ទំនាក់ទំនងកូរ៉េខាង​ត្បូង-ជប៉ុន​សន្យាការចាប់ផ្តើមថ្មី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃទី ៧ ខែឧសភា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានបើកកិច្ចប្រជុំកំពូលមួយ។
ទំនាក់ទំនងកូរ៉េខាង​ត្បូង-ជប៉ុន​សន្យាការចាប់ផ្តើមថ្មី - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida  និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ក្នុងកិច្ចសន្ទនានៅទីក្រុងសេអ៊ូល។ រូបថត៖ Yonhap//TTXVN

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចប្រជុំនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងថា នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានឯកភាពថា កូរ៉េខាងត្បូងនិងជប៉ុនត្រូវសហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀតនៅក្នុងរបៀបវារៈស្តីពីសន្តិសុខ សេដ្ឋកិច្ច និងបញ្ហាពិភពលោកនានា។ មេដឹកនាំទាំងពីរបានអះអាងថា ការកែលម្អទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុននឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ហើយបានយល់ព្រមក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយនាពេលអនាគត។

ទាក់ទងនឹងបញ្ហាមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង មេដឹកនាំទាំងពីរបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកូរ៉េខាងត្បូង និងជប៉ុន និងត្រីភាគីកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបានសន្យាពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៧និងថ្ងៃទី៨ខែឧសភា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជប៉ុនទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេល ១២ ឆ្នាំកន្លងទៅ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ