ការវាយប្រហារភេរវកម្មនៅប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់

(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែមករា ក្រុមភេរវករប្រដាប់អាវុធធុនធ្ងន់បានធ្វើការវាយប្រហារចំនួនបីលើកជាប់ៗគ្នា សំដៅទៅលើពន្ធនាគារមួយក្នុងខេត្ត Balochistan ភាគខាងលិចប្រទេសប៉ាគីស្ថាន ដោយបានបណ្តាលឲ្យបុគ្គលិកអនុវត្តច្បាប់ចំនួន៤នាក់ និងជនស៊ីវិល២នាក់បានស្លាប់។ កងកម្លាំងសន្តិសុខប៉ាគីស្ថានក៏បានកំទេចភេរវករ៩នាក់នៅក្នុងការវាយប្រហារនេះ។ 

យោងតាមព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានរបស់កងទ័ពប៉ាគីស្ថាន ISPR ក្រុមភេរវករ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារ និងបាញ់គ្រាប់រ៉ុក្កែតចំនួន ១៥គ្រាប់ ចូលទៅក្នុងតំបន់ជាប់ពន្ធនាគារ ដែលឃុំឃាំងក្រុមបះបោរ និងអ្នកទោសប្រហារជីវិតជាច្រើននាក់។ ភ្នាក់ងារអនុវត្តច្បាប់ប៉ាគីស្ថានបានអន្តរាគមន៍ កំទេច និងចាប់ខ្លួនភេរវករមួយចំនួនដែលព្យាយាមជ្រៀតចូលពន្ធនាគារ។

ក្រុមឧទ្ទាមបំបែកខ្លួន Majeed នៃ "កងទ័ពរំដោះបាឡូជីស្ថាន" (BLA) ដែលត្រូវបានប៉ាគីស្ថានដាក់នៅក្រៅរង្វង់ច្បាប់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នេះជាការវាយប្រហារភេរវកម្មដ៏សាហាវបំផុតរបស់ក្រុមឧទ្ទាមក្នុងឆ្នាំនេះ។ ការវាយប្រហារនេះត្រូវបានគេជឿថាជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដែលត្រូវបានចោទប្រកាន់របស់ប៉ាគីស្ថានទៅលើកន្លែងលាក់ខ្លួនរបស់ពួកឧទ្ទាមក្នុងប្រទេសអ៊ីរ៉ង់កាលពីដើមខែមករាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ