បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវកាត់បន្ថយថវិការដ្ឋ​ជាង ២២០ ពាន់លានដុល្លារ ដោយសារតែបន្ទុកនៃបំណុលសាធារណៈ

(VOVWORLD) - ក្នុងរបាយការណ៍ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី ៩ ខែតុលា មុនពេលប្រព្រឹត្តិទៅសន្និសីទប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក (WB) នៅប្រទេសម៉ារ៉ុក អង្គការ Oxfam បានឲ្យដឹងថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ មានហានិភ័យត្រូវកាត់បន្ថយថវិការដ្ឋជាង ២២០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសារតែបន្ទុកនៃបំណុលសាធារណៈកាន់តែធ្ងន់ធ្ងរ។



របាយការណ៍របស់ Oxfam ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងអយុត្តិធម៌ បានឲ្យដឹងថា ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវកាត់បន្ថយថវិការដ្ឋ មានប្រទេសស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក និងប្រទេសមួយចំនួនស្ថិតនៅលើមាត់ជ្រោះនៃភាពក្ស័យធន ដោយសារបំណុលសាធារណៈកាន់តែធ្ងន់ធ្ងរ។

បណ្តា​ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវកាត់បន្ថយថវិការដ្ឋ​ជាង ២២០ ពាន់លានដុល្លារ ដោយសារតែបន្ទុកនៃបំណុលសាធារណៈ - ảnh 1ប្រជាជនហ្ស៊ីមបាវ៉េ ប្រមូលគ្រាប់ធញ្ញជាតិដែលធ្លាក់ពីឡានដឹកទំនិញតាមដងផ្លូវ។ រូបថត៖ AFP

Oxfam បានប៉ាន់ប្រមាណថា ជាមួយនឹងលក្ខខណ្ឌផ្តល់កម្ចីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចបច្ចុប្បន្ន ប្រទេសមានចំណូលមធ្យមនិងទាបត្រូវបង់ការប្រាក់ជិត ៥០០លានដុល្លារក្នុងមួយថ្ងៃ រហូតដល់ឆ្នាំ ២០២៩។ ការស្រាវជ្រាវកាលពីខែមីនារបស់ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch ក៏បង្ហាញផងដែរថា ដោយសារតែបន្ទុកនៃបំណុលសាធារណៈ ចាប់ពីឆ្នាំ ២០២០រហូតមកដល់ពេលនេះ មានការក្ស័យធនចំនួន ១៤ នៅក្នុងប្រទេសចំនួន ៩។

នៅក្នុងកិច្ចប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដែលបានប្រព្រឹត្តិទៅកាលពីចុងខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មេដឹកនាំនៃប្រទេសជាច្រើនក៏បានរិះគន់ IMF និងធនាគារពិភពលោក។ យោងតាមប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez វិធីសាស្រ្តអភិបាលកិច្ចនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងពីរនេះបានរុញឲ្យប្រទេសមួយចំនួនធ្លាក់ចូលទៅក្នុងស្ថានភាពបំណុលដែលមិនអាចទប់ទល់។

“ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបច្ចុប្បន្នមិនបង្ហាញពីចេតនាសម្របខ្លួនទៅនឹងពិភពលោកកំពុងស្វែងរកយុត្តិធម៌ដែលបាត់បង់នោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែស្វែងរកការដាក់ចេញនូវគោលការណ៍ស្រដៀងគ្នា ដែលធ្វើឲ្យស៊ីជម្រៅថែមទៀតស្ថានភាពក្រីក្រនិងអយុត្តិធម៌នៅលើពិភពលោក។ រចនាសម្ព័ន្ធហិរញ្ញវត្ថុពិភពលោកនាបច្ចុប្បន្ន ត្រឹមតែប្រមូលផ្តុំទ្រព្យសម្បត្តិទៅក្នុងដៃរបស់មនុស្សមួយចំនួនតូចតែប៉ុណ្ណោះ”។

អង្គការ Oxfam និងអង្គការអន្តរជាតិជាច្រើនបានឲ្យដឹងថា បើគ្មានការលើកលែងបំណុល ឬកាត់បន្ថយបំណុលទេ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នឹងធ្លាក់ចូលក្នុងវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរ ពីព្រោះនៅប្រទេសមួយចំនួន ការសងបំណុលគឺខ្ពស់ជាងជិត៤ដង បើធៀបនឹងការចំណាយលើសុខភាព ឬការអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ