ជាលើកដំបូងដែលតំណាងវៀតណាមឈរឈ្មោះជានាយកការិយាល័យប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក

(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom ទើបតែបានប្រកាសបញ្ជីបេក្ខជនចំនួន ០៥ រូប សម្រាប់តំណែងជានាយកការិយាល័យ WHO ប៉ាស៊ីហ្វិកខាងលិច  អាណត្តិ ២០២៤ - ២០២៩ ក្នុងនោះមានសាស្រ្តាចារ្យរង  បណ្ឌិត វេជ្ជបណ្ឌិត Tran Thi Giang Huong  មកពីវៀតណាម។ នេះជាលើកទីមួយហើយដែលវៀតណាមមានបេក្ខភាពសម្រាប់តំណែងដ៏សំខាន់នេះរបស់ WHO។

ជាលើកដំបូងដែលតំណាងវៀតណាមឈរឈ្មោះជានាយកការិយាល័យប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោក - ảnh 1សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជមណ្ឌិត Tran Thi Giang Huong  (រូបភាព៖ ក្រសួងការបរទេស)

អង្គការសុខភាពពិភពលោក (WHO) ដែលមានប្រទេសសមាជិកចំនួន ១៩៤ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ ដោយមានគោលដៅធានាសុខភាពរបស់មនុស្សជុំវិញពិភពលោក។ ក្នុងនាមជាតំបន់មួយក្នុងចំណោមតំបន់ចំនួនប្រាំមួយរបស់ WHO តំបន់ប៉ាស៊ីហ្វិកខាងលិចរួមមានប្រទេសចំនួន ៣៧ និងដែនដីដែលមានប្រជាជនជាង ១,៩ ពាន់លាននាក់។ ការិយាល័យតំបន់ប៉ាស៊ីហ្វិកខាងលិច មានទីស្នាក់ការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Tran Thi Giang Huong គឺជាអ្នកជំនាញផ្នែកសុខភាពសាធារណៈ និងសុខភាពពិភពលោក ដែលមានបទពិសោធន៍ការងារជាង ៣២ឆ្នាំ កាន់មុខតំណែងសំខាន់ៗជាច្រើនក្នុងវិស័យសុខាភិបាល។ ចាប់ពីខែកក្កដាឆ្នាំ២០១៩ដល់បច្ចុប្បន្នលោកស្រី Tran Thi Giang Huong បានធ្វើជានាយកកម្មវិធីត្រួតពិនិត្យជំងឺនៃការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ ក្នុងតួនាទីនេះ លោកស្រី Tran Thi Giang Huong បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺ COVID-19 ក្នុងតំបន់; ការពារ និងទប់ស្កាត់ជំងឺឆ្លង; ធ្វើអោយប្រសើរឡើងនូវសុខភាពផ្លូវចិត្ត; លុបបំបាត់ជំងឺគ្រុនចាញ់ក្នុងមហាអនុតំបន់មេគង្គ; អនុវត្តកម្មវិធីចាក់ថ្នាំបង្ការ និងកម្មវិធីសុខភាពសាធារណៈជាច្រើនទៀត។

យោងតាមបទប្បញ្ញត្តិរបស់អង្គការសុខភាពពិភពលោក បេក្ខជននឹងឆ្លងកាត់ការពិគ្រោះយោបល់ជាមួយរដ្ឋសមាជិក ហើយបន្ទាប់មកបោះឆ្នោតសម្ងាត់ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៧៤ នៃគណៈកម្មាធិការតំបន់របស់អង្គការសុខភាពពិភពលោកសម្រាប់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-២០ ខែតុលា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ