បម្រែបម្រួលអាកាសធាតុ៖ បណ្តាប្រទេស EU អំពាវនាវឱ្យមានសកម្មភាពខ្លាំងជាងមុន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព

(VOVWORLD) - សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវចាត់វិធានការឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលការប្រែប្រួលអាកាសធាតុបង្កឡើង លើសុខភាពមនុស្ស។ នេះជាអនុសាសន៍របស់ប្រទេសចំនួន២០ក្នុងចំណោមសមាជិកសហភាពអឺរ៉ុបទាំង២៧ដែលបានដាក់ចេញនាថ្ងៃទី ២០ វិច្ឆិកា។ 

នៅក្នុងរបាយការណ៍រួម បណ្តាប្រទេសបានជំរុញឱ្យ EU ពង្រឹងការត្រួតពិនិត្យការគំរាមកំហែងដែលអាកាសធាតុធ្ងន់ធ្ងរបង្ករផលប៉ះពាល់ដល់សុខភាពប្រជាជន និងប្រព័ន្ធថែទាំសុខភាព ដូច្នេះបណ្តាប្រទេសនានាអាចត្រៀមខ្លួនដើម្បីឆ្លើយតប។ អាស្រ័យហេតុនេះ សហភាពអឺរ៉ុបត្រូវគូសបញ្ជាក់អំពីផែនការដោះស្រាយជាមួយនឹងជំងឺឆ្លងពីសត្វនិងជំងឺដែលបង្កឡើងដោយវ៉ិចទ័រដែលងាយរងគ្រោះពីអាកាសធាតុ ព្រមទាំងពង្រឹងប្រព័ន្ធព្រមាន និងឆ្លើយតបទាន់ពេល ប្រសិនបើរកឃើញមេរោគ។

តាមគម្រោង រដ្ឋមន្ត្រីសុខាភិបាលសហភាពអឺរ៉ុបនឹងពិភាក្សាអំពីឯកសារនេះនៅក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយ។ បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងធ្វើសេចក្តីព្រាងការវាយតម្លៃដំបូងរបស់ខ្លួនអំពីហានិភ័យអាកាសធាតុ ហើយនឹងបោះពុម្ពនៅដើមឆ្នាំក្រោយ។ ការវាយតម្លៃនេះត្រូវបានរំពឹងថានឹងជាមូលដ្ឋានសម្រាប់គោលនយោបាយរបស់សហភាពអឺរ៉ុបនាពេលអនាគតដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ រួមទាំងរលកកំដៅ និងភ្លើងឆេះព្រៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ