ទឹកជំនន់នៅលីប៊ី៖ បើកការស៊ើបអង្កេតស្វែងរកមូលហេតុបណ្តាលការបាក់ទំនប់; មនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន

(VOVWORLD) - នាយប់ថ្ងៃទី ១៥ ខែកញ្ញា អគ្គមេធាវីរបស់លីប៊ី លោក Sadeq Assour បានប្រកាសថា លោកបានបង្កើតគណកម្មាធិការស៊ើបអង្កេតមួយ ដែលមានសមាជិកចំនួន ២៦ នាក់ មកពីស្ថាប័នជាច្រើន ដើម្បីស្វែងរកមូលហេតុនៃការបាក់ទំនប់វារីអគ្គិសនីទាំងពីរ ដែលនាំឲ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលបានកើតឡើងនាពេលថ្មីៗនេះ នៅទីក្រុង Derna ភាគខាងកើតនៃប្រទេស។ 

ការស៊ើបអង្កេតនឹងផ្តោតលើតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះ។ ការស្វែងរក និងបញ្ជាក់ពីមូលហេតុបណ្តាលការស្លាប់ មានគោលបំណងការពារសិទ្ធិជនរងគ្រោះ ក្នុងពេលជាមួយគ្នាកំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវ និងឈានដល់ការសន្និដ្ឋានថា តើឧក្រិដ្ឋកម្មបានកើតឡើងឬក៏អត់។

កាលពីម្សិលមិញផងដែរ ទីភ្នាក់ងារសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅមានមនុស្សរាប់ពាន់នាក់បាត់ខ្លួន។ ក្រុមអ្នកជួយសង្គ្រោះនៅតែបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់។ ក្រៅពីកម្លាំងសង្គ្រោះក្នុងស្រុក បច្ចុប្បន្ននេះមានក្រុមជួយសង្គ្រោះអន្តរជាតិប្រមាណ ១០ ក្រុម មកពីមជ្ឈិមបូព៌ា អាហ្រ្វិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានចូលរួមផងដែរ។

យោងតាមអង្គការសហប្រជាជាតិ ទឹកជំនន់កើតមានឡើងកាលពីថ្ងៃទី ១១ ខែកញ្ញា នៅភាគខាងកើតប្រទេសលីប៊ីបណ្តាលឲ្យមនុស្សជិត ៩០០.០០នាក់ រងផលប៉ះពាល់   ហើយការខូចខាតសម្ភារៈមានចំនួនច្រើនមិនអាចគណនាបាន។ ទន្ទឹមនឹងនោះ អ្នកវិភាគជាច្រើនបាននិយាយថា ដំណើរការនៃការស្តារ និងកសាងទីក្រុង Derna ឡើងវិញ ទាមទារថវិការហូតដល់រាប់ពាន់លានដុល្លារ អូសបន្លាយរយៈពេលជាច្រើនឆ្នាំដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ