បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយបណ្តាប្រទេសអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ឧសភា នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបដាច់ដោយឡែកជាមួយព្រះមហាក្សត្រនៃប្រ៊ុយណេ ដារូសាឡឹម Sultan Haji Hassanal Bolkiah; នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong, នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយបណ្តាប្រទេសអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយព្រះមហាក្សត្រនៃប្រ៊ុយណេ ដារូសាឡឹម Sultan Haji Hassanal Bolkiah។ (រូបថត៖ baochinhphu.vn)

នៅក្នុងជំនួបជាមួយព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម មេដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ បង្កើតនូវមូលដ្ឋានសម្រាប់ការអនុវត្តកម្មវិធីសកម្មភាព អនុវត្តភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេ ដំណាក់កាល ២០២៣-២០២៧។ ភាគីទាំងពីរក៏បានឯកភាពជំរុញកំណើនពាណិជ្ជកម្មតាមវិធីចម្រុះ និងមានតុល្យភាព ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដោយផ្តោតសំខាន់ចំនួន៤ រួមមានកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន គីមី ផលិតផល និងសេវាកម្មហាឡាល់ ទេសចរណ៍ រួមទាំងការផ្លាស់ប្តូរប្រជាជន។ ព្រះមហាសក្សត្រ Haji Hassanal Bolkiah ចាត់ទុកថា ប្រទេសទាំងពីរនៅ មានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម នេសាទ ថាមពល ការអប់រំបណ្តុះបណ្តាល និងការពារជាតិ។

បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយបណ្តាប្រទេសអាស៊ាន - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ (រូបថត៖ baochinhphu.vn)

ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី Pham Minh Chinh និងសមភាគីសិង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបង្កើនការយោគយល់ និងជឿទុកចិត្ត តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ បង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃសេដ្ឋកិច្ចឌីជីថល - ភាពជាដៃគូសេដ្ឋកិច្ចបៃតង (ទើបបង្កើតថ្មី); អនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល (កុម្ភៈ ២០២២) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកំណើនថ្មី...។ ឆ្នាំនេះគឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ (២០១៣-២០២៣) លោកនាយករដ្ឋមន្ត្រី Lee Hsien Loong នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកទីពីរនៅពាក់កណ្តាលចុងឆ្នាំនេះ។

បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយបណ្តាប្រទេសអាស៊ាន - ảnh 3នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ (រូបថត៖ VGP/Nhật Bắc)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការ ជំរុញការតភ្ជាប់សេដ្ឋកិច្ច សមាហរណកម្មប្រកបដោយប្រសិទ្ធភាព និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាចិត្តលុបបំបាត់ឧបសគ្គ និងជំរុញការអនុវត្តគម្រោងសំខាន់ៗ ក៏ដូចជា កែលម្អបរិយាកាសវិនិយោគ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្តល់ឱ្យឡាវនូវការគាំទ្រខ្ពស់បំផុតដើម្បីសម្រាប់ការបំពេញតំណែងជាប្រធានអាស៊ានដោយជោគជ័យនៅឆ្នាំ ២០២៤។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបណ្តាថ្នាក់ដឹកនាំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសាមគ្គីភាព និងលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន; យល់ព្រមគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់អង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ