ពិធីអំណរស្រូវថ្មីរបស់ជនជាតិ Co Tu

(VOVWORLD) - ពិធីអំណរស្រូវថ្មី តាមភាសាជនជាតិ Co Tu ត្រូវបានហៅថា "Cha ha roo tamêê" គឺជាពិធីដ៏សំខាន់មួយក្នុងជីវភាពរស់នៅរបស់ជនជាតិ Co Tu។ ពិធីបុណ្យនេះគឺសំដៅបង្ហាញពីការដឹងគុណចំពោះធម្មជាតិនិងពពួកទេវតាដែលបានប្រទានជូនអ្នកភូមិនូវអាកាសធាតុអំណោយផល ប្រមូលផលដំណាំបានច្រើនសន្ធឹក សន្ធាប់។ ពិធីបុណ្យអំណរស្រូវថ្មីត្រូវបានជនជាតិ Co Tu រៀបចំជាប្រចាំឆ្នាំ។

ពិធីអំណរស្រូវថ្មីរបស់ជនជាតិ Co Tu - ảnh 1ទិដ្ឋភាពនៃពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Co Tu ខេត្ត Quang Nam។ (រូបថត៖ នគរបាលខេត្ត Quang Nam)

តាំងពីមុនមក ជនជាតិ Co Tu បានផ្សាភ្ជាប់ជាមួយនឹងវាលស្រែ និងដើមស្រូវ។ ដោយសារពួកគេភាគច្រើនរស់នៅក្នុងព្រៃភ្នំ បណ្ដាលឱ្យការងារធ្វើស្រែចំការជួបការលំបាកជាច្រើន ដូច្នេះជនជាតិ Co Tu ជានិច្ចកាលមានបំណងចង់បានដំណាំដុះលូតលាស់ល្អ ស្រូវពោតផ្ដល់ភោគផល ផ្ទុកពេញឃ្លាំង។ ដូច្នេះ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ហើយ គេតែងតែរៀបចំពិធីអំណរស្រូវថ្មី បញ្ចប់រដូវដំណាំមួយដើម្បីឈានចូលរដូវថ្មី។ លោក Briu Po ព្រឹទ្ធាចារ្យភូមិនៃឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖

“ខែទី១០ តាមច័ន្ទគតិ ជាពេលដែលស្រូវរដូវថ្មី ទុំពេញស្រែ។ ភូមិនីមួយៗនឹងធ្វើពិធីអំណរស្រូវថ្មីក្នុងខែទី ១០ តាមច័ន្ទគតិ មិនចាំបាច់ក្នុងថ្ងៃតែមួយនោះទេ។ ពីមុន ក្នុងមួយឆ្នាំមានរដូវស្រូវតែមួយរដូវប៉ុណ្ណោះ ដូច្នេះហើយ ជនរួមជាតិ Co Tu មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង បន្ទាប់ពីធ្វើការនឿយហត់ពេញមួយឆ្នាំ ប៉ុន្តែពេលប្រមូលផលបានល្អ ពួកគេត្រូវតែសែនពពួកទេវតា។ តាមរយៈពិធីអំណរស្រូវថ្មីនេះ ពួកគេបានបួងសួងសុំឲ្យទេវតា ព្រះទឹកព្រះដី ប្រទានពរឲ្យអាកាសធាតុអំណោលផល ប្រមូលផលស្រូវបានច្រើន ប្រមូលផលស្រូវកាន់តែយូរ កាន់តែល្អ ស្រូវផ្ទុកពេញឃ្លាំង។ អ្នកភូមិក៏បួងសួងសុំឲ្យពពួកទេវតាប្រទានពរឲ្យជៀសផុតពីជំងឺឈឺថ្កាត់ និងមានសុខភាពល្អផងដែរ”។

ដូចពិធីបុណ្យផ្សេងៗដែរ ពិធីបុណ្យអំណរស្រូវថ្មីរួមមានផ្នែកពិធីនិងផ្នែកបុណ្យ។ ដើម្បីត្រៀមរៀបចំពិធីបុណ្យ ជនរួមជាតិ Co Tu បានដំឡើងដើម neu មួយដើមនៅក្នុងភូមិ។ អ្នកភូមិទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រី មមាញឹកកិច្ចការជាច្រើន។ ក្នុងផ្នែកពិធី ពិសេសបំផុតគឺពិធីកាប់ក្របី។ យោងតាមទស្សនៈទានរបស់ជនជាតិ Co Tu ក្របីជាបសុសត្វ ដែលផ្សាភ្ជាប់នឹងជីវភាពប្រចាំថ្ងៃ ហើយក៏ជាសត្វដ៏សំខាន់ និងជាដង្វាយបូជាដល់ពពួកទេវតាក្នុងថ្ងៃសំខាន់ៗ។ បន្ទាប់ពីពិធីកាប់ក្របី កំលោះនិងក្រមុំក្នុងភូមិ បែងចែកការងាររៀបចំម្ហូបអាហារដាក់លើស្ពកសែន។ លោក Bh'ling Phat មេភូមិ Por'ning ឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖

“គេធ្វើពិធីអំណរស្រូវថ្មីក្នុងទ្រង់ទ្រាយធំ ឬតូច អាស្រ័យលើលក្ខខណ្ឌ និងសមត្ថភាពរបស់ភូមិឃុំនីមួយៗ។ ពិធីនេះត្រូវតែមានសត្វក្របី គោ ឬពពែ។ នោះជាទំនៀមទម្លាប់នៅទីនេះ។ គេដំឡើងដើម neu មួយដើមជាកន្លែងសែន។ ព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាព និងព្រឹទ្ធាចារ្យក្នុងភូមិ នឹងធ្វើជាអធិបតីក្នុងពិធីដោយតាងនាមអ្នកភូមិថ្វាយបង្គំពពួកទេវតា បួងសួងសុំព្រះទឹកព្រះដីប្រទានពរជូនរដូវអំណោយផល”។

ពិធីអំណរស្រូវថ្មីរបស់ជនជាតិ Co Tu - ảnh 2កំលោះក្រមុំជនជាតិ Co Tu ត្រៀមខ្លួនសម្រាប់ពិធីបុណ្យ។ (រូបថត៖ នគរបាលខេត្ត Quang Nam)

បញ្ចប់ផ្នែកពិធីគឺដល់ផ្នែកបុណ្យ។ មនុស្សទាំងអស់គ្នាទទួលទានអាហារ រាំរបាំ tung tung da da ដែលជារបាំប្រពៃណីរបស់ជនជាតិ Co Tu ច្រៀងចម្រៀងប្រពៃណី និងស្វាគមន៍រដូវដាំដំណាំថ្មីដោយក្ដីរីករាយ។

ការរៀបចំពិធីអំណរស្រូវថ្មីអាស្រ័យលើសមត្ថភាពរបស់ភូមិនីមួយៗ។ ប្រសិនបើឆ្នាំណាប្រមូលផលបានច្រើន ភូមិនឹងធ្វើពិធីធំ ហើយផ្ទុយទៅវិញ ប្រសិនបើផលស្រូវបានតិច ភូមិនឹងធ្វើពិធីតូចតាចប៉ុណ្ណោះ។ យ៉ាងណាមិញ ការប្រារព្ធពិធីអំណរស្រូវថ្មីនេះ ជានិច្ចកាលមានការចូលរួមពីអ្នកភូមិ ដែលបង្ហាញពីសាមគ្គីភាព និងភាពផ្សាភ្ជាប់ក្នុងសហគមន៍។ ក្នុងឱកាសនេះ អ្នកភូមិទាំងអស់ច្រៀងរាំជាមួយគ្នាយ៉ាងសប្បាយរីករាយ។ លោក Briu Po ព្រឹទ្ធាចារ្យភូមិនៃឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam បានឲ្យដឹងថា៖

“ផ្នែកបុណ្យមានការរាំរបាំ tung tung da da។ គេឆ្លាស់គ្នាវាយស្គរ និងគងឃ្មោះ ហើយស្ត្រីស្លៀកសម្លៀកបំពាក់ស្អាតបាត។ អ្នកភូមិរៀបចំល្បែងប្រជាប្រិយដូចជាល្វែងចាក់រង្វង់ អ្នកណាចាក់ចំកណ្តាលរង្វង់ដែលកំពុងបង្វិល គឺឈ្នះ។ ឬរៀបចំការប្រកួតលោតខ្ពស់ជាដើម”។

ពិធីអំណរស្រូវថ្មីបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាត ហើយបង្ហាញពីក្ដីសុបិនដ៏សាមញ្ញរបស់ជនជាតិ Co Tu។ នេះក៏ជាឱកាស ដើម្បីអ្នកភូមិ ជួបជុំគ្នាចែករំលែកក្ដីសប្បាយរីករាយក្រោយពីរយៈពេលធ្វើស្រែចំការដ៏នឿយហត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ