បើកកិច្ចប្រជុំកំពូលណាតូ

(VOVWORLD) - ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១១ ខែកក្កដា ថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកណាតូបានចេញសេចក្តីប្រកាសស្តីពីអនាគតការដែលអ៊ុយក្រែនចូលជាសមាជិកណាតូ។
បើកកិច្ចប្រជុំកំពូលណាតូ - ảnh 1បើកកិច្ចប្រជុំកំពូលណាតូ (រូបថត៖ VNA)

កិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបើកកាលពីម្សិលមិញនៅរដ្ឋធានី Vilnius ប្រទេស Litva។ ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកក្កដា ថ្នាក់ដឹកនាំណាតូបានផ្ដល់អាទិភាពដោះស្រាយបញ្ហាប្រឈមដូចជា៖ ផែនការដាក់បញ្ជូលស៊ុយអែតជាសមាជិក ផែនទីបង្ហាញផ្លូវដាក់បញ្ជូលអ៊ុយក្រែនជាសមាជិក និងវឌ្ឍនភាពបង្កើនកងទ័ពប្រចាំការនៅតំបន់ចំហៀងខាងកើត។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១១ ខែកក្កដា ថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកណាតូបានចេញសេចក្តីប្រកាសស្តីពីអនាគតការដែលអ៊ុយក្រែនចូលជាសមាជិកណាតូ។ យោងតាមសេចក្ដីប្រកាស ថ្នាក់ដឹកនាំណាតូបានឯកភាពគ្នាចំពោះកញ្ចប់វិធានការដែលមានកត្តាចំនួន ៣ ជួយអ៊ុយក្រែនចូលជាសមាជិកណាតូរួមមាន៖ កម្មវិធីជួយឧបត្ថម្ភថ្មីក្នុងរយៈពេលច្រើនឆ្នាំ សំដៅបង្កលក្ខណៈងាយស្រួលដល់ដំណើការផ្លាស់ប្តូររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនទៅជាស្តង់ដាររបស់ណាតូ ជួយកសាងវិស័យសន្តិសុខ ការពារជាតិរបស់អ៊ុយក្រែនឡើងវិញ ឆ្លើយតបនឹងតម្រូវការដ៏សំខាន់ៗដូចជាប្រេងឥន្ធនៈ បរិក្ខារដោះមីន និងសំភារៈសុខាភិបាល។  ថ្នាក់ដឹកនាំណាតូក៏បានយល់ព្រមបង្កើតក្រុមប្រឹក្សាណាតូ-អ៊ុយក្រែនថ្មីក្នុងថ្ងៃនេះ។ អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា នេះគឺជាកញ្ចប់វិធានការដ៏រឹងមាំសម្រាប់អ៊ុយក្រែន ហើយជាមាគ៌ាច្បាស់លាស់ឆ្ពោះទៅរកសមាជិកភាពរបស់ទីក្រុងគៀវក្នុងណាតូ។

ក្នុងកិច្ចប្រជុំដើមដំបូងកាលពីថ្ងៃទី ១១ ខែកក្កដាថ្នាក់ដឹកនាំណាតូបានអនុម័តលើផែនការស្វ័យការពារដ៏ទូលំទូលាយបំផុតចាប់តាំងពីពេលបញ្ចប់សង្គ្រាមត្រជាក់ ដើម្បីទប់ស្កាត់ និងការពារលើគ្រប់វិស័យពីលំហអ៊ីនធឺណែត ផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ