ការប្រយុទ្ធគ្នានៅតំបន់​ហ្គាហ្សា៖ ចំនួនអ្នកស្លាប់ និងរង​របួសបន្តកើនឡើង

(VOVWORLD) - អាជ្ញាធរសុខាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី៨ ខែតុលា បានបញ្ជាក់ថា ពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់បានស្លាប់ និង ២,២០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំ របស់ខ្មាន់កាំភ្លើងចលនាអ៊ីស្លាមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃទី៧ ខែតុលា។

ក្នុងចំណោមអ្នករងរបួស នៅមានករណីធ្ងន់ធ្ងររាប់សិបករណី ហើយចំនួនអ្នកស្លាប់ និងរងរបួសអាចបន្តកើនឡើងដោយសារតែមនុស្សជាច្រើននៅតែបាត់ខ្លួន ខណៈដែលការប្រយុទ្ធគ្នានៅតែបន្ត។ នៅក្នុងសេចក្តីប្រកាសមួយកាលពីយប់ថ្ងៃទី ៨ តុលា តំណាងកងទ័ពអ៊ីស្រាអែលម្នាក់បានអះអាងថា ការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាសនឹងអូសបន្លាយ ហើយប៉ុន្មានថ្ងៃខាងមុខនឹងមានការលំបាកយ៉ាងខ្លាំង។

ការប្រយុទ្ធគ្នានៅតំបន់​ហ្គាហ្សា៖ ចំនួនអ្នកស្លាប់ និងរង​របួសបន្តកើនឡើង - ảnh 1ទាហានអ៊ីស្រាអែលដើរល្បាតនៅខាងក្រៅស្ថានីយប៉ូលិសមួយដែលត្រូវបំផ្លាញដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាសនៅក្រុង Sderot ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៨ ខែតុលា។ រូបថត៖ Reuters

មុននោះ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសស្ថានភាពសង្រ្គាម ហើយបានអះអាងថា ខ្លួននឹងបើកប្រតិបត្តិការយោធាបន្ថែមទៀតនៅតំបន់ហ្គាហ្សាក្នុងប៉ុន្មានថ្ងៃខាងមុខ។ នេះជាលើកដំបូងក្រោយរយៈពេលកន្លះសតវត្ស បន្ទាប់ពីសង្រ្គាមឆ្នាំ ១៩៧៣ជាមួយអេហ្ស៊ីប ដែលអ៊ីស្រាអែលបានប្រកាសស្ថានភាពសង្រ្គាមនៅទូទាំងទឹកដីរបស់ខ្លួន។

ក្នុងពេលជាមួយគ្នានោះ នៅតំបន់ហ្គាហ្សា អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា មនុស្សរាប់សិបនាក់ទៀតបានស្លាប់និងរងរបួសនៅក្នុងការវាយប្រហារតាមជើងអាកាសចាប់ពីរសៀលដល់យប់ថ្ងៃទី៨ តុលា របស់កងទ័ពអ៊ីស្រាអែល។ មុននោះ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ពីចំនួនអ្នកស្លាប់និងរងរបួសក្នុងការវាយប្រហារតាមជើងអាកាសជាបន្តបន្ទាប់ចាប់ពីព្រឹកថ្ងៃទី៧ ខែតុលា ដោយកងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមនុស្សជាង៤០០នាក់ស្លាប់ និង២៣០០នាក់រងរបួស។

នាថ្ងៃដដែលនោះ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំតំបន់ហ្គាហ្សា បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៧-និងថ្ងៃទី ៨ ខែតុលា ប្រជាជនប៉ាឡេស្ទីន ៧៣.០០០នាក់បានភៀសខ្លួននៅក្នុងសាលារៀនរបស់ទីភ្នាក់ងារនេះក្នុងតំបន់ហ្គាហ្សា។ តាមការព្យាករណ៍ ចំនួនលេខនេះនឹងបន្តកើនឡើង ហើយសមត្ថភាពទទួលរបស់សាលារៀននឹងត្រូវផ្ទុកលើសចំពុះ ប្រសិនបើការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅតែបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ