ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ អេហ្ស៊ីបតម្រូវឲ្យឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាភ្លាមមួយរំពិច; ជំនួយមនុស្សធម៌បន្តត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry កាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានប្រកាសថា ទីក្រុងគែរ តម្រូវឱ្យមានបទឈប់បាញ់ជាភ្លាមមួយរំពិចដោយគ្មានលក្ខខណ្ឌនៅតំបន់ហ្គាហ្សា ក៏ដូចជាការបន្តសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។
ជម្លោះហាម៉ាស់-អ៊ីស្រាអែល៖ អេហ្ស៊ីបតម្រូវឲ្យឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាភ្លាមមួយរំពិច; ជំនួយមនុស្សធម៌បន្តត្រូវបានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា - ảnh 1ប្រជាជនជម្លៀសចេញពីផ្ទះដែលត្រូវបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅហ្គាហ្សា។ (រូបថត៖ TTXVN)

ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសលោក Shoukry ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីហ្សកដានី លោក Ayman El-Safadi និងសមភាគីអាមេរិកលោក Antony Blinken នៅរដ្ឋធានី Amman (ហ្សកដានី) បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអូឌីត កាតា និងមន្ត្រីប៉ាឡេស្ទីន ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា។

លោករដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបក៏បានព្រមានអំពីភាពចាំបាច់បន្ទាន់នៃការ ដោះស្រាយស្ថានភាពបច្ចុប្បន្ន មុនពេលជម្លោះរីករាលដាល ហើយប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពរបស់ប្រជាជនក្នុងតំបន់។ ក្នុងសន្និសីទសារព័ត៌មាននោះ លោក Shoukry បានសង្កត់ធ្ងន់ថា ដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្នស្ថិតនៅក្នុងរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ អេហ្ស៊ីបជាថ្មីម្តងទៀតបានអំពាវនាវឱ្យធ្វើសកម្មភាពយ៉ាបឆាប់រហ័សដើម្បីស្តារដំណើរការសន្តិភាព អនុលោមតាមដំណោះស្រាយរដ្ឋពីរ។

នៅថ្ងៃទី ៤ ខែវិច្ឆិកាផងដែរ អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីប (ERC) បានប្រកាសពីការផ្ទេរជំនួយមនុស្សធម៌បន្ទាន់ទី ១១ ដល់អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា តាមច្រកព្រំដែន Rafah។ ជំនួយឧបត្ថម្ភលើកនេះរួមមានរថយន្តចំនួន ៤៧ គ្រឿង ដែលដឹកអាហារ ទឹក គ្រឿងសង្គ្រោះ ថ្នាំ និងឧបករណ៍ពេទ្យ។

នៅលើបណ្តាញសង្គម X នាយកប្រតិបត្តិ ERC លោក Rami El-Nazir បានបញ្ជាក់ថា ជំនួយពីជុំវិញពិភពលោកសម្រាប់តំបន់ហ្គាហ្សាជិតអស់ហើយ។ លោក El-Nazir បានអំពាវនាវឱ្យមនុស្សទាំងអស់បន្តគាំទ្រយុទ្ធនាការរៃអង្គាសជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ