កិច្ចប្រជុំកំពូល G២០​ បានអនុម័តសេចក្តីថ្លែងការណ៍​រួមទីក្រុង​ New Delhi

(VOVWORLD) - មេដឹកនាំនៃក្រុមសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេ (G២០) កាលពីថ្ងៃទី ៩ ខែកញ្ញា បានអនុម័តលើសេចក្តីថ្លែងការរួមទីក្រុង New Delhi នៅថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីរបស់ឥណ្ឌា។
កិច្ចប្រជុំកំពូល G២០​ បានអនុម័តសេចក្តីថ្លែងការណ៍​រួមទីក្រុង​ New Delhi - ảnh 1ពិធីបើកសម្ពោធសម្ព័ន្ធជីវឥន្ធនៈសកល នៅរសៀលថ្ងៃទី៩ ខែកញ្ញា។ រូបថត៖ ANI

ចំណុចគួរឱ្យកត់សម្គាល់បំផុតនៃសេចក្តីថ្លែងការនេះគឺ កថាខណ្ឌទាំង ៨៣ នៃឯកសារនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយមានការយល់ព្រមពីសមាជិកទាំង ២១។ លើសពីនេះ សេចក្តីថ្លែងការណ៍ក៏ត្រូវបានគេចាត់ទុកថា មានមហិច្ឆិតាបំផុតជាមួយនឹងលទ្ធផលចំនួន ១១២ រួមទាំងលទ្ធផល និងឯកសារភ្ជាប់តាម ដែលច្រើនជាងទ្វេដងកន្លះបើធៀបនឹងកិច្ចប្រជុំកំពូលមុនៗ។

ការចេញសេចក្តីថ្លែងការណ៍រួមគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌា ដែលជាប្រធាន G២០ ឆ្នាំនេះ។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា៖ តបតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសទាំងអស់ត្រូវជៀសវាងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនដី ប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាព ឬឯករាជ្យភាពនយោបាយរបស់ប្រទេសណាមួយ។ មេដឹកនាំ G២០ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា “ការប្រើប្រាស់ឬការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានឡើយ”។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ក្រុម G២០ ប្តេជ្ញាពង្រឹង និងកែទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគី ទទួលយកសំណើសម្រាប់បទប្បញ្ញត្តិដ៏តឹងរ៉ឹងលើរូបិយប័ណ្ណគ្រីបតូ និងបានអំពាវនាវឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកាត់បន្ថយថាមពលធ្យូងថ្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ