ណាតូ​បាន​ប្រកាស ​បន្តផ្តល់ជំនួយសព្វាវុធដល់អ៊ុយក្រែន

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសណាតូបានជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ហើយបានសម្រេចចិត្ត បន្តផ្តល់ជំនួយសព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែន បើទោះបីជាមានការព្រមានកាន់តែខ្លាំងឡើងថា ដល់ពេលហើយ សម្រាប់បណ្តាប្រទេសក្នុងការស្វែងរកដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្គ្រាម។
ណាតូ​បាន​ប្រកាស ​បន្តផ្តល់ជំនួយសព្វាវុធដល់អ៊ុយក្រែន - ảnh 1ទាហានអ៊ុយក្រែនបានផ្ទុកកាំជ្រួចប្រឆាំងរថក្រោះ ដែលជាជំនួយរបស់លោកខាងលិចក្នុងខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AP)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) នារសៀលថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុងប្រ៊ុចសែល អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា៖ បណ្តាប្រទេសណាតូបានយល់ព្រម បន្តផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន រួមទាំងអាវុធធុនធ្ងន់និងប្រព័ន្ធវាយប្រហាររយៈចម្ងាយឆ្ងាយ ហើយកញ្ចប់ជំនួយជាក់លាក់នឹងត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ នៅចុងខែមិថុនានេះ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

នៅពេលដែលណាតូមិនទាន់ប្រកាសអំពីប្រភេទសព្វាវុធជាក់លាក់ដែលនឹងត្រូវផ្តល់ជំនួយដល់អ៊ុយក្រែននោះ នារសៀលថ្ងៃទី ១៥ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា អាមេរិកនឹងបន្តផ្តល់កញ្ចប់បរិក្ខាយោធាមានតម្លៃ ១ ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលរួមមានប្រភេទកាំភ្លើងធំរយៈចម្ងាយមធ្យមជាច្រើន ក៏ដូចជាកាំជ្រួចប្រឆាំងនាវាផងដែរ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលបានផ្តល់ជំនួយយោធាច្រើនជាងគេបំផុតដល់ប្រទេសអ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ