កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម - ហ្វីលីពីន

(VOVWORLD) -  ទទួលតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Lopez Locsin នាថ្ងៃទី ៦ ខែមីនាឆ្នាំ ២០១៩ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីននិងអញ្ជើញជាសហប្រធាននៃសម័យប្រជុំលើកទី ៩ គណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការរួម វៀតណាម - ហ្វីលីពីន។

កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម - ហ្វីលីពីន - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសវនាការជាមួយប្រធានាធិបតីហ្វីលីពីន (រូបថតៈ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានរីករាយដោយឃើញថា កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិនិងសន្តិសុខ បន្តត្រូវបានពង្រឹងនិងកាន់តែជាក់ស្តែងឡើង តាម រយៈការផ្លាស់ប្តូរព័ត៌មាននិងពិសោធន៍រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ក៏ដូចជារក្សាជាទៀងទាត់រាល់យន្តការ ដូចជា កិច្ចសន្ទនាគោលនយោបាយការ ពារជាតិនិងការពិគ្រោះផ្នែកយោធាជើងទឹកទ្វេភាគីផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នា អនុវត្តរាល់វិធានការ ដើម្បីពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មរបស់ប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្ម។ ជាពិសេស ជំរុញរាល់វិធានការ ដើម្បីលើកទឹកចិត្តឲ្យភ្ញៀវទេសចរនៃប្រទេសទាំងពីរចូលទីផ្សាររបស់គ្នាទៅវិញទៅមកនាពេលអនាគត។

ក្នុងជំនួបពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរ បានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី និងប្តេជ្ញាចិត្តរួមជាមួយរដ្ឋជាសមាជិកអាស៊ានដទៃទៀត ដើម្បីជំរុញសាមគ្គីភាពក្នុងអាស៊ាន បង្កើនតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ានសម្រាប់បញ្ហាសន្តិសុខនិងបញ្ហាយុទ្ធសាស្រ្តតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការធានា សន្តិភាព សន្តិសុខ សុវត្ថភាពអាកាសចរណ៍និងនាវាចរណ៍នៅក្នុងសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងរដ្ឋមន្ត្រី Teodoro Lopez Locsin បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងនិងកម្មវិធីសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន ដំណាក់កាល ២០១៩ - ២០២១។

នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសវនាការជាមួយប្រធានាធិបតីលោក Rodrigo Dutert នៅវិមានប្រធានាធិបតីហ្វីលីពីន។ នៅក្នុងជំនួបនេះ លោក Rodrigo Duterte បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមនិង វាយតម្លៃខ្ពស់ ចំពោះលទ្ធផលទទួលបានពីកិច្ចប្រជុំលើកទី ៩ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ហ្វីលីពីន ដោយចាត់ទុកថានេះគឺជាយន្តការដ៏សំខាន់បំផុតដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនិងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ