ក្នុង​​ឆ្នាំ ២០២២ ការចំណាយលើវិស័យ​ការពារជាតិ​របស់​ពិភពលោក​កើនឡើងខ្ពស់កំណត់ត្រា

(VOVWORLD) - វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) នៅថ្ងៃទី ២៣ ខែមេសាបានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិរបស់ពិភពលោកទាំងមូល បានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ក្នុងបរិបទដែលស្ថានភាពជម្លោះនៅអ៊ុយក្រែនបាននាំឱ្យមានការកើនឡើងធំបំផុតនៃការចំណាយលើវិស័យយោធាប្រចាំឆ្នាំនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។
ក្នុង​​ឆ្នាំ ២០២២ ការចំណាយលើវិស័យ​ការពារជាតិ​របស់​ពិភពលោក​កើនឡើងខ្ពស់កំណត់ត្រា - ảnh 1យន្តហោះចម្បាំង F-35 របស់ក្រុមហ៊ុន Lockheed Martin នៅពិព័រណ៍យន្តហោះអន្តរជាតិប៉ារីស ប្រទេសបារាំង។ (រូបថត៖ AFP/TTXVN)

យោងតាមទិន្នន័យរបស់ SIPRI ការចំណាយលើវិស័យយោធាពិភពលោកទាំងមូលក្នុងឆ្នាំ២០២២ បានបន្តសន្ទុះកើនឡើងរយៈពេល៨ឆ្នាំបន្តបន្ទាប់ ឡើងដល់ កម្រិត ២,២៤ ទ្រីលានដុល្លារ ស្មើនឹង ២,២% នៃផលិតផលក្នុងស្រុកសរុប GDP របស់ពិភពលោក។ សហរដ្ឋអាមេរិក ចិន រុស្ស៊ី ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត គឺជាប្រទេសឈានមុខគេនៅលើពិភពលោក  ក្នុងការចំណាយលើវិស័យយោធា។ ប្រទេសទាំងនេះស្រូបយក ៣៩% ១៣% ៣,៩% ៣,៦% និង ៣,៣% នៃការចំណាយយោធារបស់ពិភពលោក។

យោងតាមអ្នកជំនាញរបស់ SIPRI ការចំណាយលើវិស័យយោធារបស់រុស្ស៊ីត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៩,២% ដល់កម្រិត ៨៦,៤ពាន់លានដុល្លារ។ ការចំណាយលើវិស័យយោធារបស់អ៊ុយក្រែនបានកើនឡើង ៦៤០% ដែលជាការកើនឡើងប្រចាំឆ្នាំខ្ពស់បំផុតសម្រាប់ប្រទេសមួយ ចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែល SIPRI បានចាប់ផ្តើមធ្វើការស្ថិតិការចំណាយលើវិស័យការពារជាតិជាសកល។ ថវិកាការពារជាតិរបស់អ៊ុយក្រែនមានចំនួន ៤៤ពាន់លានដុល្លារ ស្មើនឹង១/៣នៃ GDP របស់អ៊ុយក្រែន ដោយមិនគិតពីជំនួយយោធាដ៏ច្រើនដែលលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ