សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ យកចិត្តទុកដាក់ដល់សមណសិស្សនិងយុវសិស្ស

(VOVWORLD) - សាលាមធ្យមសិក្សាបាលី - ខ្មែរខេត្តត្រាវិញ ត្រូវបានបង្កើតឡើងដោយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ នៅឆ្នាំ ២០១៤។ ជាសាលាដំបូងនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ដែលបណ្តុះបណ្តាលយុវសិស្ស និងសមណសិស្សខ្មែរតាមប្រព័ន្ធពីរគឺ៖ មធ្យមសិក្សាទុតិយភូមិ និងសាលាមធ្យមសិក្សាបាលីខ្មែរនោះ សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំនៅតំបន់ជនជាតិភាគតិចក្នុងតំបន់ដីសណ្តទន្លេ Cuu Long។

សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ យកចិត្តទុកដាក់ដល់សមណសិស្សនិងយុវសិស្ស - ảnh 1សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ។ (រូបថត៖ VOV)

សាលាមធ្យមសិក្សាបាលី - ខ្មែរខេត្តត្រាវិញ ត្រូវបានសាងសង់ឡើងនៅវត្តOng Met ទីក្រុងត្រាវិញ។ សាលានេះមានផ្ទៃដី ០,៣ ហិចតា សំណង់ស្នូលៗរួមមាន៖ តំបន់បន្ទប់រៀន តំបន់ជំនួយ អន្តេវាសិកដ្ឋាន បណ្ណាល័យ ដោយមានបន្ទប់គ្រប់គ្រាន់សម្រាប់សមណសិស្សនិងយុវសិស្សជាង ១៥០ អង្គនិងរូប រស់នៅនិងសិក្សា។ បច្ចុប្បន្ននេះ សាលាមានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកចំនួន ២៤ នាក់ ក្នុងនោះ ៥ នាក់មានសញ្ញាបត្រអនុបណ្ឌិត។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួនសមណសិស្សនិងយុវសិស្សសរុបមានចំនួន ១០៥ អង្គនិងរូប។ លោកគ្រូ ឡឹម សូរ៉ន នាយករងសាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញបានឲ្យដឹងថា៖

“ការបង្កើតសាលាមធ្យមសិក្សាបាលី-ខ្មែរ គឺជាសេចក្តីប្រាថ្នាដ៏ធំបំផុតរបស់ព្រះសង្ឃនៅខេត្តត្រាវិញ។ នេះជាសាលាឯកទេសដែលត្រូវបានរដ្ឋឧបត្ថម្ភ ដូចជាសាលាអន្តេវាសិកដ្ឋានសម្រាប់ជនជាតិភាគតិចក្នុងខេត្តក៏ដូចជាទូទាំងប្រទេស។ សាលាមានកន្លែងស្នាក់នៅសម្រាប់សិស្ស ដូច្នេះសិស្សមានលក្ខខណ្ឌសិក្សាប្រសើរជាងដទៃទៀត។ សមណសិស្សនិងសិស្សានុសិស្សដែលចង់ចូលរៀនត្រូវជាប់បទដ្ឋានចំនួន ២ គឺបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ និងបញ្ចប់ថ្នាក់បាលី-ខ្មែរ។ កម្មវិធីសិក្សាតាមក្រសួងអប់រំនិងបណ្តុះបណ្តាល ហើយកម្មវិធីសិក្សាមួយចំនួនទៀតត្រូវបានអនុម័តដោយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ ចាប់តាំងពីបង្កើតមក សាលាមានវគ្គបណ្ដុះបណ្ដាលចំនួន ៦ ចំនួនសមណសិស្សនិងសិស្សនុសិស្សដែលបញ្ចប់ការសិក្សាមាន១៧៦អង្គនិងរូប។ សិស្សទាំងនេះមានកម្រិតជំនាញល្អ ក្នុងនោះសិស្ស ៧៥ នាក់ បន្ទាប់ពីរៀនចប់ពីសាលាបន្តរៀនថ្នាក់ឧត្តមសិក្សា ហើយសិស្ស ២៩ នាក់ ចូលរួមបង្រៀននៅតាមវត្ត”។

សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ យកចិត្តទុកដាក់ដល់សមណសិស្សនិងយុវសិស្ស - ảnh 2សមណសិស្សនិងយុវសិស្សក្នុងថ្នាក់រៀន។ (រូបថត៖ VOV)

សាលាមធ្យមសិក្សាបាលី - ខ្មែរខេត្តត្រាវិញ បណ្តុះបណ្តាលក្រោមទម្រង់ពិសេស រួមមានប្រព័ន្ធអប់រំបន្តបន្ទាប់ផ្នែកជំនាញភាសាបាលី អក្សរសាស្រ្តខ្មែរ និងការបង្រៀនព្រះគុម្ពីសម្រាប់សមណសិស្សនិងយុវសិស្សខ្មែរ។ ក្នុងនោះ កម្មវិធីអប់រំបន្តបន្ទាប់កម្រិតមធ្យមសិក្សាទុតិយភូមិ បង្រៀនមុខវិជ្ជាចំនួន ១០ រួមមាន៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ ប្រវត្តិវិទ្យា ភូមិសាស្ត្រ ការអប់រំពលរដ្ឋវិទ្យា ភាសាអង់គ្លេស និងព័ត៌មានវិទ្យា; កម្មវិធីជាភាសាបាលី បង្រៀនមុខវិជ្ជាចំនួន ៣ រួមមាន៖ ពុទ្ធសាសនាមូលដ្ឋាន វេយ្យាករណ៍បាលី និងការបកប្រែភាសាបាលីទៅជាភាសាខ្មែរ; កម្មវិធីជាភាសាខ្មែរបង្រៀនមុខវិជ្ជា ចំនួន ៣ រួមមាន៖ វេយ្យាករណ៍ខ្មែរ អក្សរសាស្រ្តខ្មែរ និងហាត់និពន្ធអក្សរសាស្ត្រ-កំណាព្យខ្មែរ។ លោកគ្រូ Nguyen Thanh Chi គ្រូបង្រៀនគណិតវិទ្យានៅសាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រាវិញ បានឲ្យដឹងថា៖

“សាលាមធ្យមសិក្សាបាលី-ខ្មែរ ខេត្តត្រាវិញ បច្ចុប្បន្នមានថ្នាក់ ៣ ក្រុមគឺ ថ្នាក់ទី១០, ១១, ១២។ សិស្សជាជនជាតិខ្មែរ ដែលបានរៀនចប់ថ្នាក់ទី ៩ ទូទៅហើយត្រូវចេះភាសាជនជាតិបន្ថែមទៀត។ នៅក្នុងសាលាមានប្រព័ន្ធសិក្សាចំនួន ២។ ទីមួយ ប្រព័ន្ធអប់រំបន្តបន្ទាប់ គឺដូចគ្នានឹងប្រព័ន្ធអប់រំបន្តបន្ទាប់ដទៃទៀត។ ដោយឡែកសាលានេះមានប្រព័ន្ធមួយទៀតគឺ ប្រព័ន្ធភាសាបាលី-ខ្មែរ។ ផ្នែកភាសាបាលី-ខ្មែរ ក៏ស្មើនឹងផ្នែកទូទៅដែរ។ ដូច្នេះហើយ សិស្សនៅទីនេះសិក្សាតាមកម្មវិធីចំនួន២”។

ជារៀងរាល់ ៣ ខែ ៦ខែ ឬចុងឆ្នាំ ថ្នាក់ដឹកនាំសាលាមធ្យមសិក្សាបាលី-ខ្មែរ តែងតែអញ្ជើញតំណាងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មកសាលាជម្រាបជូនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមទាំងក្នុង និងក្រៅប្រទេស ឬឃោសនាពីអត្ថន័យប្រវត្តិសាស្ត្រនៃទិវាបុណ្យធំៗរបស់ប្រទេសជាតិ។ សិស្សនៅទីនេះទទួលបានគោលនយោបាយអនុគ្រោះរបស់រដ្ឋសម្រាប់តំបន់ជនជាតិភាគតិចដែលមានការលំបាកពិសេស ហើយសិស្សពូកែទទួលបានអាហារូបករណ៍ផងដែរ។ ព្រះសង្ឃ Kim Phat Ca Di ដែលធ្លាប់បានសិក្សានៅសាលាមធ្យមសិក្សាបាលី-ខ្មែរ មានពុទ្ធដីកាថា៖

“ការបង្កើតសាលាជួយព្រះសង្ឃមានលក្ខណ្ឌដើម្បីបន្តការសិក្សា លើកកំពស់ចំណេះដឹង បង្កើតលក្ខខណ្ឌអំណោយផលក្នុងការរៀនសូត្រ ហើយអាចរៀនឡើងថ្នាក់ខ្ពស់។ បន្ទាប់ពីបញ្ចប់ការសិក្សានៅទីនេះ គេអាចរៀនថ្នាក់ឧត្តមសិក្សា សាលាជាន់ខ្ពស់ ឬខ្ពស់ជាងទៀត”។

ខេត្តត្រាវិញមានវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ១៤៣ កន្លែង ដោយមានព្រះសង្ឃប្រមាណ ៣៦០០ អង្គ សិក្សានៅតាមវត្តនានា ក្នុងនោះសាលាមធ្យមសិក្សាបាលី-ខ្មែរ ជាសាលាដែលមានសមណសិស្សច្រើនជាងគេ។ ការបង្កើតសាលាមធ្យមសិក្សាបាលី-ខ្មែរ ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយជំនាញខ្ពស់ ព្រមទាំងរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិជាជនជាតិខ្មែរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ