយ”។

ក្នុងពិធីសែន មនុស្សគ្រប់រូបដែលបានចូលរួម តែងតែស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ M’nong។  ព្រឹទ្ធាចារ្យ K’mang នៅភូមិ N’rieng ឃុំ Dak Nia ទីរួមខេត្ត Gia Nghia ខេត្ត Dak Nong ដែលជាអ្នកអនុវត្តន៍ពិធីសែនបានឲ្យដឹងថា៖ “បទសែនគឺបួងសួងទាំងអារក្សភ្នំ អារក្សជ្រោះ ហើយក្រើនរំលឹកឲ្យប្រជាជនក្នុងភូមិអំពីផ្នត់រស់នៅ ពោលគឺផ្តាំផ្ញើរទាំងអស់។ ភូមិដទៃត្រូវសាមគ្គី ហើយឃើញអ្នកណាពូកែយើងត្រាប់តាម ហើយអ្នកអាក្រក់យើងកុំតាមឲ្យសោះ”។

ពិធីសែនក្លោងទ្វារភូមិស្រុករបស់ជនជាតិ M’nong - ảnh 4 អ្នកភូមិរីករាយជាមួយពិធីបុណ្យ (រូបថតៈ Baotintuc)

បន្ទាប់ពីបានសែនក្លោងទ្វារភូមិ ព្រឹទ្ធាចារ្យភូមិនិងម្ចាស់ផ្ទះនានាក្នុងភូមិបានយកស្រាលាយជាមួយឈាមជ្រូក ហើយយកទៅផ្ទះដើម្បីសែនអារក្សដី ព្រះចង្ក្រាន អារក្សទ្វារនិងអារក្សជម្រុកស្រូវ  ក្នុងគោលបំណងកុំឲ្យទេវតាអាក្រក់អុកឡុកនិងធ្វើបាបមនុស្ស។

ក្នុងពិធីសែនកោ្លងទ្វារភូមិរបស់ជនជាតិ M’nong នៅមានពិធីប្រគល់កងដៃសុខភាព ក្នុងបំណងប្រទានពរជ័យឲ្យគ្រួសារទាំងអស់ក្នុងភូមិនិងមិត្តនៅជិតឆ្ងាយ នូវសេចក្តីសុខចម្រុងចម្រើននិងសុភមង្គល។

បញ្ចប់ពិធីបុណ្យ ចាស់ទុំក្នុងភូមិនិងយុវជន យុវនារីក្នុងភូមិរួមទាំងភ្ញៀវទេសចរបាននាំគ្នារីករាយជាមួយស្រាពាងក្នុងសម្លេងគងឃ្មោះយ៉ាងសប្បាយ។ ទស្សនីយភាពសុខសាន្តត្រាន ហាក់ដូចជាបាននាំមនុស្សគ្រប់រូបសម្របខ្លួនជាមួយព្រៃព្រឹក្សាដ៏ស្អាតត្រកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ