ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាល្លឺម៉ង់

(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Olaf Scholz។

ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាល្លឺម៉ង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV)

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh អធិការបតីអាល្លឺម៉ង់ Olaf Scholz បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា។ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Olaf Scholz។

នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពលើទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា បន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តដល់ស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)។ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មួយចំនួនទៀត។

ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាល្លឺម៉ង់ - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz (រូបថត៖ VOV)

នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកា និងអង្គការអន្តរជាតិ ជាពិសេសក្នុងការជំរុញទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ; អះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងជិតស្និទ្ធក្នុងការសម្របសម្រួល និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងក្នុងពិភពលោក។

នៅយប់ថ្ងៃទី ១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាអធិបតីតុមូលនៃធុរកិច្ចវៀតណាម និងអាល្លឺម៉ង់។ នៅក្នុងសន្និសីទនេះ សហគ្រាសនៃភាគីទាំងពីរបានចែករំលែកនូវដំណើរការអភិវឌ្ឍន៍ និងការរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ក៏ដូចជាតម្រូវការជាក់ស្តែងនៃអាជីវកម្មនីមួយៗសម្រាប់ទីផ្សារវៀតណាម និងអាល្លឺម៉ង់។

បន្ទាប់ពីសន្និសីទ លោកនាយករដ្ឋមន្ត្រី Olaf Scholz បានអញ្ជើញចូលរួមពិធីជប់លៀងជាផ្លូវការ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលស្វាគមន៍អធិការបតីអាល្លឺម៉ង់ និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ