គណៈរដ្ឋមន្ត្រីស្រីលង្កា ស្បថចូលកាន់តំណែង​

(VOVWORLD) - នាថ្ងៃទី ២២ ខែកក្កដា នាយករដ្ឋមន្ត្រីស្រីលង្កា លោក Dinesh Gunawardena និងរដ្ឋមន្ត្រីចំនួន ១៧រូប បានធ្វើពិធីស្បថចូលកាន់តំណែងនៅចំពោះមុខប្រធានាធិបតីថ្មី លោក Ranil Wickremesinghe។ 
គណៈរដ្ឋមន្ត្រីស្រីលង្កា ស្បថចូលកាន់តំណែង​ - ảnh 1លោក Dinesh Gunawardena ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កា នៅចំពោះមុខប្រធានាធិបតីថ្មី លោក Ranil Wickremesinghe នៅទីក្រុង Colombo ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

ខុទ្ទកាល័យប្រធានាធិបតីបានឲ្យដឹងថា នៅក្នុងបញ្ជីគណៈរដ្ឋមន្រ្តីថ្មី រួមមានរដ្ឋមន្រ្តីការបរទេស លោក Ali Sabry  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងដីធ្លី លោក Harin Fernando រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសន្តិសុខស្បៀងអាហារ លោក Nalin Fernando និងរដ្ឋមន្រ្តីក្រសួងអគ្គិសនីនិងថាមពលលោក Kanchana Wijesekera ។ មុននោះ លោក Gunawardena បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយនឹងកាន់តំណែងជារដ្ឋមន្ត្រីរដ្ឋបាលសាធារណៈ មហាផ្ទៃ ក្រុមប្រឹក្សាបណ្តាខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

វិបត្តិរូបិយប័ណ្ណបរទេស រួមជាមួយជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឲ្យស្រីលង្កា ធ្លាក់ចូលក្នុងស្ថានភាពកង្វះខាតអគ្គិសនីអូសបន្លាយ និងអតិផរណាកើនឡើងខ្ពស់។ ប្រទេសដែលមានប្រជាជនចំនួន ២២ លាននាក់នេះ ក៏បានឆ្លងកាត់រយៈពេលជាច្រើនខែរងការខ្វះខាត់ស្បៀងអាហារ ឥន្ធនៈ និងឱសថ។ យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រទេសស្រីលង្កាកំពុងជំពាក់បំណុលប្រមាណ ១៤ ពាន់លានដុល្លារ ពីប្រទេសជាច្រើន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ