ជម្លោះ​ហាម៉ាស - អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិអំពាវនាវឱ្យការពារកុមារ

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែវិច្ឆិកា ដែលជាថ្ងៃទី ២៦ នៃយុទ្ធនាការវាយប្រហារលើតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមជើងអាកាស និងបាញ់កាំភ្លើងធំរាប់សិបលើកទៀតទៅលើគោលដៅជាច្រើននៅទូទាំងតំបន់ហ្គាហ្សា។ ក្នុងចំណោមនោះ ការទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន Jabalia កាលពីរសៀលថ្ងៃទី ១ វិច្ឆិកា បានបណ្តាលឲ្យមនុស្សជិត ១០០នាក់ស្លាប់ និងរងរបួស។

នេះជាលើកទីពីរហើយ ត្រឹមតែរយៈពេលតិចជាង ២៤ ម៉ោងដែលជំរុំជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សារងការវាយប្រហារ បណ្តាលឲ្យជនស៊ីវិលជាច្រើននាក់បានស្លាប់និងរងរបួស។ មុននោះ ការទម្លាក់គ្រាប់បែករបស់កងទ័ពអ៊ីស្រាអែល នារសៀលថ្ងៃទី៣១ ខែតុលា ទៅលើ Jabalia បានបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសប្រមាណ ៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។

នៅក្នុងសេចក្តីប្រកាសមួយនាយប់ថ្ងៃទី ១ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា កងទ័ពរបស់ប្រទេសនេះបានបាញ់ទម្លាក់គ្រាប់បែក រ៉ុក្កែត និងកាំភ្លើងធំសរុបជាង ១០.០០០គ្រាប់ទៅលើតំបន់ហ្គាហ្សា ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការវាយលុកកាលពីថ្ងៃទី ៧ ខែតុលាមក។ លោក Gallant បានព្រមានជាថ្មីម្តងទៀតថា សង្គ្រាមនៅហ្គាហ្សានឹងកាន់តែសាហាវ ហើយអូសបន្លាយរយៈពេលយូរ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) នាថ្ងៃដដែលក៏បានបញ្ជាក់ថា ទាហានអ៊ីស្រាអែល ១៦ នាក់បានស្លាប់នៅក្នុងយុទ្ធនាការប្រយុទ្ធក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃទី ៣១ ខែតុលា និងថ្ងៃទី១ វិច្ឆិកា។

ក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតហ្ស៊កដានីប្រចាំនៅទីក្រុង Tel Aviv វិលត្រឡប់មកប្រទេសវិញ ដើម្បីប្រឆាំងនឹងការវាយប្រហារដ៏បង្ហូរឈាមរបស់កងទ័ពអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ លើសពីលើនេះ ប្រទេសកូឡុំប៊ី និងឈីលីក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល ដើម្បីតវ៉ាចំពោះសង្គ្រាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ទាក់ទងនឹងស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា គណៈកម្មការការពារសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ នាថ្ងៃទី ១ ខែវិច្ឆិការ បានអំពាវនាវឱ្យមានការការពារកុមារ ក៏ដូចជាសម្តែងនូវ "ការខឹងសម្បារចំពោះការឈឺចាប់របស់កុមារ" នៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា។ អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលកុមារបន្តត្រូវបានជាប់ខ្លួនជាចំណាប់ខ្មាំង ហើយបានអំពាវនាវឱ្យបញ្ឈប់ឥទ្ធិពលដ៏កាច សាហាវដែលកំពុងកើតមានចំពោះជីវភាពរបស់កុមារនៅមជ្ឈិមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ