ធុរកិច្ច​វៀតណាមស្វែងរកដំណោះស្រាយដើម្បីទប់ទល់នឹងភាពតានតឹងនៅសមុទ្រ​ក្រហម

(VOVWORLD) - កាលពីថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរៀបចំសន្និសីទពិភាក្សាអំពីដំណោះស្រាយជំនះលើការលំបាកសម្រាប់ធុរកិច្ចនាំចេញ-នាំចូលរបស់វៀតណាមក្នុងបរិបទនៃភាពតានតឹងអូសបន្លាយនៅសមុទ្រក្រហម ដែលជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពពាណិជ្ជកម្មរបស់វៀតណាម។

ក្នុងសន្និសីទនេះ តំណាងក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ តម្លៃនាំចូល-នាំចេញទំនិញសរុបរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប (EU) និងអាមេរិក មានចំនួនជាង ១៩៣ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៨,៤% នៃតម្លៃនាំចូល-នាំចេញសរុបរបស់វៀតណាម។ ដូច្នេះហើយ ភាពតានតឹងនៅសមុទ្រក្រហម ដែលជាផ្លូវសមុទ្រដ៏សំខាន់តភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងអាមេរិកខាងជើង បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពនាំចូលនិងនាំចេញរបស់វៀតណាម ជាពិសេសថ្លៃដឹកជញ្ជូនបានកើនឡើងយ៉ាងខ្លាំង។ លោកស្រី Do Thi Thuong តំណាងនាយកដ្ឋាននាវាចរណ៍វៀតណាមបានមានប្រសាសន៍ថា៖         “ថ្លៃដឹកជញ្ជូនពីវៀតណាមទៅអឺរ៉ុប បានកើនឡើងប្រហែល ១២០% ពោលគឺច្រើនជាងទ្វេដង ខណៈដែលថ្លៃដឹកជញ្ជូនទៅកាន់ទ្វីបអាមេរិក ទោះបីជាមិនរងផលប៉ះពាល់ដោយផ្ទាល់ពីស្ថានភាពសមុទ្រក្រហមក៏ដោយ ក៏បានកើនឡើងពី ៣០%-៤០%ដែរ”។

ធុរកិច្ច​វៀតណាមស្វែងរកដំណោះស្រាយដើម្បីទប់ទល់នឹងភាពតានតឹងនៅសមុទ្រ​ក្រហម - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VOV

យោងតាមតំណាងនាយកដ្ឋាននាំចេញ-នាំចូល ក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា ជាមួយនឹងថ្លៃដឹកជញ្ជូនកើនឡើង ការពន្យាពេលដឹកជញ្ជូនទៅកាន់កំពង់ផែក្នុងរយៈពេល ១-២ សប្តាហ៍ក៏បណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមរបស់អ្នកផលិតរងការអាក់ខាន ផលិតកម្មត្រូវបានអូសបន្លាយពេល ដែលប៉ះពាល់ដល់គុណភាពផលិតផលកសិកម្មនាំចេញជាច្រើនមុខ។ ដើម្បីទប់ទល់នឹងការលំបាកនាពេលនេះ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហពាណិជ្ជកម្មបានស្នើថា៖ “ចំពោះសមាគមធុរកិច្ចឡូជីស្ទីក និងម្ចាស់កប៉ាល់ ក៏ដូចជាសមាគមនានាក្នុងវិស័យឡូជីស្ទីក គួរតែបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាព និងសម្របសម្រួលជាមួយធុរកិច្ច ម្ចាស់កប៉ាល់ ក៏ដូចជាភ្នាក់ងារគ្រប់គ្រងរដ្ឋរបស់វៀតណាម ដើម្បីជួយសម្រួលដល់ធុរកិច្ច ឲ្យមានលក្ខខណ្ឌអំណោយផលបំផុតក្នុងការធានាសកម្មភាពនាំចូល និងនាំចេញពាណិជ្ជកម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ