កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣៖ អាមេរិកអះអាងពី​ការប្តេជ្ញាយូរអង្វែងជាមួយអាស៊ាន

(VOVWORLD) - នាថ្ងៃទី៦ ខែកញ្ញា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមានការប្តេជ្ញាយូរអង្វែងជាមួយតំបន់អាស៊ីអាគ្នេយ៍និងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ 
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣៖ អាមេរិកអះអាងពី​ការប្តេជ្ញាយូរអង្វែងជាមួយអាស៊ាន - ảnh 1អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់អាស៊ាន - អាមេរិកលើកទី ១១ ។ រូបថត៖ Dương Giang/TTXVN

ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អាមេរិកលើកទី ១១ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី លោកស្រី Harris បានសង្កត់ធ្ងន់ថា អាស៊ានស្ថិតនៅចំណុចកណ្តាលក្នុងការសន្យារបស់អាមេរិក ចំពោះតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ហើយបានចាត់ទុកថា ទស្សនវិស័យរបស់អាមេរិកនិងអាស៊ានអំពីតំបន់នេះមានការតភ្ជាប់យ៉ាងជិតស្និទ្ធ។ លោកស្រី Harris បានប្រកាសថា ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន អាមេរិកមានផែនការកសាងមជ្ឈមណ្ឌលអាស៊ានដំបូងគេនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងវិស័យឯកជន សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពរបស់អាស៊ាននៅអាមេរិក ក៏ដូចជាជួយជំរុញការផ្លាស់ប្តូររវាងប្រជាជន សហគ្រាស និងអង្គការនានា។

មុននោះ ក្នុងសុន្ទរកថាបើកសន្និសីទ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ ២០២៣ លោក Joko Widodo បានឲ្យដឹងថា អាស៊ានបានឯកភាពបន្តជាកម្លាំងចលករជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលក្នុងនោះមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកចាំបាច់ត្រូវក្លាយទៅជាគ្រឹះស្ថានសហប្រតិបត្តិការ។ អាស៊ានអំពាវនាវឲ្យអាមេរិកក្លាយជាប្រភពកម្លាំងសកម្ម រួមចំណែកកសាងតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពតាមរយៈកិច្ចសហប្រតិបត្តិការជាក់លាក់និងបរិយាប័ន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ