WHO អបអរសាទរចំពោះសមិទ្ធផលនៃវិស័យសុខាភិបាលវៀតណាម

(VOVWORLD) - លោកអគ្គនាយក WHO បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានមោទនភាពណាស់ដែលបានឃើញការផ្លាស់ប្តូរក្នុងវិស័យសុខាភិបាល និងថែទាំសុខភាពនៅវៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
WHO អបអរសាទរចំពោះសមិទ្ធផលនៃវិស័យសុខាភិបាលវៀតណាម - ảnh 1ក្រុមវះកាត់មន្ទីរពេទ្យ ១០៣

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃទី ៥ ខែតុលា បានផ្ញើវីដេអូអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខាភិបាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកអគ្គនាយក WHO បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានមោទនភាពណាស់ដែលបានឃើញការផ្លាស់ប្តូរក្នុងវិស័យសុខាភិបាល និងថែទាំសុខភាពនៅវៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ចាប់តាំងពីឆ្នាំ ១៩៤៥ មក អាយុកាលរបស់ប្រជាជនវៀតណាមបានកើនឡើងយ៉ាងច្រើន។

វៀតណាមបានកាត់បន្ថយជំងឺដែលអាចការពារបានយ៉ាងច្រើន រួមទាំងការលុបបំបាត់ជំងឺស្វិតដៃជើងក៏ដូចជាសម្រេចបានជំហានដ៏ធំធេងក្នុងការកំចាត់ជំងឺមួយចំនួនដូចជាជំងឺគ្រុនចាញ់ មេរោគអេដស៍ ជំងឺរបេង។ លោក Tedros Adhanom Ghebreyesus បានវាយតម្លៃថា៖ ការពង្រីកប្រព័ន្ធធានារ៉ាប់រងសុខាភិបាលសង្គមបានជួយវៀតណាមសម្រេចបានសមិទ្ធិផលក្នុងការថែទាំសុខភាពសម្រាប់ប្រជាជន។ នាពេលថ្មីៗនេះ វៀតណាមក៏បានបង្ហាញពីសមត្ថភាពឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះជំងឺរាតត្បាតកូវីដ ១៩ រួមទាំងការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស ក៏ដូចជាតែងតែឆ្ពោះទៅរកក្រុមមនុស្សដែលងាយរងគ្រោះបំផុតផងដែរ។

លោកអគ្គនាយក Tedros Adhanom Ghebreyesus បានអះអាងថា WHO មានមោទនភាពជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ WHO ប្តេជ្ញាបន្តរក្សាកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាដល់វៀតណាមក្នុងដំណើរនាំមកនូវសុខភាព សុវត្ថិភាព និងជីវភាពរស់នៅកាន់តែសម្បូរសប្បាយដល់ប្រជាជនវៀតណាមទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ