ប្រធានាធិបតីរុស្ស៊ីបានប្រកាស ដាក់បញ្ចូលតំបន់ដែនដីចំនួន ៤របស់​អ៊ុយក្រែន​ ទៅក្នុង​ទឹក​ដី​​រុស្ស៊ី ជា​ផ្លូវ​ការ​

(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការដាក់បញ្ចូលតំបន់ដែនដីចំនួន ៤ របស់អ៊ុយក្រែន ទៅជាផ្នែកមួយរបស់រុស្ស៊ី។ 
ប្រធានាធិបតីរុស្ស៊ីបានប្រកាស ដាក់បញ្ចូលតំបន់ដែនដីចំនួន ៤របស់​អ៊ុយក្រែន​ ទៅក្នុង​ទឹក​ដី​​រុស្ស៊ី ជា​ផ្លូវ​ការ​ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងមតិក្នុងពិធីនេះ ថ្ងៃទី៣០ ខែកញ្ញា។ (រូបថត៖ Reuters)

តំបន់ដែនដីទាំង ៤ ដែលរុស្ស៊ីបានដាក់បញ្ចូល រួមមាន Kherson, Zaporizhzhia នៅភាគខាងត្បូង និង Donetsk, Lugansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Putin បានសង្កត់ធ្ងន់ថា នេះគឺជាបំណងប្រាថ្នារបស់ប្រជាជនរាប់លាននាក់នៃតំបន់ទាំងនេះ ហើយពួកគេបានធ្វើការសម្រេចនៅក្នុងការធ្វើប្រជាមតិ ដែលបានបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ។ នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក V.Putin ក៏បានអំពាវនាវឲ្យអ៊ុយក្រែនបញ្ឈប់សកម្មភាពយោធា និងវិលត្រឡប់មកតុចរចាវិញ។ តំណាងរដ្ឋអំណាចនៃតំបន់ដែនដីទាំង៤នេះ បានមានវត្តមាននៅរុស្ស៊ី និងសម្រេចបែបបទដាក់បញ្ចូល ស្របតាមផែនការ។

មានប្រតិកម្មទៅនឹងសេចក្តីសម្រេចដាក់បញ្ចូលរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenski បានព្រមានថានឹងបន្តប្រយុទ្ធដើម្បីដណ្តើមយកដែនដីឡើងវិញ ហើយនឹងបង្ខំឱ្យរុស្ស៊ីទទួលរងផលវិបាកធ្ងន់ធ្ងរបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅក្នុងសេចក្តីថ្លែងការណ៍មួយបានចាត់ទុកថា រុស្ស៊ីមិនគួរដាក់បញ្ចូលតំបន់ដែនដីទាំងបួននេះទេ ហើយលោកចាត់ទុកថានេះគឺជាជំហាន"ឡើងជណ្ដើរដ៏គ្រោះថ្នាក់"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ