ការនាំចេញអង្កររបស់វៀតណាមឈានដល់កម្រិតខ្ពស់បំផុតពី​មុន​មក

(VOVWORLD) - នៅឆ្នាំ២០២៣ ការនាំចេញអង្កររបស់វៀតណាមសម្រេចបាន ៨,១៣ លានតោន ដោយមានតម្លៃ ៤,៧ ពាន់លានដុល្លារអាមេរិក ជាកម្រិតខ្ពស់កំណត់ត្រាសម្រាប់ផ្នែកទំនិញស្រូវអង្កររបស់វៀតណាម។ នេះជាការស្ថិតិថ្មីបំផុតដែលអគ្គនាយកដ្ឋានគយបានប្រកាសកាលពីថ្ងៃទី ១២ ខែមករា។

បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ការនាំចេញអង្ករបានកើនឡើង ១៤,៤% អំពីបរិមាណនាំចេញ និង ៣៥,៣% អំពីតម្លៃនាំចេញ។ ប្រទេសហ្វីលីពីនគឺជាទីផ្សារនាំចូលអង្ករដ៏ធំបំផុតរបស់វៀតណាមក្នុងឆ្នាំ២០២៣ ដោយបរិមាណជាង ៣,១ លានតោន។ ប្រទេសឥណ្ឌូនេស៊ីបាននាំចូលប្រហែល ១,១៥ លានតោន; ប្រទេសចិនមានចំនួនជាង ៩០៨ ០០០ តោន ខណៈដែលប្រទេសហ្គាណានាំចូលប្រហែល ៥៧៦ ០០០ តោន។

វៀតណាមគឺជាប្រទេសផលិតអង្ករធំជាងគេទី ៥ របស់ពិភពលោក និងជាប្រទេសនាំចេញធំជាងគេទី ៣ របស់ពិភពលោក ។ បើទោះបីរងផលប៉ះពាល់ពី El Nino ក៏ដោយ ក៏មរិបាណនាំចេញរបស់វៀតណាមនៅតែកើនឡើងយ៉ាងខ្លាំង។ យោងតាមធុរកិច្ច ការនាំចេញអង្កររបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីរដ្ឋាភិបាលឥណ្ឌាបានចេញសេចក្តីបម្រាមលើការនាំចេញអង្ករnon-basmati កាលពីខែកក្កដាឆ្នាំមុន។ រហូតមកដល់ពេលនេះ ការហាមប្រាមនេះមិនទាន់ត្រូវបានដកចេញទេ ដូច្នេះការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំនេះនឹងមានសញ្ញាវិជ្ជមានជាច្រើន។ បច្ចុប្បន្ន អង្ករឥណ្ឌាស្រូបយកប្រហែល ៤០% នៃការនាំចេញអង្ករសរុបរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ