ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់​នៅ​តំបន់​ហ្គាហ្សា

(VOVWORLD) - នាយប់ថ្ងៃទី ៧ខែតុលា កងពលតូចអត្តឃាត al-Qassam នៃចលនាអ៊ីស្លាម Hamas បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលជាង ១៥០គ្រាប់ ដើម្បីវាយប្រហារលើទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធការពារដែនអាកាស "Iron Dome" របស់អ៊ីស្រាអែល បានស្ទាក់ចាប់មីស៊ីលស្ទើរតែទាំងអស់ ដែលវាយប្រហារទីក្រុងនេះ ហើយមិនទាន់មានកំណត់ត្រានៃចំនួនអ្នកស្លាប់និងរងរបួសក្នុងការវាយប្រហារនោះទេ។
ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់​នៅ​តំបន់​ហ្គាហ្សា - ảnh 1ទាហានអ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្រុង Sderot កាលពីថ្ងៃទី៧ ខែតុលា។ រូបថត៖ AFP/TTXVN

នាយប់ថ្ងៃទី ៧ខែតុលាដែរ ក្រសួងសុខាភិបាលអ៊ីស្រាអែលបានប្រកាសថា ចំនួនអ្នកស្លាប់និងរងរបួសក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃដដែលនោះ បានឡើងដល់ ២៨៥ នាក់ស្លាប់ និងប្រហែល ១.៥០០ នាក់ផ្សេងទៀតរងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល រហូតមកដល់យប់ថ្ងៃទី ៧ខែតុលា  ខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅតែគ្រប់គ្រងតំបន់តាំងទីលំនៅមួយចំនួននៅជាប់តំបន់ហ្គាហ្សា ខណៈដែលការប្រយុទ្ធគ្នាបន្តផ្ទុះឡើងនៅទីតាំងជាង ២០ ក្នុងទឹកដីអ៊ីស្រាអែល។

នៅតំបន់ហ្គាហ្សា ប្រភពសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់តាំងពីពេលព្រឹករហូតដល់យប់មិញ ដោយកងទ័ពអ៊ីស្រាអែលនៅលើទឹកដីនេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៣០ នាក់ស្លាប់ និងជាង ១.៧០០នាក់រងរបួស។ ទន្ទឹមនឹងការវាយប្រហារតាមអាកាស អាជ្ញាធរអ៊ីស្រាអែលបានបិទច្រកចូលទាំងអស់និងកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទាំងអស់ទៅកាន់តំបន់ហ្គាហ្សា។

យោងតាមអាជ្ញាធរនៃប្រទេសទាំងពីរ ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ខណៈដែលការប្រយុទ្ធគ្នារវាងភាគីទាំងពីរនៅតែបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ