ណាតូចាប់ផ្តើមសមយុទ្ធនៅអឺរ៉ុបខាងជើង

(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នាថ្ងៃទី៤ ខែមីនា បានប្រកាស ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅអឺរ៉ុបខាងជើងរបស់សម្ព័ន្ធភាពយោធានេះ ដើម្បីទប់ទល់នឹងស្ថានភាពតានតឹងក្នុងទ្វីបអឺរ៉ុប ខណៈដែលជម្លោះនៅអ៊ុយក្រែនបានឈានចូលឆ្នាំទីបីហើយ។

យោងតាមសេចក្តីប្រកាសខាងលើ សមយុទ្ធនេះមានទាហានជាង ២ម៉ឺននាក់ មកពីប្រទេសសមាជិកណាតូចំនួន១៣។ សមយុទ្ធដឹកនាំដោយប្រទេសន័រវេសមានឈ្មោះថា "Nordic Response ២០២៤" គូសសញ្ញាការចូលរួមដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសហ្វាំងឡង់នៅក្នុងសមយុទ្ធយោធានៅបរទេស ដោយមានទាហានហ្វាំងឡង់ជាង ៤.០០០នាក់ចូលរួម។ កាយវិការនេះបានកើតឡើងបន្ទាប់ពីការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់ហ្វាំងឡង់ ក្នុងការចូលជាសមាជិកណាតូកាលពីខែមេសាឆ្នាំ២០២៣។

ណាតូចាប់ផ្តើមសមយុទ្ធនៅអឺរ៉ុបខាងជើង - ảnh 1ទាហានហ្វាំងឡង់ធ្វើការហ្វឹកហាត់ក្នុងអាកាសធាតុរដូវរងាក្នុងខែមីនា ឆ្នាំ ២០២២។ រូបថត៖ saudigazette.com.sa

ក្នុងពេលជាមួយគ្នានោះ នាថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងថា ទីក្រុងម៉ូស្គូកំពុងតាមដានសមយុទ្ធនេះ ដែលទីក្រុងម៉ូស្គូចាត់ទុកថាជាការបង្ករឿងហេតុ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានឲ្យដឹងថា រាល់សមយុទ្ធណាមួយ ជាពិសេសសមយុទ្ធនៅជិតបណ្តាញទំនាក់ទំនង សុទ្ធតែ "បង្កើនហានិភ័យនៃឧប្បត្តិហេតុយោធា" ។ អនុរដ្ឋមន្ត្រី Grushko បានកត់សម្គាល់ថា ទីក្រុងម៉ូស្គូបានចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសមត្ថភាពការពារជាតិរបស់រុស្ស៊ីក្នុងបរិបទនាបច្ចុប្បន្ន។

សមយុទ្ធយោធាលើអាកាស លើគោក និងលើសមុទ្ររបស់អង្គការណាតូនេះ នឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៤ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ