FED នឹងបន្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់អតិផរណា

(VOVWORLD) - នៅថ្ងៃទី ២៦ ខែសីហា នៅក្នុងសុន្ទរកថាប្រចាំឆ្នាំនៅឯសន្និសីទសេដ្ឋកិច្ចអាមេរិកនៅទីក្រុង Jacson Hole រដ្ឋ Wyoming ប្រធានធនាគារកណ្តាលអាមេរិក (FED) លោក Jerome Powell បានផ្តល់ការព្រមានយ៉ាងច្បាស់លាស់ អំពីចេតនារបស់ Fed ក្នុងការបន្តដំឡើងអត្រាការប្រាក់ជាមូលដ្ឋាន ដើម្បីទប់ស្កាត់អតិផរណា បើទោះបីជាប្រការនេះអាចធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនអាមេរិកកាន់តែលំបាក ដោយធ្វើឱ្យខឿនសេដ្ឋកិច្ចធ្លាក់ចុះ និងភាពអត់ការងារធ្វើកាន់តែអាក្រក់ទៅៗក្តី។

ការអត្ថាធិប្បាយរបស់លោក Powell បានធ្វើឱ្យមានការរញ្ជូយទីផ្សារភាគហ៊ុនញូវយ៉ក ដែលបណ្តាលឱ្យសន្ទស្សន៍សំខាន់ៗទាំងបីធ្លាក់ចុះចាប់ពី ៣% ឡើងទៅ។ មុននោះ វិនិយោគិនបានសង្ឃឹមថា លោក Powell នឹងបង្ហាញអំពីលទ្ធភាពដែល FED កាត់បន្ថយការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំនេះ ប្រសិនបើមានសញ្ញាបន្ថែមទៀតបង្ហាញថា អតិផរណាបានធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខ Fed បានឲ្យដឹងថា ពេលវេលាមិនទាន់មកដល់នោះទេ។

បច្ចុប្បន្ន អាមេរិកកំពុងប្រឈមនឹងអតិផរណាកើនឡើងខ្ពស់ ដែលបង្កឲ្យមានការលំបាកជាច្រើនដល់ប្រជាជន។ អ្នកជំនាញ Wall Street មួយចំនួនបានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកអាចនឹងចាប់ផ្តើមធ្លាក់ចូលឱនភាពសេដ្ឋកិច្ចនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដោយបង្ខំឱ្យ FED កាត់បន្ថយអត្រាការប្រាក់ជាបណ្តើរៗ។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មន្ត្រីរបស់ Fed បានច្រានចោលលទ្ធភាពនេះ ហើយបានឲ្យដឹងថា នឹងបន្តដំឡើងអត្រាការប្រាក់ដល់ប្រហែល ៣.៧៥-៤% នៅឆ្នាំក្រោយ ដើម្បីទប់ស្កាត់អតិផរណា ប៉ុន្តែនឹងមិនបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ