ជំរុញទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអង់គ្លេស

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមករា នៅទីស្នាក់ការសភាអង់គ្លេសនៅទីក្រុងឡុងដ៍ ប្រធានសភាជាន់ទាបអង់គ្លេស Lindsay Hoyle បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Nguyen Hoang Long។ 
ជំរុញទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអង់គ្លេស - ảnh 1ប្រធានសភាអង់គ្លេស Lindsay Hoyle ទទួលជួបឯកអគ្គរដ្ឋទូត Nguyen Hoang Long (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានសភាអង់គ្លេសបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់រដ្ឋសភា វៀត ណាមក្នុងប៉ុន្មានឆ្នាំកន្លងមក និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះវេទិកាពហុភាគី ដូចជាសហភាពសភាពិភពលោក ព្រមទាំងអះអាងថា អង់គ្លេសគាំទ្រគោលជំហររបស់វៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់ជាចម្បង។ ប្រធានសភាជាន់ទាប Lindsay Hoyle បានអះអាងនូវឆន្ទៈគាំទ្រវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងឡុងដ៍ ក្នុងការអនុវត្តសកម្មភាពលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រ នាពេលខាងមុខ រួមទាំងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈបណ្តាញសភា។

ចំណែកឯលោកឯកអគ្គរដ្ឋទូត Nguyen Hoang Long បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត ហើយមានឱកាសជាច្រើនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យប្រធានសភារូបនេះ ជួយ វៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អង់គ្លេស-វៀតណាម (UKVFTA) និងគម្រោង កម្មវិធីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើការលើកកម្ពស់សមត្ថភាពច្បាប់ អប់រំ-បណ្តុះបណ្តាល ក៏ដូចជាវិស័យដែលចក្រភពអង់គ្លេសមានប្រៀបខ្លាំងដូចជា ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ